ឥណ្ឌា​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​៥ នៅលើ​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
159
រដ្ឋធានី​ញូ​វ​ដេលី​៖ ថ្វីបើ​ពិភពលោក កំពុងតែ​ឆ្លងកាត់​វិបត្ដិ​ដ៏​អាក្រក់ អំពី​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩ និង ឥទ្ធិពល​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន យ៉ាងណាក៏ដោយ ក៏​សេដ្ឋកិច្ច​របស់​ឥណ្ឌា នៅតែ​នាំមុខ​ចក្រភព​អង់គ្លេស ហើយ​ក្លាយជា​ប្រទេស​មហា​សេដ្ឋកិច្ច លំដាប់​លេខ​៥ នៅលើ​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក ចិន ជប៉ុន និងអាល្លឺម៉ង់​។​

​សារព័ត៌មាន​របស់​ឥណ្ឌា Republic World បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៣ ខែកញ្ញា ថា បច្ចុប្បន្ន ចក្រភព​អង់គ្លេស បាន​របូត​តំណែង ជា​ប្រទេស​មហា​សេដ្ឋកិច្ច​ដ៏​បំផុត​លំដាប់​លេខ​៥​នៅលើ​ពិភពលោក ខណៈ​ឥណ្ឌា​បាន​ដណ្ដើមយក​តំណែង​នេះ ពី​អតីត​ម្ចាស់​អាណានិគម​របស់ខ្លួន​។​



​នៅក្នុង​រយៈពេល​១​ត្រីមាស គិត​ត្រឹម​ខែមីនា ទំហំ​សេដ្ឋកិច្ច​របស់​ឥណ្ឌា កើន​ដល់​៨៤៥,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ចក្រភព​អង់គ្លេស មាន​ត្រឹមតែ ៨១៦​ពាន់​លាន​ដុល្លារ​។ សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស បាន​ធ្លា​ក់នៅ​ពីក្រោម​ឥណ្ឌា ហើយ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​លេខ​៦​របស់​ពិភពលោក​។


​បើតាម​ការព្យាករណ៍​ដោយផ្ទាល់​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) បង្ហាញថា សេដ្ឋកិច្ច​របស់​ឥណ្ឌា បាន​វ៉ា​ដាច់​ចក្រភព​អង់គ្លេស ហើយ​ដាក់​ប្រទេស​មហាអំណាច​អាស៊ី​ខាងត្បូង​មួយ​នេះ ឲ្យ​ស្ថិតនៅ​លំដាប់​លេខ​៥ ខណៈ​សហរដ្ឋអាមេរិក​ឈរ​នៅ​លេខ​១, ចិន​ឈរ​នៅ​លេខ​២, ជប៉ុន​ឈរ​នៅ​លេខ និង អាល្លឺម៉ង់ ឈរ​នៅ​លេខ​៤​។ ប៉ុន្ដែ​កាលពី​មួយ​ទសវត្សរ៍​មុន ឥណ្ឌា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១១ ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជាងគេ នៅលើ​ពិភពលោក ខណៈ​ចក្រភព​អង់គ្លេស ជាប់​ចំណាត់ថ្នាក់​លេខ​៥៕​