មេដឹកនាំ​ឥណ្ឌា​និង​ចិន ទៅ​ជួបគ្នា​ជា​លើក​ទី​១ ក្រោយ​ផ្ទុះ​ជម្លោះព្រំដែន​បង្ហូរឈាម​ដា​ក់​គ្នា​

ព័ត៌មានអន្តរជាតិ
0
120


​រដ្ឋធានី​តាស​ខែ​ន​(Tashkent)៖ នាយករដ្ឋមន្ដ្រី​ឥណ្ឌា និង ប្រធានាធិបតី​ចិន បាន​ចាក​ចេញពី​ប្រទេស​រៀងៗ​ខ្លួន ទៅកាន់​អាស៊ី​កណ្ដាល ដើម្បី​ជួបគ្នា ជា​លើកដំបូង ចាប់តាំងពី​ការផ្ទុះ​ជម្លោះព្រំដែន​យ៉ាង​បង្ហូរឈាម កាលពី​ឆ្នាំ​២០២០ រហូតមក​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១៥ ខែកញ្ញា ថា លោក ណា​រ៉ែ​ន​ដ្រា មូ​ឌី (Narendra Modi) នាយករដ្ឋមន្ដ្រី​ឥណ្ឌា និង លោក ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ​សុក្រ បាន​ជួប​ទល់មុខ​គ្នា ជា​លើកដំបូង ចាប់តាំងពី​ការផ្ទុះ​ជម្លោះព្រំដែន វាយ​ប្រយុទ្ធ​គ្នា បណ្ដាល​ឲ្យ​ទាហាន​ទាំងសងខាង ស្លាប់ និង របួស កាលពី​អំឡុង​ឆ្នាំ​២០២០ រហូតមក​។ ជម្លោះព្រំដែន​ដ៏​ស្រួចស្រាវ​នេះ បាន​បណ្ដាល​ឲ្យ​ចំណង​ទំនាក់ទំនង​គ្នា រវាង​ប្រទេស​ជា​គូប្រជែង​គ្នា​ទាំង​២ នៅ​អាស៊ី បែកបាក់​។​

​លោកនាយក​រដ្ឋមន្ដ្រី​ឥណ្ឌា កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើ​ដំណើរ តាម​យន្ដហោះ ទៅកាន់​ទីក្រុង​សា​ម៉ា​កាន​ដ៍ (Samarkand) ប្រទេស​អ៊ូ​ស​ប៊ែ​គី​ស្ថាន (Uzbekistan) ដែល​ធ្លាប់ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាពសូវៀត ដើម្បី​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល នៃ​ក្រុម​សន្ដិសុខ​ក្នុង​តំបន់ ដែល​គេ​ស្គាល់​ថា​ជា អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​សៀង​ហៃ (Shanghai) ហៅ​កាត់ SCO ។ នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ផងដែរ​។​

​កិច្ចប្រជុំ​កំពូល នៅ​សប្ដាហ៍ បានកើត​ឡើង ក្រោយពេល​ទាហាន​ឥណ្ឌា និង ចិន បាន​កាត់ផ្តាច់​ទំនាក់ទំនង​គ្នា នៅក្នុង​តំបន់​ជម្លោះ​មួយ តាម​បណ្តោយ​ព្រំដែន​ដាច់ស្រយាល នា​ភាគ​ខាងលិច​ភ្នំ​ហិម​ពាន (Himalaya) បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា អស់​រយៈពេល​ជាង​ពីរ​ឆ្នាំកន្លងមក​។ ចាប់តាំងពី​កងទ័ព នៃ​ប្រទេស​មហា​យក្ស​អាស៊ី​ទាំង​២​នេះ បាន​ប្រឈមមុខ​ដាក់គ្នា​នោះមក លោក មូ​ឌី និង លោក ស៊ី ក៏​លែង​និយាយ​រកគ្នា​ផងដែរ​។​

​លោក វី​ណាយ ខ្វា​ត្រា (Vinay Kwatra) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ឥណ្ឌា បាន​ថ្លែងប្រាប់​ដល់​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា នាយករដ្ឋមន្ដ្រី​ឥណ្ឌា លោក មូ​ឌី នឹង​ជួបចរចា​ទ្វេភាគី នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​សន្ដិសុខ​ក្នុង​តំបន់ នា​ថ្ងៃ​សុក្រ​។ ប៉ុន្ដែ​លោក​រដ្ឋមន្ដ្រី មិនបាន​បញ្ជាក់ អំពី​ជំនួប មួយ​ទល់​មួយ ជាមួយនឹង​លោក ស៊ី ជិន​ពីង ប្រ​ធានា​នា​ធិបតី​ចិន នោះឡើយ​។ ដោយឡែក ភាគី​ចិន វិញ ក៏​មិនបាន​បញ្ជាក់ អំពី​ជំនួប រវាង​មេដឹកនាំ នៃ​ប្រទេស​២​នេះដែរ​។​

​សមាជិក​អចិន្ដ្រៃយ៍ នៃ​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​សៀង​ហៃ នេះ រួមមាន ចិន ឥណ្ឌា រុស្ស៊ី កា​ហ្សា​ក់​ស្ថាន គី​ជី​ស្ថាន តាជី​គី​ស្ថាន អ៊ូ​ស​ប៊ែ​គី​ស្ថាន និង ប៉ា​គី​ស្ថាន​។ រុស្ស៊ី បាន​អះអាង​រួចមកហើយ អំពី​ជំនួប រវាង​លោក ពូ​ទីន និង លោក មូ​ឌី​។ នៅក្នុង​ជំនួប​នេះ គេ​រំពឹងថា មេដឹកនាំ​ទាំង​២​ប្រទេស​នេះ នឹង​ចរចា​គ្នា ស្ដីអំពី​ពាណិជ្ជកម្ម ក៏ដូចជា ការលក់​ជីរ​បស់​រុស្ស៊ី និង ការផ្គត់ផ្គង់​ស្បៀងអាហា​រ ផងដែរ​។​

​លោក រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ឥណ្ឌា បាន​បញ្ជាក់ថា កិច្ចពិភាក្សា​របស់​អង្គការ​សន្ដិសុខ​ក្នុង​តំបន់​នេះ កាន់តែ​ពង្រីក​យ៉ាង​ទូលំទូលាយ ផ្ដើមចេញពី​ការធ្វើ​ពាណិជ្ជកម្ម សន្ដិសុខ​ក្នុង​តំបន់ រហូតដល់​វិស័យ​ទេសចរណ៍ និង ការប្រឆាំង​នឹង​អំពើ​ភេរវកម្ម​៕​