ឥណ្ឌា​ជំរុញ​ឲ្យ​រុស្ស៊ី ងាក​ទៅរក​ផ្លូវ​ចរចា ព្រោះ​ការធ្វើ​សង្គ្រាម​ដណ្ដើម​ទឹក​គ្នា ហួសសម័យកាល​ហើយ​

ព័ត៌មានអន្តរជាតិ
0
130


​រដ្ឋធានី​តាស​ខែ​ន​(Tashkent)៖ រហូតមកដល់​ពេលនេះ សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង រវាង​កងទ័ព​របស់​ក្រុង​កៀវ និង កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ កំពុងតែបន្ដ អស់​រយៈពេល​ជាង​២០០​ថ្ងៃ​កន្លងមកហើយ នៅតែ​រក​ទីបញ្ចប់​មិនទាន់​ឃើញ ទើប​នាយករដ្ឋមន្ដ្រី​ឥណ្ឌា បាន​ប្រាប់​ទៅ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ឲ្យ​ងាក​ទៅរក​ការចរចា​គ្នា ព្រោះ​ការធ្វើ​សង្គ្រាម​ដណ្ដើម​ទឹកដី​គ្នា នាពេលនេះ គឺ​ហួសសម័យកាល​ហើយ​។​

​សារព័ត៌មាន Hindustan Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែកញ្ញា ថា រហូតមកដល់​ពេលនេះ ឥណ្ឌា មិនបាន​និយាយ​ប្រឆាំងនឹង​ក្រុង​មូ​ស្គូ ជុំវិញ​ការឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នៅតាម​វេទិកា​ណាមួយ​របស់​ពិភពលោក​នោះឡើយ​។ រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី តែងតែ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​វិបត្ដិ តាមរយៈ​ការចរចា ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។​

​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល នៃ​ក្រុម​សន្ដិសុខ​ក្នុង​តំបន់ ដែល​គេ​ស្គាល់ ជា​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​សៀង​ហៃ ហៅ​កាត់ SCO បាន​ប្រារព្ធ​ធ្វើឡើង នៅក្នុង​ទីក្រុង​ប្រ​វ​ត្ដិ​សាស្ដ្រ​សា​ម៉ា​កាន់ ( Samarkand) ប្រទេស​អ៊ុយ​ប៊ែ​គី​ស្ថាន (Uzbekistan) នោះ លោក ណា​រ៉ែ​ន​ដ្រា មូ​ឌី (Narendra Modi) នាយករដ្ឋមន្ដ្រី​ឥណ្ឌា បាន​ប្រាប់​ដល់​ប្រធានាធិបតី​រុស្ស៊ី ថា បច្ចុប្បន្ននេះ វា​មិនមែន ជា​យុគសម័យ​ធ្វើសង្គ្រាម​ដណ្ដើម​ទឹកដី​គ្នា ដូច​ពេល​សម័យ​ដើម​នោះឡើយ ហើយ​ការធ្វើ​សង្គ្រាម​ដណ្ដើម​បែបនេះ ក៏​ហួសសម័យកាល​ផងដែរ​។​

​នៅក្នុង​ជំនួប​លើកដំបូង រវាង​មេដឹកនាំ​ទាំង​២ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នោះ នាយករដ្ឋមន្ដ្រី​ឥណ្ឌា ក៏បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង អំពី​បញ្ហា​សន្ដិសុខ​ស្បៀងអាហារ ជី និង ប្រេងឥន្ធនៈ ដែល​កំពុង​កា្ល​យ​ជា​កង្វល់​ដ៏​ធំ​បំផុត​របស់​ពិភពលោក នាពេលនេះ​។ ក្រៅពីនេះ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា និង រុស្ស៊ី ក៏បាន​ពិភាក្សាគ្នា អំពី​បញ្ហា​សង្គ្រាម ដែល​កំពុងតែបន្ដ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រៅពី​បញ្ហា​ទ្វេភាគី ក៏​នៅមាន​បញ្ហា​ផ្សេងៗ​ទៀត ដោយ​រួមទាំង​បញ្ហា​នៅក្នុង​តំបន់ និង ពិភពលោក​។​

​លោកនាយក​រដ្ឋមន្ដ្រី​ឥណ្ឌា បាន​ប្រាប់​ដល់​ប្រធានាធិបតី​រុស្ស៊ី ថា «​ខ្ញុំ​ដឹងថា សម័យ​បច្ចុប្បន្ន គឺ​មិនមែនជា​យុគសម័យ​ធ្វើសង្គ្រាម​ដណ្ដើម​ទឹកដី​គ្នា​នោះឡើយ​។ ខ្ញុំ​ក៏​ធ្លាប់​និយាយ​ជាមួយ​លោក តាម​ទូរស័ព្ទ អំពី​បញ្ហា​នេះ​រួចមកហើយ​ដែរ​»​។​

​ដោយឡែក ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​ឆ្លើយតប ថា «​ខ្ញុំ​យល់​អំពី​កង្វល់​របស់លោក មូ​ឌី (Modi) អំពី​បញ្ហា​សង្គ្រាម​។ ខ្ញុំ​ដឹង​អំពី​ជំហរ​របស់លោក ជុំវិញ​ជម្លោះ នៅ​អ៊ុយ​ក្រែ​ន ហើយ​ខ្ញុំ​ដឹង អំពី​កង្វល់​របស់លោក​។ យើង​ចង់​ធ្វើឱ្យ​រឿង​ទាំងអស់នេះ ត្រូវតែ​បញ្ចប់​ឱ្យបាន​ឆាប់ តាមតែ​អ្វីដែល​អាចធ្វើ​ទៅបាន​»​។​

​កិច្ចប្រជុំ​កំពូល នៃ​ក្រុម​សន្ដិសុខ​ក្នុង​តំបន់ ដែល​គេ​ស្គាល់ ជា​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​សៀង​ហៃ ហៅ​កាត់ SCO បាន​ប្រារព្ធ​ធ្វើឡើង នៅក្នុង​ទីក្រុង​ប្រ​វ​ត្ដិ​សាស្ដ្រ​សា​ម៉ា​កាន់ ( Samarkand) ប្រទេស​អ៊ុយ​ប៊ែ​គី​ស្ថាន (Uzbekistan) ៕​