ប្រធានាធិបតី​ពូ​ទីន គំរាម​សហរដ្ឋអាមេរិក ក្រោយ​ទាហាន​រុស្ស៊ី​បាក់ស្បាត​នឹង​ហាយ​ម៉ាស់​

ព័ត៌មានអន្តរជាតិ
0
74


​រដ្ឋធានី​មូ​ស្គូ​៖ ក្រោយ​ទទួលបាន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ បាញ់​ចម្ងាយ​ឆ្ងាយ ប្រភេទ​ហាយ​ម៉ាស់ ពី​សហរដ្ឋអាមេរិក នោះមក កងទ័ព​អ៊ុយ​ក្រែ​ន មាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​វាយប្រហារ​តបត​ទៅ​លើក​ម្លាំ​ង​សត្រូវ រហូត​រំដោះទឹកដី​៨ ០០០​គីឡូម៉ែត្រ​ការ៉េ យកមក​គ្រប់គ្រង​វិញ ទើប​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ព្រមាន​ដល់​សហរដ្ឋអាមេរិក មិន​ឲ្យ​ផ្ដល់​មី​ស៊ី​លបាញ់​ចម្ងាយ​ឆ្ងាយ មកដល់​ក្រុង​កៀវ​។​

​សារព័ត៌មាន The Kyiv Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ថា សេវា​សារព័ត៌មាន នៃ​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក រាយការណ៍ ថា សហរដ្ឋអាមេរិក មាន​គោលបំណង​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ទៅដល់​រដ្ឋាភិបាល​ក្រុង​កៀវ (Kyiv) សម្រាប់​ជួយ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន បើក​ប្រតិបត្តិ​ការប្រយុទ្ធ នៅក្នុង​សមរភូមិ​ភាគខាងត្បូង និង ខាងកើត ប្រទេស នាពេល​អនាគត រួមទាំង​ប្រព័ន្ធ​កាំជ្រួច​ទំនើបៗ​ផងដែរ​។​

​ជាការ​ឆ្លើយតប​នឹង​មន្ដ្រី​សេត​វិមាន​វិញ​នោះ លោកស្រី អ្នកនាំពាក្យ ក្រសួងការពារជាតិ​រុស្ស៊ី បាន​ថ្លែង ថា ប្រសិនបើ សហរដ្ឋអាមេរិក បានសម្រេច​ចិត្ត ផ្គត់ផ្គង់​មី​ស៊ី​ល បាញ់​ចម្ងាយ​ឆ្ងាយ ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​។ សកម្មភាព​ទាំងនេះ មានន័យ​យ៉ាងច្បាស់ ថា ក្រុង​វ៉ាស៊ីនតោន នឹង​ដើរ​ឆ្លង​ហួស​បន្ទាត់​ក្រហម ហើយ​សហរដ្ឋអាមេរិក ក៏​ក្លាយជា​ភាគី​ជម្លោះ​ជាមួយនឹង​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zhakarova) បាន​ថ្លែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា «​រុស្ស៊ី មាន​សិទ្ធិ​ការពារ​ទឹកដី​របស់ខ្លួន​»​។ ប៉ុន្ដែ​ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន សម្រេច​ផ្គត់ផ្គង់​មី​ស៊ី​ល បាញ់​ចម្ងាយ​ឆ្ងាយ ទៅ​ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ នោះ​មានន័យថា ក្រុង​វ៉ាស៊ីនតោន កំពុងតែ​ដើរ​ឆ្លង​ហួស​ខ្សែបន្ទាត់​ក្រហម ហើយ​សហរដ្ឋអាមេរិក នឹង​ក្លាយជា​ភាគី​ជម្លោះ​ដោយផ្ទាល់ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ចាប់តាំងពី​ដើមខែ​កញ្ញា នេះ​មក កងទ័ព​អ៊ុយ​ក្រែ​ន ចាប់ផ្ដើម​វាយបក​ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី យ៉ាង​សន្សឹមៗ នៅ​តំបន់​ភាគខាងត្បូង ខណៈ​វា​យស​ន្ទា​ប់​យ៉ាង​លឿន​បំផុត នៅ​ភាគ​ខាងជើង និង ភាគ​ខាងកើត​។ ចំណែក​តំបន់​ខា​គី​វ (Kharkiv) និង ទីក្រុង​អ៊ី​ហ្ស៊ូ​ម (Izium) ត្រូវបាន​កងទ័ព​អ៊ុយ​ក្រែ​ន រំដោះ​បាន​។ នេះ​ជា​ជ័យជម្នះ​មួយ​យ៉ាង​ធំធេង​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​ប្រយុទ្ធ​ជាមួយនឹង​កម្លាំង​ទាហាន​ដ៏​ខ្លាំងក្លា​របស់​រុស្ស៊ី​។

​ក្រុង​វ៉ាស៊ីនតោន បាន​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ជា​ចំហ​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ជាមួយនឹង​ប្រព័ន្ធ​រ៉ុក្កែត​ចម្រុះ​នាំ​ផ្លូវ​ដ៏​ទំនើប ហៅ រ៉ុក្កែត GMLRS ។ គ្រាប់​មី​ស៊ី​ល ប្រភេទ​នេះ នឹង​អាច​បាញ់​ជាមួយនឹង​ឧបករណ៍​បាញ់​គ្រាប់​រ៉ុ​ក្កែ​ហាយ​ម៉ាស់ (HIMARS) ផងដែរ ហើយ​វា​អាច​បាញ់ ទៅដល់​គោលដៅ​របស់​សត្រូវ​យ៉ាង​មាន​ប្រសិទ្ធភាព នៅក្នុង​ចម្ងាយ​ដី រហូតដល់​៨០​គីឡូម៉ែត្រ​។​

​ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក ក៏បាន​និយាយ​អ្វី​ច្រើន ជុំវិញ​ការព្រមាន ពី​រុស្ស៊ី នោះដែរ ប៉ុន្ដែ​ពួកគេ គ្រាន់តែ​និយាយថា អ៊ុយ​ក្រែ​ន បាន​សន្យា មិន​ប្រើប្រាស់​រ៉ុក្កែត ផ្គត់ផ្គង់​ដោយសារ​រដ្ឋ​អាមេរិក បាញ់ប្រហារ ទៅលើ​ទឹកដី​របស់​រុស្ស៊ី នោះឡើយ​។​

​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត HIMARS អាច​បាញ់​មី​ស៊ី​ល​យុទ្ធសាស្ដ្រ ATACMS ទៅដល់​គោលដៅ​របស់​សត្រូវ នៅក្នុង​ចម្ងាយ​រហូតដល់​លើសពី ៣០០​គីឡូម៉ែត្រ​។ មន្ដ្រីជាន់ខ្ពស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​១៩ ខែសីហា បាន​បដិសេធ​នូវ​ការបញ្ជាក់​ណាមួយ ថា​តើ​ក្រុង​កៀវ ឥឡូវ មាន​គ្រាប់​មី​ស៊ី​ល ប្រភេទ ATACMS នេះ ឬ​យ៉ាងណា​នោះដែរ​៕​