ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក រាប់លាន​នាក់ រស់នៅ​រដ្ឋ​ផ្លរីដា អត់​ភ្លើង​ប្រើប្រាស់​

ព័ត៌មានអន្តរជាតិ
0
163


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ព្យុះកំបុតត្បូង ហ៊ើ​រ​រី​ខេន អៀន (Hurricane Ian) បាន​បោកបក់​ឆ្លងកាត់​ប្រទេស​គុយបា ហើយ​បន្ដ​បោកបក់ ក្នុង​ល្បឿន​លឿន នាំ​ខ្យល់ និង ទឹកជំនន់ វាយប្រហារ​យ៉ាងខ្លាំង ទៅលើ​រដ្ឋ​ផ្លរីដា (Florida) សហរដ្ឋអាមេរិក ហើយ​លទ្ធផល នៃ​ព្យុះ​កំណាច​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស ជាង​២​លាន​នាក់ មិនមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​។​

​សារព័ត៌មាន Telegraph បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែកញ្ញា ថា ព្យុះ Hurricane Ian ជា​ប្រភេទ​ព្យុះ​មាន​កម្លាំង​ខ្លាំង ប្រភេទ​ទី​៤ កំពុង​នាំមក​នូវ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ខ្យល់​បោកបក់​ខ្លាំង និង ព្យុះ​ដ៏​កំណាច វាយប្រហារ ទៅកាន់​ឆ្នេរសមុទ្រ Florida សហរដ្ឋអាមេរិក​។ ព្យុះ​កំណាច​នេះ នឹង​ចុះខ្សោយ​កម្លាំង​វិញ ខណៈ​វា​បោកបក់​ទៅដល់​ដែន​គោក ហើយ​ឥឡូវ ព្យុះ​នេះ បាន​ថយ​មក​នៅ​កម្រិត​ទាប​។​

​ព្យុះ​កំណាច​នេះ បាន​បោកបក់ នៅក្នុង​ល្បឿន ២៤១​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ហើយ​វា​បាន​បង្ក​ឲ្យ​មានការ​រអិល​បាក់​ដី កាលពី​រសៀល ថ្ងៃ​ពុធ នៅ​ជិត​ទីក្រុង​ហ្វ​ត​មី​យឺ​ស៍ (Fort Myers)​។ ដោយឡែក ឥ​ទ្វិ​ពល​របស់​ព្យុះ​កំណាច​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស ជាង​២​លាន​នាក់ អត់​ភ្លើងអគ្គិសនី​ប្រើប្រាស់​។​

អភិបាលរដ្ឋ​ផ្លរីដា លោក រ៉ុ​ន ដេ​សា​នទី​ស (Ron DeSantis) ក៏​ព្រមាន​ដល់​ប្រជាជន រស់នៅ​ចំ​មុខ​ផ្លូវ​របស់​ព្យុះ​កំណាច​នេះ បោកបក់ ត្រូវ​ត្រៀមខ្លួន​ឲ្យ​រួចជាស្រេច ដើម្បី​បញ្ចៀស អំពី​ហេតុការណ៍​ដ៏​អាក្រក់​ណាមួយ​កើតឡើង នៅក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​។​

ក្រុម​ល្បាត​តាម​ព្រំដែន​របស់​សហរដ្ឋអាមេរិក កំពុងតែ​តាម​ស្វែងរក​ជន​ចំណាកស្រុក ចំនួន​២៣​នាក់ ដែល​បាន​បាត់​ខ្លួន ក្រោយ​កប៉ាល់​របស់​ពួកគេ​បាន​លិច នៅក្នុង​អំឡុងពេល​ព្យុះ​កំណាច​នេះ​វាយប្រហារ​។ ខ្យល់ព្យុះ​កំបុតត្បូង​នេះ បាន​បោកបក់ ឆ្លងកាត់​ប្រទេស​គុយបា កាលពី​ថ្ងៃ​អង្គារ ដោយបាន​សម្លាប់​មនុស្ស ចំនួន​២​នាក់ និង បំផ្លាញ​បណ្តាញ​អគ្គិសនី​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ​ថែម​ទៀតផង​។ ដោយឡែក ទំហំ នៃ​ការខូចខាត ដោយសារ​ព្យុះកំបុតត្បូង​នេះ អាជ្ញាធរ​នៅ​មិនទាន់បាន​បញ្ជាក់​ភ្លាមៗ នៅឡើយ​៕​