សហរដ្ឋអាមេរិក បញ្ជូន​អាវុធ​ទំនើប​១៨​គ្រឿង​បន្ថែមទៀត​ទៅ​អ៊ុយ​ក្រែ​ន នឹងធ្វើ​ឲ្យ​រុស្ស៊ី​រងគ្រោះ​ធំ​

ព័ត៌មានអន្តរជាតិ
0
87


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការដឹង​ពី​អានុភាព​ដ៏​ខ្លាំងក្លា​របស់​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ដ៏​ទំនើប​ហាយ​ម៉ាស (HIMAR) ផលិត​នៅ​សហរដ្ឋអាមេរិក នោះ ក្រុង​វ៉ាស៊ីនតោន បាន​បន្ដ​ផ្ដល់ជំនួយ​យោធា​ថ្មី មាន​ទំហំ​ទឹកប្រាក់ ១,១​ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ​ដ៏ ចំនួន​១៨​គ្រឿង ទៅដល់​រដ្ឋាភិបាល​ក្រុង​កៀវ ហើយ​កម្លាំង​ទាហាន​រុស្ស៊ី នឹង​ជួប​គ្រោះអាសន្ន​ធំ ខណៈ​ប្រព័ន្ធ HIMARS កាន់តែច្រើន ធ្លាក់​ទៅដល់​ដៃ​របស់​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែកញ្ញា ថា មន្ទីរ​បញ្ច​កោណ នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ ថា មន្ទីរ​បញ្ច​កោណ បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត​គ្រឿងយុទ្ធោបករណ៍ មានតម្លៃ ១,១​ពាន់​លាន​ដុល្លារ សម្រាប់​ជា​ជំនួយ​យោធា​ថ្មី ផ្គត់ផ្គង់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​។ នៅក្នុង​កញ្ចប់​ជំនួយ​យោធា​ថ្មី​ទាំងនេះ ក៏​បូក​បញ្ចូល​ទាំង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចល័ត HIMARS ចំនួន​១៨​គ្រឿង និង គ្រឿង​សព្វាវុធ​ទំនើបៗ​ជាច្រើន​ទៀត សម្រាប់​ជួយ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ទប់​ទល់នឹង​យន្តហោះ​គ្មាន​មនុស្ស បើក ឬ​ដ្រូ​ន ដែល​រុស្ស៊ី បាន និង កំពុងតែ​ប្រើប្រាស់ ដើម្បី​ប្រឆាំងនឹង​កងទ័ព​អ៊ុយ​ក្រែ​ន ផងដែរ​។​

​កញ្ចប់​ជំនួយ​គ្រឿងយុទ្ធោបករណ៍ និង សម្ភារ​យោធា​ថ្មី​នេះ បានធ្វើ​ឡើង ក្រោម​គំនិត​ផ្តួចផ្តើម​ជំនួយ​សន្តិសុខ​អ៊ុយ​ក្រែ​ន ដោយមាន​គោលបំណង​បំពេញតម្រូវការ​ពាក់កណ្តាល និង រយៈពេល​វែង សម្រាប់​ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​។ រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) បាន​សន្យា​ផ្តល់ជំនួយ មានតម្លៃ​១៧​ពាន់​លាន​ដុល្លារ ជួយ​ដល់​អ៊ុយ​ក្រែ​ន ហើយ នឹង​បញ្ជូន​គ្រឿង​សឹក​ទាំងនោះ ឲ្យ​បាន​លឿន តាមតែ​អាចធ្វើ​ទៅបាន​។​

​កញ្ចប់​ជំនួយ​សន្ដិសុខ​របស់​ស​ហ​រដ្ឋ​អាមេរិក ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​កើន​ដល់​ជិត​១៧​ពាន់​លាន​ដុល្លារ ចាប់តាំងពី​លោក ចូ បៃ​ដិ​ន បាន​ឡើងកាន់​អំណាច កាលពីដើមឆ្នាំ​២០២១​។ ចំណែក​កញ្ចប់​ជំនួយ​ថ្មី មាន​ទំហំ​ទឹកប្រាក់ ១,១ ពាន់​លាន​ដុល្លារ​នេះ ក៏​រាប់បញ្ចូល​ទាំង ប្រព័ន្ធ HIMARS ចំនួន​១៨​គ្រឿង​បន្ថែម និង ប្រព័ន្ធ Titan ចំនួន​១២​គ្រឿង សម្រាប់​ប្រឆាំងនឹង​យន្តហោះ​ដ្រូ​ន​។ ក្រៅពីនេះ កញ្ចប់​ជំនួយ​ទាំងនេះ ក៏បាន​ចំណាយ​លើ​យានយន្ត​ប្រហែល​៣០០​គ្រឿង​, រថយន្ត​ធុន​ធំ​រាប់សិប​គ្រឿង សម្រាប់​ការដឹកជញ្ជូន​សម្ភារ​យោធា​ធុន​ធ្ងន់ និង ប្រព័ន្ធ​រ៉ា​ដា ក៏ដូចជា ឧបករណ៍​ទំនាក់ទំនង និង ឈ្លប​ការណ៍​ចម្រុះ​ប្រភេទ រួមជាមួយ​សម្ភារ សម្រាប់​កងទ័ព ផងដែរ​។

​ក្រោយ​ការ​វាយ​ប្រយុទ្ធ​គ្នា អស់​រយៈពេល​ជាង​៧​ខែ​កន្លងមកនេះ ហើយ​នៅតែ​រក​ទីបញ្ចប់​គ្នា​នោះ ស​ង្គ្រា​ន​នេះ នឹង​ឈានទៅរក​ដំណាក់កាល​ថ្មី​មួយ​ផ្សេងទៀត ក្រោយ​បរាជ័យ​របស់​កងទ័ព​រុ​ស្ស៉ី កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​អ៊ុយ​ក្រែ​ន បាន​វាយបក​យ៉ាង​លឿន ខណៈ​ក្រុង​មូ​ស្គូ​កំពុង​ប៉ុនប៉ង​ប្រើប្រាស់​លទ្ធផល​បោះឆ្នោត​ប្រជាមតិ នៅ​តំបន់​ភាគ​ខាងកើត និង ខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ដាក់​តំបន់​ទាំង​៤​របស់​អ៊ុយ​ក្រែ​ន ទៅជា​ទឹកដី​របស់​រុស្ស៊ី ហើយ​ពង្រីក​នូវ​ប្រតិ​ប​ត្ដិ​ការ​យោធា​របស់ខ្លួន​៕​