សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​អា​មេ​នី និង អា​ស៊ែ​បៃ​ហ្ស​ង់ បញ្ចប់​ជម្លោះ​

ព័ត៌មានអន្តរជាតិ
0
73


​រដ្ឋធានី​យេ​រេ​វ៉ាន់ (Yerevan) ៖ សហរដ្ឋអាមេរិក កំពុងតែ​បង្ហាញ អំពី​ក្ដីកង្វល់​យ៉ាងខ្លាំង ក្រោយពេល​ប្រទេស ចំនួន​២ ធ្លាប់​រួមរស់​នៅ​ជាមួយគ្នា នៅក្នុង​សហភាពសូវៀត បាន​ប៉ះទង្គិច​គ្នា ដោយ​ប្រដាប់អាវុធ ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​។​

​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៣ ខែកញ្ញា ថា រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អេ​ន​តូ​នី ប្លី​ន​ខែ​ន (Antony Blinken) បាន​ថ្លែង កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុង​វ៉ាស៊ីនតោន មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​សេចក្ដីរាយការណ៍ ពី​ការវាយប្រហារ​នៅតាម​ព្រំដែន រវាង​ប្រទេស​អា​មេ​នី​-​អា​ស៊ែ​បៃ​ហ្ស​ង់​។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក សូម​អំពាវនាវ​ឱ្យ​បញ្ចប់​នូវ​អរិភាព​នេះ​ជាបន្ទាន់​។​

​កងទ័ព​អា​មេ​នី និង អា​ស៊ែ​បៃ​ហ្ស​ង់ បាន​បាញ់កាំភ្លើង​ធំ ផ្លោង​ដាក់គ្នា​ទៅវិញទៅមក នៅ​ជិត​ព្រំដែន រវាង​តំបន់ ណា​ហ្គ័​រ​ណូ កា​រ៉ា​បាក់ (Nagorno-Karabakh)​។ ជម្លោះព្រំដែន​នេះ បាន​បង្កឱ្យមាន​ការភ័យខ្លាច ស្រដៀង​គ្នា​ទៅនឹង​សង្គ្រាម នា​អំឡុង​ឆ្នាំ​២០២០​។ ភាគី​ទាំងពីរ បាន​ស្តីបន្ទោស​ដាក់គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​នឹង​ការបង្ក​ហេតុ​ដំបូង​។​

​ការបាញ់​ផ្លោង​ដាក់គ្នា រវាង​កងទ័ព នៃ​ប្រទេស​ធ្លាប់ជា​រដ្ឋ​ចំណុះ​ឲ្យ​អតីត​សហភាពសូវៀត ទាំង​២​នេះ បាន​ផ្ទុះឡើង កាលពី​រំលងអធ្រាត្រ ឈានចូល ថ្ងៃ​អង្គារ ។ សកម្មភាព​យោធា​នេះ កំពុងតែ​បង្កឱ្យមាន​ការព្រួយបារម្ភ កាន់តែខ្លាំង​ឡើង ជុំវិញ​ការផ្ទុះ​សង្គ្រាម នៅ​តំបន់​ជម្លោះព្រំដែន Nagorno-Karabakh​។​

​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​គ្រប់គ្រង​ទាំងស្រុង​ឡើងវិញ នៅតាម​ព្រំដែន ណា​ហ្គ័​រ​ណូ កា​រ៉ា​បាក់ (Nagorno-Karabakh) នៅក្នុង​សង្គ្រាម រយៈពេល ៦​សប្ដាហ៍ កាលពី​អំឡុង​ឆ្នាំ​២០២០​។ សង្គ្រាម នាពេលនោះ បាន​បណ្ដាល​ឲ្យ​កងទ័ព ទាំងសងខាង ស្លាប់ និង រងរបួស​។ ការប្រយុទ្ធ​គ្នា​បានកើត​ឡើង នៅ​ជិត​តំបន់ Nagorno-Karabakh ជា​តំបន់​មួយ ស្ថិតក្នុង​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ជា​កន្លែង​ដែល​ពួក​បំបែក​ខ្លួន​ជនជាតិ​អា​មេ​នី បានប្រកាស ជា​សាធារណរដ្ឋ​បំបែក ក្រោយមក​ត្រូវបាន​ស្គាល់​ថា ជា​អាត​សាក់ (Artsakh) នៅក្នុង​ឆ្នាំ​១៩៩១​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ព្រឹក ថ្ងៃ​អង្គារ លោក អា​រ៉ា​ម តូ​រូ​ស្យ៉ា​ន់ (Aram Torosyan) អ្នកនាំពាក្យ ក្រសួងការពារជាតិ​អា​មេ​នី បានបញ្ជាក់ ថា ស្ថានភាព​នៅតែ​តានតឹង​ខ្លាំង ខណៈ​ការប្រយុទ្ធ​គ្នា​កំពុងតែបន្ត​។​

​លោក នី​កូ​ល ប៉ា​ស៊ីន​យ៉ាន់ (Nikol Pashinyan) នាយករដ្ឋមន្ដ្រី​អា​មេ​នី បាន​ប្រាប់​ដល់​រដ្ឋសភា ថា «​គិត​ត្រឹម​វេលា​នេះ យើង​មាន​ទាហាន ចំនួន​៤៩​នាក់​បាន​ស្លាប់ ប៉ុន្ដែ​យើង​នៅ​មិនទាន់​ទទួលបាន​តួលេខ​ចុងក្រោយ​នៅឡើយ​»​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ប្រទេស​ទាំង​២ នៅតែ​ស្ដីបន្ទោស​ដាក់គ្នា​ទៅវិញទៅមក​។ ចំណែក​កងទ័ព​ទាំង​២​ប្រទេស បាន​អះអាង ពី​ការចាប់ផ្តើម​ការឆ្លើយតប​ដាក់គ្នា​ទៅវិញទៅមក ប្រឆាំងនឹង​អ្វីដែល​ពួកគេ​មើលឃើញថា វា​ជាការ​បង្កហេតុ មកពី​ភាគី​ម្ខាង​ទៀត​។​

​ក្រសួងការពារជាតិ​អា​មេ​នី បាន​បញ្ជាក់ថា កងទ័ព​អា​សែ​បៃ​ហ្ស​ង់ កាលពី​វេលា​ម៉ោង​១២ និង​៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គារ បាន​បាញ់​ផ្លោង​យ៉ាងខ្លាំង ជាមួយនឹង​កាំភ្លើង​ធំ ដាក់​មកលើ​មូលដ្ឋាន​ទាហាន​អា​មេ​នី នៅតាម​ទីក្រុង ជាច្រើន រួមមាន ទីក្រុង​ហ្គោ​រី (Goris), ទីក្រុង​សូល (Sotk) និ​តទី​ក្រុង​ជើ​រមូ​ក (Jermuk)​។​

​ដោយឡែក អា​ស៊ែ​បៃ​ហ្ស​ង់ វិញ ក៏បាន​ចោទប្រកាន់ ទៅលើ​កម្លាំង​ទាហាន​អា​មេ​នី អំពី​ការអនុវត្ត​សកម្មភាព​វិទ្ធង្សនា​ទ្រង់ទ្រាយ​ធំ កាលពី​យប់ ថ្ងៃ​ចន្ទ នៅ​ជិត​ព្រំដែន​ស្រុក​ដាស​កេសា​ន (Dashkesan), កែ​ល​បា​ចា (Kelbajar) និង ឡា​ជីន (Lachin) ដោយ​ការដាក់​គ្រាប់មីន និង ចល័ត​គ្រឿង​សព្វាវុធ​៕​