ប្រធានាធិបតី ចូ បៃ​ដិ​ន សន្យា​ការពារ​តៃវ៉ាន់ បើ​ចិន​វាយប្រហារ​

ព័ត៌មានអន្តរជាតិ
0
93


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ជាមួយនឹង​ការគំរាមកំហែង​ខាង​យោធា កាន់តែខ្លាំង​ពី​ប្រទេស​ចិន ចាប់តាំងពី​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃទី​២ ខែសីហា នោះមក ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ចេញមក​អះអាង​ជាថ្មី ថា ក្រុង​វ៉ាស៊ីនតោន នឹង​ត្រូវតែ​ការពារ​តៃវ៉ាន់ ប្រសិនបើ​ក្រុង​ប៉េកាំង លើក​កងទ័ព វាយលុក​ទៅលើ​ដែន​កោះ គ្រប់គ្រង​ដោយ​ខ្លួនឯង​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៩ ខែកញ្ញា ថា ថ្លែង​នៅក្នុង​បទសម្ភាសន៍ ជាមួយនឹង​បណ្ដាញ​ទូរទស្សន៍ CBS នោះ លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់​ជាថ្មី ថា សហរដ្ឋអាមេរិក នឹង​ប្រើប្រាស់​កងទ័ព ការពារ​តៃវ៉ាន់ ប្រសិនបើ​ចិន​វាយប្រហារ​។ បទសម្ភាសន៍​នេះ ត្រូវបាន​ចាក់ផ្សាយ កាលពី​ថ្ងៃអាទិត្យ ខណៈ​សេត​វិមាន បានបញ្ជាក់​ជា​ដដែលៗ ពី​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក មិនមាន​ការប្រែប្រួល​នោះឡើយ​។​

​គោលនយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន តែងតែមាន​«​ភាពមិនច្បាស់លាស់ ជា​យុទ្ធសាស្ត្រ​» ពោលគឺ​មិន​ប្តេជ្ញា ការពារ​តៃវ៉ាន់ ប៉ុន្តែ​ក៏​មិន​បដិសេធ​ការពារ​ដល់​ដែន​កោះ​មួយ​នេះដែរ​។​

​តៃវ៉ាន់ ជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង ស្ថិតនៅ​ឆ្នេរសមុទ្រ នា​ភាគ​ខាងកើត ប្រទេស​ចិន ហើយ​ក្រុង​ប៉េកាំង តែងតែ​ទាមទារ ជា​ផ្នែក​មួយ នៃ​ទឹកដី​របស់ខ្លួន​។ ក្រុង​វ៉ាស៊ីនតោន បាន​ដើរ​យ៉ាង​តឹងរ៉ឹង​ខាង​ការទូត លើ​បញ្ហា​នេះ​។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក ក៏​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ ដែលជា​មូលដ្ឋានគ្រឹះ នៃ​ទំនាក់ទំនង​របស់ខ្លួន ជាមួយនឹង​ក្រុង​ប៉េកាំង​។​

​ក្រោម​គោលនយោបាយ​នេះ តៃវ៉ាន់ គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន ហើយ​គោលជំហរ​នេះ មិន​ត្រូវបាន​ជំទាស់​នោះដែរ​។ ដូច្នេះ សហរដ្ឋអាមេរិក មិនបាន​ទទួលស្គាល់​តៃវ៉ាន់ ថា ជា​រដ្ឋ​ដាច់ដោយឡែក និង ក៏​គ្មាន​ទំនាក់ទំនង​ការទូត ជាមួយ​កោះ​នេះឡើយ​។ ប៉ុន្តែ​សហរដ្ឋអាមេរិក នៅតែ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង លក់​អាវុធ​ទៅឱ្យ​តៃវ៉ាន់ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ក្រោម​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ ដែល​ចែងថា សហរដ្ឋអាមេរិក ត្រូវតែ​ផ្តល់​មធ្យោបាយ​ការពារ ដល់​កោះ​តៃវ៉ាន់​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ថ្លែង​ជា​ដដែល នៅក្នុង​បទសម្ភាសន៍ រយៈពេល​៦០​នាទី ជាមួយ​បណ្ដាញ​ទូរទស្សន៍ CBS កាលពី​ថ្ងៃអាទិត្យ ថា «​គោលនយោបាយ​ចិន​តែមួយ និង តៃវ៉ាន់ វិនិច្ឆ័យ ដោយ​ខ្លួនឯង លើ​ឯករាជភាព​របស់​ពួកគេ​។ យើង​មិន​ផ្លាស់ប្តូរ មិន​លើកទឹកចិត្ត​ពួកគេ ឱ្យទទួល​ឯករាជ្យ​នោះដែរ ព្រោះ​វា​ជាការ​សម្រេចចិត្ត​របស់​ពួកគេ​»៕