
រដ្ឋធានីកៀវ៖ មន្ដ្រីកំពូលៗរបស់ក្រុងមូស្គូ តែងតែគំរាមកំហែងជាញឹកញាប់ អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក ហើយបច្ចុប្បន្ន មេដឹកនាំតំបន់ឆេកឆេន ជាមនុស្សជំនិតមួយរូបរបស់ប្រធានាធិបតី ពូទីន កំពុងតែអំពាវនាវ ដល់វិមានក្រឹមឡាំង ឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់ ខណៈកងទ័ពក្រុងកៀវ កំពុងតែវាយប្រហារយ៉ាងសន្ធាប់ ដើម្បីរំដោះទឹកដីរបស់ខ្លួន ត្រឡប់មកវិញ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ថា ក្រោយពេលមេដឹកនាំតំបន់ឆេកឆេន (Chechnya) លោក រ៉ាមហ្សាន កាឌីរ៉ូវ (Ramzan Kadyrov) បានអំពាវនាវឱ្យរុស្ស៊ី ប្រើប្រាស់«អាវុធនុយក្លេអ៊ែរ» កាលពីចុងសប្តាហ៍មុននោះមក វិមានក្រឹមឡាំង បានអះអាង ថា ក្រុងមូស្គូ ពេញចិត្តនឹងវិធីសាស្ត្រ ប្រកបដោយតុល្យភាពនេះ។
លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានលើកឡើង អំពីការអត្ថាធិប្បាយរបស់លោក Kadyrov ដោយបានរិះគន់ដល់ការដឹកនាំយោធារបស់រុស្ស៊ី ផងដែរ ជុំវិញបរាជ័យ នៅក្នុងសមរភូមិ នៅអ៊ុយក្រែន។ ក្រៅពីនេះ លោក កាឌីរ៉ូវ ថែមទាំងបានអះអាង ថា គាត់មានសិទ្ធិត្រឹមតែបញ្ចេញមតិ ប៉ុន្តែអារម្មណ៍មិនគួរជំរុញដល់យុទ្ធសាស្ត្រយោធារបស់រុស្ស៊ី នោះឡើយ។
អ្នកនាំពាក្យ វិមានក្រឹមឡាំង រូបនេះ បានបញ្ជាក់ ថា មូលដ្ឋាន សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ ត្រូវបានកំណត់ នៅក្នុងគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី។
ដោយឡែក ការគំរាមកំហែងរបស់រុស្ស៊ី អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះ ក៏មិនមែនជាលើកទី១នោះដែរ ពោលគឺមេដឹកនាំក្រុងមូស្គូ បានព្រមានដល់បណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ចាប់តាំងពីការលើកទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មកម្ល៉េះ។ ប៉ុន្ដែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ធ្លាប់បានព្រមានដល់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រទេសរុស្ស៊ី ប្រសិនបើប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន៕