
រដ្ឋធានីប៊ីសកែក (Bishkek)៖ ប្រទេសចំនួន២ធ្លាប់រួមរស់នៅជាមួយគ្នា នៅក្នុងសម័យសហភាពសូវៀត បានផ្ទុះជម្លោះ នៅតាមព្រំដែន រហូតឈានដល់ការបាញ់ផ្លោងដាក់គ្នា បណ្ដាលឲ្យភាគីទាំង២ បាត់បង់ជីវិត ជិត១០០នាក់។
សារព័ត៌មាន Alarabiya បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា ប្រទេសកៀហ្ស៊ីស៊ីស្ថាន និង តាជីគីស្ថាន បានផ្ទុះជម្លោះ ពីរឿងព្រំដែន ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា។ ប្រទេសជាធ្លាប់ជារដ្ឋ ចំណុះឲ្យសហភាពសូវៀត ទាំង២នេះ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការប្រើប្រាស់រថក្រោះ កាំភ្លើងត្បាល់ កាំភ្លើងធំ និង ដ្រូន ដើម្បីវាយប្រហារទៅលើទីតាំងឈរជើង និង មូលដ្ឋាន នៅតាមតំបន់ក្បែរព្រំដែន។
អាជ្ញាធរ កៀហ្ស៉ីស៊ីស្ថាន និង តាជីគីស្ថាន បានកាលពីថ្ងៃអាទិត្យ បានអះអាងថា ចំនួនអ្នកស្លាប់ ដោយការប៉ះទង្គិចគ្នា នៅតាមព្រំដែន រវាងប្រទេសទាំងពីរ បានកើនឡើងដល់ ៨១នាក់។ ដោយឡែក រុស្ស៊ីជាសម្ពន្ធមិត្តរបស់ប្រទេសទាំងពីរ កំពុងតែជំរុញឱ្យមានការបន្ធូរបន្ថយនូវភាពតានតឹង ខណៈការអនូវបទឈប់បាញ់គ្នា រវាងប្រជាជាតិអាស៊ីកណ្តាលទាំង២នេះ ស្ថិតក្នុងភាពផុយស្រួយ នៅឡើយ។
អាជ្ញាធរតាហ្ស៊ីគីស្ថាន បានបញ្ជាក់ ថា ជម្លោះប្រដាប់អាវុធនេះ បានបណ្ដាលឲ្យមនុស្ស៣៥នាក់ បាត់បង់ជីវិត។ ប៉ុន្ដែអាជ្ញាធរ នៃប្រទេសនេះ មិនបានបញ្ជាក់ អំពីចំនួនប្រជាពលរដ្ឋត្រូវបានជម្លៀសចេញនោះឡើយ។
ដោយឡែក រដ្ឋាភិបាលកៀហ្ស៉ីស៊ីស្ថាន កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ទាហានរបស់ខ្លួន ចំនួន៣៦នាក់បានស្លាប់ និង ១២៩នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ដោយអាវុធនៅតាមតំបន់ព្រំដែនជាមួយតាជីគីស្ថាន កាលពីប៉ុន្មានថ្ងៃមុននេះ។ រដ្ឋាភិបាលកៀហ្ស៉ីស៊ីស្ថាន បានជម្លៀសប្រជាជន ប្រហែល ១៣៧ ០០០នាក់ចញពីតំបន់មានជម្លោះ៕