ប្រធានាធិបតី បៃ​ដិ​ន ៖ ប្រសិន​ចិន​ជួយ​រុស្ស៊ី នឹង​ជួប​អាសន្ន​ធំ​

ព័ត៌មានអន្តរជាតិ
0
92


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ថ្វីបើ​រក​មិនទាន់​ឃើញ មាន​សញ្ញា​ណាមួយ​បង្ហាញថា ក្រុង​ប៉េកាំង មាន​ការជាប់​ពាក់ព័ន្ធ​នឹង​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន យ៉ាងណាក្ដី ប៉ុន្ដែ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ក៏​នៅ​ព្រមាន​ដល់​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) អំពី​បរិយាកាស​វិនិយោគ អាច​នឹង​ខូចខាត​ធំ​។​

​សារព័ត៌មាន Business Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៩ ខែកញ្ញា ថា លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ បានបញ្ជាក់ ថា លោក​ប្រធានាធិបតី បាន​ព្រមាន​ដល់​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង អំពី​ការខូចខាត​ដល់​បរិយាកាស​វិនិយោគ ប្រសិនបើ​ចិន​រំលោភបំពាន​លើ​ច្បាប់​ទណ្ឌកម្ម​របស់លោក​ខាងលិច ប្រឆាំងនឹង​រុស្ស៊ី ជុំវិញ​ការឈ្លានពាន​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយនឹង​បណ្ដាញ​ទូរទស្សន៍ CBS ហើយ​ត្រូវបាន​ចាក់ផ្សាយ កាលពី​ថ្ងៃអាទិត្យ ថា លោក​ប្រធានាធិបតី បាន​ប្រាប់​ដល់​មេដឹកនាំ​ចិន ថា ការរំលោភ​លើ​ការដាក់ទណ្ឌកម្ម នឹង​ក្លាយជា «​កំហុស​ដ៏​ធំ​»​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​រកឃើញ​ណាមួយ ចង្អុល​បង្ហាញថា ប្រទេស​ចិន បាន​គាំទ្រ​យ៉ាងសកម្ម ដល់​កិច្ចខិតខំ​ប្រឹងប្រែង ជួយ​ដល់​សង្គ្រាម​របស់​រុស្ស៊ី ជាមួយនឹង​ការលក់​គ្រឿង​សព្វាវុធ​នោះឡើយ​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ ទៅកាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ដោយ​មិនបាន​គំរាម​នោះទេ ប៉ុន្ដែ​ខ្ញុំ​គ្រាន់តែ​និយាយ ប្រាប់​គាត់ ថា ប្រសិនបើ​អ្នក​គិតថា ជនជាតិ​អាមេរិក និង បណ្ដា​វិនិយោគិន មកពី​ប្រទេស​ជា​សម្ពន្ធមិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន នឹង​បន្ត​វិនិយោគ នៅក្នុង​ប្រទេស​ចិន ដោយ​ផ្អែកលើ​ការរំលោភបំពាន​ទណ្ឌកម្ម​របស់​អ្នក ត្រូវ​បានដាក់​ប្រឆាំងនឹង​រុស្ស៊ី នោះ ខ្ញុំ​គិតថា អ្នក​កំពុងតែ​ប្រ​ព្រឹ​ត្ដ​កំហុស​យ៉ាង​ធ្ងន់​បំផុត​។ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់មាន​ការចង្អុលបង្ហាញ​ណាមួយ ថា ចិន​បាន​លក់​អាវុធ ឬ​សម្ភារ​ផ្សេងៗ​ទៀត តាម​ការចង់បាន ពី​រុស្ស៊ី នោះឡើយ​»​។​

​ទោះជា​យ៉ាងណា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន ក៏បាន​ទាត់ចោល​នូវ​ការ​ឃើញ ថា សម្ពន្ធមិត្ត រវាង​ចិន និង រុស្ស៊ី មានន័យ​យ៉ាង​ប្រាកដ ថា សហរដ្ឋអាមេរិក កំពុងតែ​ប្រយុទ្ធ​នឹង​សង្គ្រាមត្រជាក់​ថ្មី​។ ប្រធានាធិបតី គិតថា សង្គ្រាមត្រជាក់​សម័យថ្មី​នេះ មាន​ភាពស្មុគស្មាញ​ជាងនេះទៅទៀត​។​

​រុស្ស៊ី បាន​ចូលលុកលុយ ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន គាំទ្រ​ដោយ​លោកខាងលិច កាលពី​ថ្ងៃទី​២៤ កុម្ភៈ​។ សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ បាន និង កំពុងតែបន្ដ​បំផ្លិចបំផ្លាញ ដល់ទី​ក្រុង​នានា និង ទីប្រជុំជន​ជាច្រើន នៅក្នុង​ប្រទេសជិតខាង​មួយ​នេះ​៕​