របប​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន ចោល​ប្រកាន់​ប៉ា​គី​ស្ថាន អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើ​ដែនអាកាស​វាយប្រហារ​ប្រទេស​ខ្លួន​

ព័ត៌មានអន្តរជាតិ
0
71



​រដ្ឋធានី​កា​ប៊ូល​៖ ចាប់តាំងពី​ពួក​តា​លី​បង់ បាន​ឡើងកាន់​អំណាច នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រោយ​ការផ្ដួលរំលំ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី លោក អា​ហ្វ្រា​ហ្វ ហ្គា​នី (Ashraf Ghani) កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ កំពុងតែ​រុញច្រាន​ប្រទេស​អាស៊ី​កណ្ដាល និង​ភាគខាងត្បូង មួយ​នេះ ធ្លាក់ចូល​ទៅក្នុង​វិបត្ដិ​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ​បំផុត ហើយ​របប​នេះ បាន​ចោទប្រកាន់ ទៅលើ​ប៉ា​គី​ស្ថាន ជា​ប្រទេសជិតខាង ពី​ការអនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន ឆ្លងកាត់​ដែនអាកាស វាយប្រហារ​មកលើ​ប្រទេស​របស់ខ្លួន​។​

​សារព័ត៌មាន Khaama បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ថា តា​លី​បង់ បាន​ចោទប្រកាន់​ក្រុង​អ៊ិ​ស្លាម​បាដ បានទទួល​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​ក្រុង​វ៉ាស៊ីនតោន ដើម្បី​អនុញ្ញាត​ដល់​ប្រតិ​ប​ត្ដិ​ការ​របស់​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​របស់​សហរដ្ឋអាមេរិក អាច​ប្រើប្រាស់​ដែនអាកាស​របស់​ប៉ា​គី​ស្ថាន វាយប្រហារ​មកលើ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក បាន​វាយប្រហារ​តាម​អាកាស​ដ៏​ជាក់លាក់​មួយ តាមរយៈ​យានអវកាស​គ្មាន​មនុស្ស​បើក (UAV) នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ទប់ទល់​នឹង​អំពើ​ភេរវកម្ម​ដែល​កំពុងតែ​កើតមាន នៅក្នុង​តំបន់​។ ការវាយប្រហារ​តាម​អាកាស​នេះ បានសម្លាប់​លោក អាយ​ម៉ែន អាល់​ហ្សា​វ៉ា​ហ៊ី​រី (Ayman al-Zawahiri) អនុប្រធាន​របស់លោក អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ( Osama bin Laden) និង ជា​អ្នក​ស្នង​តំណែង​មេដឹកនាំ នៃ​ក្រុម​អាល់​កៃ​ដា (Al-Qaeda)​។​

​ក្រោយ​ប្រតិបត្តិការ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​របស់​អាមេរិក បាន​វាយប្រហារ​សម្លាប់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា លោក Ayman al-Zawahiri នោះមក ក្រុម​តា​លី​បង់ បាន​អះអាង ថា ប៉ា​គី​ស្ថាន បានទទួល​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទើប​ក្រុង​អ៊ិ​ស្លាម​បាដ អនុញ្ញាតឱ្យ​មានការ​វាយប្រហា​រ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក មកលើ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​សារព័ត៌មាន Khaama Press (​ខា​អា​ម៉ា ប្រ៉ែ​ស​) បាន​រាយការណ៍​ថា ពួក​តា​លី​បង់ បានបញ្ជាក់ ថា ពួកគេ​មាន​ភស្តុតាង​ច្រើន សម្រាប់​បង្ហាញ​ដល់​ការគាំទ្រ លើ​ការអះអាង​របស់​ពួកគេ​។ សហរដ្ឋអាមេរិក បាន​វាយប្រហារ​តាម​អាកាស សម្លាប់​លោក Zawahiri នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន តាមរយៈ​ការប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ការអះអាង​របស់​ពួក​តា​លី​បង់ ដែល​បាន​ចោទប្រកាន់​ប៉ា​គី​ស្ថាន បាន​ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក សម្រាប់​ការវាយប្រហារ​តាម​អាកាស​នោះ ក្រុង​អ៊ិ​ស្លាម​បាដ បាន​អះអាងថា ការលើកឡើង​របស់​ពួក​តា​លី​បង់ គ្រាន់តែ​ជា​«​ការចោទប្រកាន់​ដោយ​សន្មត​» និង ជាការ​រំលោភ​លើ​បទដ្ឋាន នៃ​ទំនួល​ខុសត្រូវ​ខាង​ការទូត​តែប៉ុណ្ណោះ​។​

​លោក Ayman al-Zawahiri ក៏​ជា​មេខ្លោង​មួយរូប ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម នៅ​ថ្ងៃទី​១១ ខែ​ក​ញ្ញាំ ឆ្នាំ​២០០១ ប្រឆាំងនឹង​សហរដ្ឋអាមេរិក និង បាន​បន្ត​ណែនាំ​អ្នកដើរ​តាម​របស់គាត់ ឱ្យ​កំណត់​គោលដៅ ទៅលើ​សហរដ្ឋអាមេរិក​៕​