
រដ្ឋធានីកៀវ៖ ក្រោររិះគន់ពីបរាជ័យរបស់កម្លាំងទាហានរបស់ក្រុងមូស្គូ នៅលើសមរភូមិរបស់អ៊ុយក្រែន នោះ ឥឡូវមេដឹកនាំតំបន់ឆេឆេន ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជូនកូនប្រុសរបស់គាត់ ចំនួន៣នាក់ មានអាយុចន្លោះពី១៤ដល់១៦ឆ្នាំ ទៅចូលសមរភូមិ នៅប្រទេសជិតខាង។
សារព័ត៌មាន Daily Mail បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣ ខែតុលា ថា មេទ័ពឆេឆេន របស់លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា គាត់កំពុងតែបញ្ជូនកូនប្រុសរបស់គាត់ ចំនួន៣នាក់ មានអាយុចន្លោះពី១៤ ដល់១៦ឆ្នាំ ទៅប្រយុទ្ធ នៅក្នុងសមរភូមិរបស់ប្រទេសអ៊ុយក្រែន។ មនុស្សដ៏ជំនិតបំផុតមួយរូបរបស់មេដឹកនាំវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបង្ហោះឃ្លីបវីដេអូ ដោយបានបង្ហាញ អំពីជំនាញរបស់ពួកគេ ជាមួយនឹងការប្រើប្រាស់កាំភ្លើងម៉ាស៊ីន និង រថក្រោះ។
លោក រ៉ាមហ្សាម កាឌីរ៉ូវ (Ramzm Kadyrov) មេដឹកនាំតំបន់ឆេកឆេន (Chechen) បានបញ្ជាក់ ថា កូនប្រុសរបស់គាត់ទាំង៣នាក់នេះ គឺកូនបងអាយុ១៦ឆ្នាំ កូនបន្ទាប់មានអាយុ១៥ឆ្នាំ និងកូនម្នាក់ទៀត មានអាយុ១៤ឆ្នាំ នឹងត្រូវធ្វើដំណើរ ទៅកាន់សមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន។ មេដឹកនាំរូបនេះ ថែមទាំង បានបង្ហោះវីដេអូ ពីសកម្មភាពរបស់កូនប្រុសគាត់ ប្រើប្រាស់កាំភ្លើងយន្ដ និង មីស៊ីល ផងដែរ។
លោក រ៉ាមហ្សាន កាឌីរ៉ូវ បានសម្រេចចិត្តបញ្ជូនកូនប្រុសរបស់គាត់ ទៅប្រយុទ្ធប្រឆាំងនឹងនឹងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ក្រោយពេលវិមានក្រឹមឡាំង បានច្រានចោលនូវការអត្ថាធិប្បាយរបស់គាត់ កាលពីថ្ងៃអាទិត្យ ទី២ ខែតុលា តាមអ្វីដែលគាត់ បានអំពាវនាវឱ្យរុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន។
លោក រ៉ាមហ្សាម កាឌីរ៉ូវ (Ramzm Kadyrov) មេដឹកនាំតំបន់ឆេកឆេន (Chechen) ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយក៏ជាអ្នកតស៊ូមតិដ៏ខ្លាំងបំផុតមួយ សម្រាប់ការបង្កើនសកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន។ ចំណែកកងទ័ពរបស់គាត់ ក៏មានកេរ្តិ៍ឈ្មោះមិនសូវល្អ ជុំវិញការប្រើប្រាស់អំពើឃោរឃៅផងដែរ។
មេដឹកនាំតំបន់ឆេកឆេន (Chechen) រូបនេះ បានសរសេរ នៅលើបណ្ដាញសង្គមតេឡាក្រាម ដោយបង្ហោះវីដេអូ អំពីសកម្មភាពរបស់ក្មេងប្រុស ចំនួន៣នាក់ បាញ់កាំជ្រួច ថា «វាដល់ពេល សម្រាប់ការបង្ហាញខ្លួន នៅក្នុងការប្រយុទ្ធដ៏ពិតប្រាកដមួយ ខ្ញុំអាចស្វាគមន៍នូវការចង់បានបែបនេះខ្លាំងណាស់។ ប៉ុន្ដែនៅក្នុងរយៈពេលដ៏ឆាប់ៗខាងមុខនេះ ពួកគេនឹងទៅកាន់សមរភូមិ ហើយនឹងត្រូវប្រឈមមុខនឹងការលំបាកខ្លាំងផងដែរ»។
លោក រ៉ាមហ្សាម កាឌីរ៉ូវ (Ramzm Kadyrov) មេដឹកនាំតំបន់ឆេកឆេន (Chechen) បានបញ្ជាក់ ថា កូនប្រុសរបស់គាត់ទាំង៣នាក់នេះ មានឈ្មោះ អាខ្មាត មានអាយុ១៦ឆ្នាំ, អែលី មានអាយុ១៥ឆ្នាំ និង អាដាម មានអាយុ១៤ឆ្នាំ។ ពួកគេទាំង៣នាក់នេះ បានហ្វឹកហ្វឺន សម្រាប់ការប្រយុទ្ធ ទាំងនៅកេ្មងខ្ចី ដោយគាត់បានលើកឡើង ថា គាត់មិនមែននិយាយលេងនោះទេ។ ពួកគេ អាចមានជំនាញបាញ់គ្រាប់រ៉ុក្កែត និង កាំភ្លើងយន្ដជាច្រើនប្រភេទ។
ការបង្ហាញវីដេអូ ពីសកម្មភាពរបស់ក្មេងទាំង៣នាក់នេះ បាញ់កាំភ្លើង បានកើតឡើង ក្រោយពេលវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានទាត់ចោលនូវសេចក្ដីថ្លែងការណ៍មួយ ត្រូវធ្វើឡើង កាលពីថ្ងៃអាទិត្យ ដោយលោក Kadyrov ដោយបានអំពាវនាវដល់លោក ពូទីន ឲ្យដាក់ពង្រាយនូវអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ចំពេលសកម្មភាពយោធារបស់រុស្ស៊ី បានទទួលបរាជ័យ ជាបន្ដបន្ទាប់ ជាពិសេស នៅតំបន់ភាគឦសាន ប្រទេសមួយនេះ។
លោក Kadyrov ជាអតីតមេដឹកនាំសង្គ្រាម គ្រប់គ្រងសាធារណរដ្ឋឆេកឆេន( Chechnya) ភាគច្រើន ប្រកាន់សាសនាមូស្លីម ក៏ជាអ្នកគាំទ្រសំឡេងដ៏ច្រើនបំផុតរបស់រុស្ស៊ី ជុំវិញការវាយលុករបស់ប្រធានាធិបតី លោក ពូទីន ទៅលើប្រទេសអ៊ុយក្រែន។ គាត់ត្រូវបានលោក ពូទីន ដាក់ឲ្យកាន់អំណាច នៅក្នុងឆ្នាំ២០០៧ ដើម្បីគ្រប់គ្រងតំបន់ ដែលបានប្រយុទ្ធនឹងសង្គ្រាមបង្ហូរឈាមពេញមួយទសវត្សរ៍ ឆ្នាំ១៩៩០ រហូតដល់ដើមឆ្នាំ២០០០ ដើម្បីឯករាជភាព កាត់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់ក្រុងម៉ូស្គូ។
ចាប់តាំងពីកងរថក្រោះរបស់រុស្ស៊ី បានរត់ឆ្លងកាត់ព្រំដែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក មេដឹកនាំឆេឆេនរូបនេះ បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ ទៅដល់ក្រសួងការពារជាតិរុស្ស៊ី ឱ្យដាក់កម្លាំងបន្ថែម សម្រាប់សង្គ្រាមនេះ។ ក្រៅពីនេះ គាត់ថែមទាំងបានអំពាវនាវទៅដល់បុរសជាជនជាតិរុស្ស៊ី មានអាយុអាចចូលរួមប្រយុទ្ធ នៅឆេឆេន អាចស្ម័គ្រចិត្ត ទៅប្រយុទ្ធ ដើម្បីផលប្រយោជន៍របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះ មេដឹកនាំឆេឆេន រូបនេះ ក៏ទទួលបានកិត្តិយផងដែរ សម្រាប់ការបង្ខំកូនប្រុសរបស់គាត់ ឱ្យទៅប្រឈមមុខនឹងការលំបាក តាំងពីក្មេងបែបនេះ។ នៅក្នុងអំឡុងឆ្នាំ២០១៦ គាត់បានបញ្ចូលឈ្មោះកូនរបស់គាត់ ដែលមានអាយុទើបតែ១០ឆ្នាំ, ៩ឆ្នាំ និង ៨ឆ្នាំ ឲ្យចូលរួមប្រកួតក្បាច់គុន។ ឃ្លីបវីដេអូប្រកួតនោះ បានផ្ទុះឡើងយ៉ាងខ្លាំង ហើយថែមទាំងនាំឲ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ៕