​បើកភ្នែក​មិនទាន់ កូរ៉េខាងជើង បន្ដ​បាញ់​មី​ស៊ី​ល​បំភ័យ​ជប៉ុន និង កូរ៉េខាងត្បូង​

ព័ត៌មានអន្តរជាតិ
0
193


​រដ្ឋធានី​សេ​អ៊ូ​ល​៖ ស្របពេល​ស្ថានការណ៍ កំពុងតែ​តានតឹង​ខ្លាំង នៅក្នុង​តំបន់ និង ចំពេល​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​អាស៊ី​បូព៌ា​នោះ ប្រទេស​កូរ៉េខាងជើង បាន​បន្ដ​បាញ់​សាកល្បង​មី​ស៊ី​ល​បា​លិ​ស្ទីក (Ballistic Missile) ចំនួន​៤​គ្រាប់ នៅក្នុង​រយៈពេល​ត្រឹមតែ​១​សប្ដាហ៍​ប៉ុណ្ណោះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​១ ខែតុលា ថា មន្ដ្រី​ជប៉ុន បាន​រាយការណ៍ ថា គ្រាប់​មី​ស៊ី​ល​បា​លិ​ស្ទីក បាន​ហោះ នៅក្នុង​ចម្ងាយ​៤០០​គីឡូម៉ែត្រ និង នៅក្នុង​រយៈកម្ពស់​អតិបរមា ប្រហែល​៥០​គីឡូម៉ែត្រ​។​

​បើតាម​ក្រុមមន្ដ្រី​ជប៉ុន និង កូរ៉េខាងត្បូង បាន​អះអាងថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក រយៈ​ចម្ងាយ​ខ្លី ចំនួន​២​គ្រាប់ ចេញពី​តំបន់​ទីក្រុង​ព្យុងយ៉ាង (Pyongyang) សំដៅទៅ​កាន់​ឆ្នេរសមុទ្រ​របស់​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ​។ ប៉ុន្ដែ​បើ​គិត​ត្រឹមតែ​រយៈពេល​១​សប្ដាហ៍​ប៉ុណ្ណោះ ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល រហូតដល់​ចំនួន​៤​គ្រាប់​។​

​បណ្ដាញ​ទូរទស្សន៍​ជាតិ​ជប៉ុន NHK បាន​ផ្សាយ ថា គ្រាប់​មី​ស៊ី​ល ជាច្រើន​គ្រាប់ បាន​បាញ់​ចេញពី​ប្រទេស​កូរ៉េខាងជើង កាលពី​ព្រឹក ថ្ងៃ​សៅរ៍​។ បើតាម​ប្រភពពី​រដ្ឋាភិបាល អះអាងថា កាំជ្រួច​ទាំងនោះ ហាក់ដូចជា​បាន​ធ្លាក់ នៅ​ខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន​។​

​ឆ្មាំ​សមុទ្រ​ជប៉ុន បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាល​ពេលវេលា​ម៉ោង​៦ និង​៤៧​នា​ទិ​ព្រឹក ថ្ងៃ​សៅរ៍ ម៉ោង នៅក្នុង​តំបន់ ថា «​អ្វីដែល​បានឃើញ ជា​គ្រាប់​មី​ស៊ី​ល​បា​លិ​ស្ទីក ត្រូវបាន​បាញ់ ចេញពី​ប្រទេស​កូរ៉េខាងជើង​»​។​

​ការិយាល័យ​របស់លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ដ្រី​ជប៉ុន បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា គ្រាប់​ជ្រួច​ចុងក្រោយ​នេះ កំពុងតែ​វិភាគ និង ណែនាំ សម្រាប់​សុវត្ថិភាព​របស់​មនុស្ស យន្តហោះ និង នាវា​។​

​កូរ៉េខាងជើង កាលពី​ថ្ងៃ​ពុធ បាន​បាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក រយៈ​ចម្ងាយ​ខ្លី សំដៅ​ទៅកាន់​សមុទ្រ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក៏បាន​បន្ដ​បាញ់​មី​ស៊ី​ល​បន្ថែមទៀត ដោយ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន និង ក្រោយ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក​ស្រី កា​ម៉ា​ឡា ហារ​រី​ស (Kamala Harris) អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក មកដល់​ប្រទេស​កូរ៉េខាងត្បូង​។ នៅក្នុង​អំឡុងពេល​មកដល់​រដ្ឋធានី​ស៊េ​អូ​ល ប្រទេស​កូរ៉េខាងត្បូង នោះ លោកស្រី អនុ​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ អំពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​សន្តិសុខ​របស់​សម្ពន្ធមិត្ត នៅ​អាស៊ី​បូព៌ា​របស់​ក្រុង​វ៉ាស៊ីនតោន​។​

​ការបាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក​ចុងក្រោយ​របស់​កូរ៉េខាងជើង បានកើត​ឡើង ក្រោយពេល​កងទ័ពជើងទឹក​របស់​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន បានធ្វើ​សមយុទ្ធ​យោធា​ត្រីភាគី ប្រឆាំងនឹង​នាវាមុជទឹក ជា​លើកដំបូង នៅក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ​។

​ដោយឡែក លោក តូ​ស៊ី​រ៉ូ អ៊ី​ណូ (Toshiro Ino) អនុរដ្ឋមន្ដ្រី ក្រសួងការពារជាតិ​ជប៉ុន បានបញ្ជាក់ ថា «​ការបាញ់​មី​ស៊ី​ល​ម្ដង​ហើយ​ម្ដងទៀត​របស់​កូរ៉េខាងជើង កំពុងតែ​បង្កើន​នូវ​ការ​បង្កហេតុ ជា​បន្តបន្ទាប់​។ សកម្មភាព​របស់​កូរ៉េខាងជើង ជា​គំរាមកំហែង​ដល់​សន្តិភាព និង សុវត្ថិភាព មិន​ត្រឹមតែ សម្រាប់​ប្រទេស​ជប៉ុន ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​បង្ក​នូវ​ការគំរាមកំហែង​ដល់​តំបន់ និង សហគមន៍​អន្តរជាតិ​ផងដែរ ព្រោះ​ត្រឹមតែ​រយៈពេល​១​សប្តាហ៍ កូរ៉េខាងជើង បាញ់​មី​ស៊ី​ល រហូតដល់​៤​គ្រាប់​។​

​លោក​អនុរដ្ឋមន្ដ្រី ក្រសួងការពារជាតិ​ជប៉ុន បាន​បន្ថែមថា គ្រាប់​មី​ស៊ី​ល​ទាំងនោះ បាន​ហោះ នៅក្នុង​រយៈកម្ពស់​អតិបរមា ៥០​គីឡូម៉ែត្រ និង ចម្ងាយ​៤០០​គីឡូម៉ែត្រ មុននឹង​វា​ធ្លាក់ចុះ​ទៅក្នុង​សមុទ្រ​របស់​ជប៉ុន ស្ថិតនៅ​ខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន​។​

​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល ជាច្រើន​គ្រាប់ នៅ​ឆ្នាំ​២០២២​នេះ ហើយ​អ្នកវិភាគ​មើលឃើញថា ការបង្កើន​ល្បឿន នៃ​ការសាកល្បង​នេះ ក៏​ជា​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​កសាង​សមត្ថភាព​កាំជ្រួច​ផ្លោង​របស់​ក្រុង​ព្យុងយ៉ាង ក៏ដូចជា ការទាញយក​ផ​ផ​ប្រយោជន៍ ពី​ពិភពលោក ដែល​កំពុងតែ​រំខាន ដោយ​ជម្លោះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង វិបត្តិ​ផ្សេងៗ​ទៀតផង​ដែរ​។ ការធ្វើ​តេស្ត​នុយក្លេអ៊ែរ និង ការបាញ់​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង ត្រូវបាន​ហាមឃាត់ ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អស់​រយៈពេល​ជា​យូរ​មកហើយ​។​

​លោក ឡេ​ហ្វ​-​អេ​រិ​ក អ៊ី​ស្លេ (Leif-Eric Easley) សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ អេ​ហា (Ewha) ស្ថិតក្នុង​រដ្ឋធានី​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង បានបញ្ជាក់ ថា «​បើទោះជា​ភាពទន់ខ្សោយ​ផ្ទៃក្នុង​របស់​កូរ៉េខាងជើង និង ភាព​ឯកោ ពី​អន្តរជាតិ យ៉ាងណាក៏ដោយ ក៏​ក្រុង​ព្យុងយ៉ាង កំពុងតែបន្ដ​ធ្វើ​ស​ព្វា​វុ​ធោ​ប​នីយកម្ម យ៉ាង​ឆាប់រហ័ស និង ទាញយក​ផលប្រយោជន៍ ពី​ពិភពលោក ដែល​កំពុងតែ​បែងចែក ដោយ​គូប្រជែង រវាង​សហរដ្ឋអាមេរិក និង ចិន ហើយ​ការដាក់បញ្ចូល​តំបន់​ចំនួន​៤​វ​របស់​អ៊ុយ​ក្រែ​ន ដែល​កាន់កាប់​ដោយ​ទាហាន​ក្រុង​មូ​ស្គូ ទៅជា​ទឹកដី​របស់​រុស្ស៊ី​»​។​
​កងទ័ពជើងទឹក​រប​ស់​សហរដ្ឋអាមេរិក កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ ដើរ ដោយ​ថាមពលនុយក្លេអ៊ែរ​ដ៏​ទំនើប​របស់ខ្លួន USS Ronald Reagan ចូលមក​ដល់​ដែនទឹក​របស់​កូរ៉េខាងត្បូង ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​រួម​ជា​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​។ ដំណើរ​មកដល់​របស់​នាវា​ផ្ទុក​យន្ដហោះ USS Ronald Reagan របស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​អាស៊ី​បូព៌ា នេះ ក៏​ជាការ​បង្ហាញ អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ការពារ​សម្ពន្ធមិត្ត នៅក្នុង​តំបន់ សម្រាប់​ការត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង មកពី​ប្រទេស​កូរ៉េខាងជើង ផងដែរ​៕