សហរដ្ឋអាមេរិកបន្ដ​ដុត​បញ្ឆេះ​កំហឹង​ចិន

ព័ត៌មានអន្តរជាតិ
0
90
រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅ​ទីបំផុត សភា​សហរដ្ឋអាមេរិក បានអនុម័ត​ការលក់​គ្រឿង​យុទ្ធភណ្ឌ​ទំនើបៗ មានតម្លៃ ១,១​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​តៃវ៉ាន់ សម្រាប់​ត្រៀមខ្លួន ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ចិន ជាយថាហេតុ​។​

​សារព័ត៌មាន Canada Today បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៣ ខែកញ្ញា ថា នៅ​ទីបំផុត សភា​សហរដ្ឋអាមេរិក បានអនុម័ត​នូវ​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន សុំ​លក់​គ្រឿងយុទ្ធោបករណ៍​ទំនើបៗ មានតម្លៃ ១,១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏​មិន​ខុសពី​ការអុជ​បញ្ឆេះ​កំហឹង​របស់​ចិន ចំពេល​ស្ថានការណ៍​កំពុងតែ​តានតឹង​ស្រាប់ ជាមួយនឹង​ក្រុង​ប៉េកាំង​។​


​ការគំរាមកំហែង​ពី​ចិន បាន និង កំពុងតែ​កើនឡើង​ជា​លំដាប់ ចាប់តាំងពី​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក បានធ្វើ​ដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​។ លោកស្រី ក្លាយជា​អ្នកនយោបាយ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក លើក​ទី​១ បានមក​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ នៅក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​តៃវ៉ាន់ ជា​អាណាខេត្ត​មួយ​របស់​ចិន ហើយ​ថែមទាំង​បាន​គំរាមកំហែង​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប្រធានសភា​សហរដ្ឋអាមេរិក ថែម​ទៀតផង​។ ជាមួយនឹង​ការប្រឆាំង ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ក្រុង​ប៉េកាំង បានដាក់​ពង្រាយ​កងទ័ព​រំដោះប្រជាជន​ចិន នាវាចម្បាំង​ជាច្រើន​គ្រឿង និង យន្ដហោះ​យោធា ជាច្រើន​ប្រភេទ ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក​។​


​ជាមួយនឹង​ការគំរាមកំហែង ពី​កម្លាំងយោធា​ចិន នោះ តៃវ៉ាន់ ក៏បាន​បង្កើន​កញ្ចប់​ថ​វិកា លើ​វិស័យ​ការពារជាតិ រហូតដល់ ៥៨៦,៣​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង​ជាង ១៩,៣៥៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣ ដោយ​កើនឡើង ដល់ ១៣,៩​ភាគរយ បើ​ធៀប​នឹង​ការចំណាយ កាលពី​ឆ្នាំ​មុខ​។ ជាមួយគ្នានេះ តៃវ៉ាន់ បានស្នើ​សុំ​ទិញ​គ្រឿង​សព្វាវុធ​ទំនើបៗ មកពី​សហរដ្ឋអាមេរិក មានតម្លៃ ១,១​ពាន់​លាន​ដុល្លារ ហើយ​នៅ​ទីបំផុត ព្រឹទ្ធសភា​របស់​សហរ​ដ្ឋ​អាមេរិក ក៏បាន​អនុម័ត លើ​សំណើ​របស់​ក្រុង​វ៉ាស៊ីនតោន​។ កិច្ចព្រមព្រៀង​លើ​ការទិញ​លក់​គ្រឿង​យុទ្ធភណ្ឌ​ជាមួយ​តៃវ៉ាន់ ក៏​រាប់បញ្ចូល ទាំង​ប្រព័ន្ធ​រ៉ា​ដា​សម្រាប់​តាមដាន​ការវាយប្រហារ​ចូល​មកលើ​ទឹកដី​របស់​ខ្លួន មី​ស៊ី​ល​ប្រឆាំងនឹង​នាវា និង មី​ស៊ី​ល​ប្រឆាំងនឹង​ការវាយប្រហារ​តាម​អាកាស​។​


​ដោយឡែក លោក លីវ ផេង​យូ (Liu Pengyu) អ្នកនាំពាក្យ ស្ថានទូត​ចិន ប្រចាំ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បានបញ្ជាក់ ថា «​កិច្ចព្រមព្រៀង​នេះ ធ្វើឱ្យមាន​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ ដល់​ទំនាក់ទំនង រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង​»​។ ជាមួយគ្នានេះដែរ ស្ថានទូត​ចិន ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក លុបចោល​កិច្ចព្រមព្រៀង​នេះ ឬមួយ​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ប្រឆាំង​នានា ពី​ក្រុង​ប៉េកាំង​។​

​បើតាម​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្ដិការ​ស​ន្ដិ​សុខ ការពារជាតិ​របស់​ម​ន្ទីរ​បញ្ច​កោណ បាន​ឲ្យ​ដឹង ថា ការសម្រេច​លក់​គ្រឿង​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក ក៏បាន​ព្រមព្រៀងគ្នា កាលពី​ថ្ងៃ​សុក្រ ខណៈ​ត្រូវការ​បោះឆ្នោត ពីស​ភា ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង ដល់​តៃវ៉ាន់​។ កិច្ចព្រមព្រៀង​លក់​គ្រឿង​សព្វាវុធ មានតម្លៃ ១,១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នេះ រួមមាន ប្រព័ន្ធ​រ៉ា​ដា​ព្រមាន មានតម្លៃ​៦៥៥​លាន​ដុល្លារ ចំនួន​១​គ្រឿង និង មី​ស៊ី​ល​ប្រឆាំងនឹង​នាវា ប្រភេទ Harpoon ចំនួន​៦០​ដើម មានតម្លៃ ៣៣៥​លាន​ដុល្លារ​។ ក្រៅពីនេះ ក៏​នៅមាន​មី​ស៊ី​ល បាញ់​ពីលើ​ដី​ទៅ​អាកាស និង បាញ់​ពី​អាកាស​ទៅលើ​អាកាស មានតម្លៃ​៨៥,៦​លាន​ដុល្លារ បន្ថែម​ទៀតផង​។​


​អ្នកនាំពាក្យ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​បញ្ជាក់ថា នេះ​ជា​កិច្ចព្រមព្រៀង​ដ៏​មាន​សារៈ​សំខាន់បំផុត សម្រាប់​សន្ដិសុខ​របស់​តៃវ៉ាន់​។ ទន្ទឹមគ្នា​នេះដែរ ក្រុង​វ៉ាស៊ីនតោន បាន​អំពាវ​នា ដល់​ក្រុង​ប៉េកាំង ត្រូវតែ​បញ្ឈប់​សកម្មភាព​យោធា ការដាក់​សម្ពាធ​ការទូត និង សេដ្ឋកិច្ច ប្រឆាំងនឹង​តៃវ៉ាន់ ហើយ​ត្រូវ​ងាក​មក​សន្ទនា​គ្នា ប្រកបដោយ​វិជ្ជមាន​។​

​អ្នកនាំពាក្យ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​សង្កត់ធ្ងន់ថា «​ការស្នើសុំ​លក់​គ្រឿង​សព្វាវុធ​ទាំងនេះ ក៏​ជា​ករណី​ជាប្រចាំ សម្រាប់​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​របស់​តៃវ៉ាន់ ដើម្បី​ធ្វើ​យោ​ធូប​នីយកម្ម ដល់​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន និង រក្សា​នូវ​សមត្ថភាព​ការពារ​ដ៏​គួរឱ្យ​ទុកចិត្ត​របស់​ក្រុង​តៃប៉ិ​»​។​

​ជាមួយគ្នានេះដែរ លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ ក៏បាន​ស្នើ​ដល់​សភា ដើម្បី​អនុម័ត​នូវ​កញ្ចប់​មូលនិធិ​បន្ទាន់ មាន​ទំហំ​ទឹកប្រាក់ ១៣,៧​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ កំពុងតែបន្ដ​ធ្វើសង្គ្រាម​ជាមួយនឹង​រុស្ស៊ី​។ ដោយឡែក មន្ទីរ​បញ្ច​កោណ ក៏បាន​បញ្ជាក់ កាលពី​សប្ដាហ៍​មុន ថា ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក បញ្ជូនទៅ​ឲ្យ​អ៊ុយ​ក្រែ​ន កាលពីពេល​កន្លងមក​នេះ បាន​កើន រហូតដល់​១៣​ពាន់​លាន​ដុល្លារ​៕​