អាមេរិក ចោទ​កំពូល​អ្នកមាន​រុស្ស៊ី រំលោភ​ទណ្ឌកម្ម​ប្រឆាំងនឹង​វិមាន​ក្រឹម​ឡាំង​

ព័ត៌មានអន្តរជាតិ
0
146


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​សកម្មភាព​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន នេះ មាន​កំពូល​អ្នកមាន​រុស្ស៊ី​ជាច្រើន​នាក់ ត្រូវ​ប្រឈមមុខ​នឹង​ទោសទណ្ឌ ពី​បណ្ដា​ប្រទេស​បស្ចិម​លោក ហើយ​ឥឡូវនេះ សហរដ្ឋអាមេរិក បាន​ចោទប្រកាន់​ទៅលើ​មហាសេដ្ឋី​រុស្ស៊ី លោក អូ​ឡែគ វ្ល៉ា​ឌី​មៀ​រ៉ូ​វិច ដែ​រី​ប៉ា​ស្កា (Oleg Vladimirovich Deripaska) ពីបទ​រំលោភបំពាន​លើ​ទណ្ឌកម្ម ប្រឆាំងនឹង​ក្រុង​មូ​ស្គូ បាន​ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។​

​សារព័ត៌មាន Daily Kos បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៣០ ខែកញ្ញា ថា មហាសេដ្ឋី​រុស្ស៊ី លោក Oleg Vladimirovich Deripaska បាន​រង​នូវ​ការចោទប្រកាន់ ពីបទ​គេចវេះ ពី​ការដាក់ទណ្ឌកម្ម ដែលជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត ដោយ​ក្រសួងយុត្តិធម៌ ដើម្បី​រក្សា​ប្រជាជន​រុស្ស៊ី ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន មាន​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ឲ្យ​ទទួលខុសត្រូវ ចំពោះ​ការបំពានច្បាប់​របស់​ស​ហ​រដ្ឋ​អាមេរិក ខណៈ​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​ផ្ទុះឡើង​។​

​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បិទ​ការចោទប្រកាន់​មួយ ដែល​បាន​ចោទប្រកាន់ ទៅលើ​មហាសេដ្ឋី​រុស្ស៊ី លោក Deripaska និង អ្នក​សហការ​ចំនួន​២​នាក់​ផ្សេងទៀត ជា​ពលរដ្ឋ​អាមេរិក​ម្នាក់ គឺ​អ្នកស្រី អូ​ល​ហ្កា ស្រី​គី (Olga Shriki) និង ជនជាតិ​រុស្ស៊ី ម្នាក់ គឺ​លោក ណា​តា​លៀ មី​ខាយ​ឡូ​វណា បា​ដា​កូ​វ៉ា (Natalia Mikhaylovna Bardakova) ពីបទ​ឃុបឃិត​រំលោភបំពាន លើ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ដែល​ដាក់​លើ​ឧកញ៉ា និង ក្រុមហ៊ុន​វិនិយោគឯកជន​របស់គាត់ ឈ្មោះ Basic Element ។ ជាមួយគ្នានេះដែរ អ្នកស្រី អេ​កា​តែ​រី​ណា អូ​ឡែ​ហ្គោ​វណា វ៉ូ​រ៉ូ​នី​ណា (Ekaterina Olegovna Voronina) ជា​ស្រី​ស្នេហ៍​របស់​មហាសេដ្ឋី​រុស្ស៊ី លោក Deripaska ក៏បាន​ចោទប្រកាន់ ពី​ការបញ្ចេញ​សេចក្ដីថ្លែងការណ៍​ក្លែងក្លាយ ផ្ញើ​ទៅកាន់​អាជ្ញាធរ​សហរដ្ឋអាមេរិក ដោយសារ​លោកស្រី មាន​គោលបំណង ចូលមក​កាន់​ទឹកដី​សហរដ្ឋអាមេរិក ដើម្បី​សម្រាលកូន​ដល់​គូស្នេហ៍​របស់​ពួកគេ​។​

​លោក មែរ​រីក ហ្កា​ឡែ​ន​ដ៍ (Merrick Garland) រដ្ឋមន្ដ្រីក្រសួង​យុ​ត្ដិ​ធ​ស់​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា «​បន្ទាប់ពី​មានការ​ឈ្លានពាន ដោយ​អយុត្តិធម៌ និង គ្មាន​ការ​ញុះញង់​របស់​រុស្ស៊ី មកលើ​អ៊ុយ​ក្រែ​ន ខ្ញុំ​បាន​សន្យា​ជាមួយ​ប្រជាជន​អាមេរិក ថា ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក នឹង​ទទួលខុសត្រូវ ចំពោះ​អ្នក​បំពាន​ច្បាប់​របស់​យើង និង គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​យើង​។ ចំណែក​ការចោទប្រកាន់ នៅថ្ងៃនេះ បង្ហាញថា យើង​កំពុងតែ​រក្សា​នូវ​ការសន្យា​ទាំងនេះ​»​។​

​លោក​មហាសេដ្ឋី Deripaska និង ក្រុម​ឧកញ៉ា មាន​ទ្រព្យធន​កំពូលៗ​របស់​រុស្ស៊ី ចំនួន​២៣​នាក់ និង ក្រុមមន្ដ្រី​ជាន់ខ្ពស់​រប​ស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ កាលពី​ខែមេសា ឆ្នាំ​២០១៨ បាន​ប្រឈមមុខ​នឹង​វិធានការ​ដ៏​លំបាក​បំផុត ចេញ​ដោយ​សហរដ្ឋអាមេរិក នៅក្នុង​ការឆ្លើយតប​ទៅនឹង​វិមាន​ក្រឹម​ឡាំង ជុំវិញ​ការ​រឹបអូស​ឧបទ្វីប​គ្រី​មៀ (Crimea) របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដាក់​ជា​ទឹកដី​រុស្ស៊ី នៅក្នុង​ឆ្នាំ​២០១៤ ហើយ​បាន​ចោទប្រកាន់ ពី​ការជ្រៀតជ្រែក ចូលក្នុង​កិច្ចការ​បោះឆ្នោត​របស់​ស​ហ​រដ្ឋ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៦​។​

​ដោយឡែក មហាសេដ្ឋី​រុស្ស៊ី បាន​ឆ្លើយតប នៅពេលនោះ ថា ការចោទប្រកាន់​នេះ គា្មន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ក៏បាន​ប្តឹង ទៅកាន់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស នៃ​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ដែល​ត្រួតពិនិត្យ លើ​គោលនយោបាយ ដាក់ទណ្ឌកម្ម​របស់​ស​ហ​រដ្ឋ​អាមេរិក​។ ប៉ុន្ដែ​ចៅក្រម​របស់​តុលាការ​ប្រចាំ​ស្រុក​របស់​អាមេរិក បាន​ច្រានចោល​បណ្តឹង​នោះ កាលពី​ឆ្នាំមុន​។​

​ក្រសួង​យុត្ដិធម៌​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា អាជ្ញាធរ​អាមេរិក បាន​ចោទប្រកាន់ ថា ក្រោយ​ការដាក់ទណ្ឌកម្ម នៅ​ឆ្នាំ​២០១៨ នោះមក មហាសេដ្ឋី​រុស្ស៊ី លោក Deripaska បាន​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស ដោយ​ខុសច្បាប់ ដើម្បី​រក្សា​អចលនទ្រព្យ​ដ៏​ប្រណីត​ចំនួន​៣ នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​។ លុះ​មកដល់​ឆ្នាំ​២០១៩ អ្នកស្រី Shriki ជា​បក្ខពួក​របស់​មហា​សេដ្ឋី​រុស្ស៊ី លោក Deripaska បាន​ជួយ​រៀបចំ​ការលក់​ស្ទូ​ឌី​យោ​តន្ត្រី​កាលីហ្វ័រ​ញ៉ា ជា​កម្មសិទ្ធិ​របស់​មហា​សេដ្ឋី​រូបនេះ តាមរយៈ​ក្រុមហ៊ុន Shell ជាច្រើន ដែល​ប្រមូលបាន​លុយ​ជាង​៣​លាន​ដុល្លារ​។ ក្រោយមក អ្នកស្រី​បាន​ព្យាយាម​ផ្ទេរ ទៅក្នុង​គណនី​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​រុស្ស៊ី​។​

​លោកស្រី លី​សា ម៉ូ​ណា​កូ (Lisa Monaco) អនុ​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍ ថា ស្របពេល​កំពុងតែ​បម្រើ​ការងារ​ដល់​វិស័យ​រដ្ឋ និង វិស័យ​ថាមពល​របស់​រុស្ស៊ី នោះ មហាសេដ្ឋី លោក Oleg Deripaska បាន​ព្យាយាម គេច​ចេញពី​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក តាមរយៈ​ការ​ភូតកុហក និង ការបោក​បញ្ឆោត ដើម្បី​រកប្រាក់ និង ទទួលបាន​អត្ថប្រយោជន៍ ពី​វិធីសាស្ដ្រ​រស់នៅ​របស់​អាមេរិក​៕​