
រដ្ឋធានីតាសខែន(Tashkent)៖ រហូតមកដល់ពេលនេះ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរបស់ក្រុងកៀវ និង កម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដ អស់រយៈពេលជាង២០០ថ្ងៃកន្លងមកហើយ នៅតែរកទីបញ្ចប់មិនទាន់ឃើញ ទើបនាយករដ្ឋមន្ដ្រីឥណ្ឌា បានប្រាប់ទៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ឲ្យងាកទៅរកការចរចាគ្នា ព្រោះការធ្វើសង្គ្រាមដណ្ដើមទឹកដីគ្នា នាពេលនេះ គឺហួសសម័យកាលហើយ។
សារព័ត៌មាន Hindustan Times បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញា ថា រហូតមកដល់ពេលនេះ ឥណ្ឌា មិនបាននិយាយប្រឆាំងនឹងក្រុងមូស្គូ ជុំវិញការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នៅតាមវេទិកាណាមួយរបស់ពិភពលោកនោះឡើយ។ រដ្ឋាភិបាលក្រុងញូវដេលី តែងតែជំរុញឲ្យមានដំណោះស្រាយវិបត្ដិ តាមរយៈការចរចា ដើម្បីបញ្ចប់ជម្លោះនេះ។
នៅខាងក្រៅកិច្ចប្រជុំកំពូល នៃក្រុមសន្ដិសុខក្នុងតំបន់ ដែលគេស្គាល់ ជាអង្គការសហប្រតិបត្ដិការសៀងហៃ ហៅកាត់ SCO បានប្រារព្ធធ្វើឡើង នៅក្នុងទីក្រុងប្រវត្ដិសាស្ដ្រសាម៉ាកាន់ ( Samarkand) ប្រទេសអ៊ុយប៊ែគីស្ថាន (Uzbekistan) នោះ លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្ដ្រីឥណ្ឌា បានប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី ថា បច្ចុប្បន្ននេះ វាមិនមែន ជាយុគសម័យធ្វើសង្គ្រាមដណ្ដើមទឹកដីគ្នា ដូចពេលសម័យដើមនោះឡើយ ហើយការធ្វើសង្គ្រាមដណ្ដើមបែបនេះ ក៏ហួសសម័យកាលផងដែរ។
នៅក្នុងជំនួបលើកដំបូង រវាងមេដឹកនាំទាំង២ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន នោះ នាយករដ្ឋមន្ដ្រីឥណ្ឌា ក៏បានពិភាក្សាជាមួយមេដឹកនាំវិមានក្រឹមឡាំង អំពីបញ្ហាសន្ដិសុខស្បៀងអាហារ ជី និង ប្រេងឥន្ធនៈ ដែលកំពុងកា្លយជាកង្វល់ដ៏ធំបំផុតរបស់ពិភពលោក នាពេលនេះ។ ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលឥណ្ឌា និង រុស្ស៊ី ក៏បានពិភាក្សាគ្នា អំពីបញ្ហាសង្គ្រាម ដែលកំពុងតែបន្ដ នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រៅពីបញ្ហាទ្វេភាគី ក៏នៅមានបញ្ហាផ្សេងៗទៀត ដោយរួមទាំងបញ្ហានៅក្នុងតំបន់ និង ពិភពលោក។
លោកនាយករដ្ឋមន្ដ្រីឥណ្ឌា បានប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី ថា «ខ្ញុំដឹងថា សម័យបច្ចុប្បន្ន គឺមិនមែនជាយុគសម័យធ្វើសង្គ្រាមដណ្ដើមទឹកដីគ្នានោះឡើយ។ ខ្ញុំក៏ធ្លាប់និយាយជាមួយលោក តាមទូរស័ព្ទ អំពីបញ្ហានេះរួចមកហើយដែរ»។
ដោយឡែក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានឆ្លើយតប ថា «ខ្ញុំយល់អំពីកង្វល់របស់លោក មូឌី (Modi) អំពីបញ្ហាសង្គ្រាម។ ខ្ញុំដឹងអំពីជំហររបស់លោក ជុំវិញជម្លោះ នៅអ៊ុយក្រែន ហើយខ្ញុំដឹង អំពីកង្វល់របស់លោក។ យើងចង់ធ្វើឱ្យរឿងទាំងអស់នេះ ត្រូវតែបញ្ចប់ឱ្យបានឆាប់ តាមតែអ្វីដែលអាចធ្វើទៅបាន»។
កិច្ចប្រជុំកំពូល នៃក្រុមសន្ដិសុខក្នុងតំបន់ ដែលគេស្គាល់ ជាអង្គការសហប្រតិបត្ដិការសៀងហៃ ហៅកាត់ SCO បានប្រារព្ធធ្វើឡើង នៅក្នុងទីក្រុងប្រវត្ដិសាស្ដ្រសាម៉ាកាន់ ( Samarkand) ប្រទេសអ៊ុយប៊ែគីស្ថាន (Uzbekistan) ៕