​ក្រុង​ប៉េកាំង ព្រមាន​អំពី​ផលវិបាក​យ៉ាង​ធ្ងន់​បំផុត​ដល់​ក្រុង​វ៉ាស៊ីនតោន ប្រសិនបើ​សហរដ្ឋអាមេរិក អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន ចូល​អង្គការ​ណា​តូ​

ព័ត៌មានអន្តរជាតិ
0
126


​រដ្ឋធានី​ប៉េកាំង​៖ ក្រោយពេល​វិមាន​ក្រឹ​ឡាំង បានដាក់​តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី នោះមក ទើប​ជំរុញ​ឲ្យ​ក្រុង​កៀវ ដាក់ពាក្យ​ជា​ផ្លូវការ សុំចូល​ជា​សា​មា​ជិ​ករ​បស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក (NATO) ប៉ុន្ដែ​នៅពេលនេះ ចិន បាន​ព្រមាន​អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​សហរដ្ឋអាមេរិក និង​សម្ពន្ធមិត្ត​។​

​សារព័ត៌មាន Daily Mail បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែតុលា ថា ចិន បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក ថា បញ្ហា​នេះ អាច​ប្រឈមមុខ​នឹង​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បំផុត រួមទាំង​ការរំពឹងទុក អំពី​ការប្រើប្រាស់​សង្គ្រាម​នុយក្លេអ៊ែ​រ ផងដែរ ប្រសិនបើ​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន ចូលរួម​ជាមួយ​អង្គកា​រ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ។ ករណីនេះ នឹង​អាច​អូសទាញ​សម្ពន្ធមិត្ត​របស់​ណា​តូ មាន​សមាជិក ចំនួន​៣០​ប្រទេស យក​ចូលទៅក្នុង​ជម្លោះ​របស់​ប្រទេស​នេះ ជាមួយនឹង​រុស្ស៊ី បន្ថែមទៀត​។​

​នៅក្នុង​អត្ថបទ​វិចារណកថា កាលពី​ថ្ងៃអាទិត្យ បានចេញ​ផ្សាយ នៅលើ​សារព័ត៌មាន Global Times គ្រប់គ្រង ដោយ​រដ្ឋ​ចិន បាន​ឲ្យ​ដឹងថា ក្រុង​ប៉េកាំង បាន​ព្រមាន ថា ការអនុញ្ញាតឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ចូលទៅក្នុង​សម្ពន្ធមិត្ត​របស់​អង្គការ​ណា​តូ ដូច​អ្វីដែល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky) បានស្នើ​សុំ នឹង​នាំឱ្យមាន​ការកើនឡើង ដោយ​មិនអាច​ចៀស​រួច នៅក្នុង​ជម្លោះ​មួយ​នេះ រហូត​ជំរុញឱ្យមាន​ការគំរាមកំហែង ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) នៅក្នុង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប្រឆាំងនឹង​បណ្ដា​ប្រទេស​បស្ចិម​លោក និង សម្ពន្ធមិត្ត​។​

​ដោយឡែក លោក ជេ​ក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan) ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន ថា អង្គការ​ណា​តូ គួរតែ​ពន្យារពេល លើ​កិច្ចពិភាក្សា ស្តីពី​ការអនុញ្ញាតឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​។

​សារព័ត៌មាន Global Times បាន​ព្រមាន​ថា «​បណ្តា​ប្រទេស​អឺរ៉ុប​ទាំងអស់ នឹង​ភ័យរន្ធត់ ក្រោម​ស្រមោល​សង្គ្រាម​នុយក្លេអ៊ែរ ដែល​អាច​នឹង​កើតឡើង ប្រសិនបើ​អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក​របស់​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ​។ ជាមួយគ្នានេះ Global Times ក៏បាន​អំពាវនាវ​ដល់​សម្ពន្ធមិត្ត​លោកខាងលិច គួរតែ​ដកខ្លួន ចេញពី​ការជាប់​ពាក់ព័ន្ធ​ជា​យូរ​មកហើយ​របស់ខ្លួន នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​។​

​សារព័ត៌មាន Global Times បាន​សរសេរ ថា «​ក្នុងករណី​នោះ នឹង​មិនមាន​សន្តិសុខ សម្រាប់​អ្នកណាម្នាក់​នោះឡើយ ហើយ​វា​មិនមែន ត្រឹមតែ​សម្រាប់​អ៊ុយ​ក្រែ​ន គឺ​វា​នឹង​បង្ក​គ្រោះថ្នាក់ សម្រាប់​ពិភពលោក​ទាំងមូល​។ ប៉ុន្ដែ​ការជំនួស​បន្ដ​ដំណោះស្រាយ ស្វែងរក​នូវ​ការបញ្ចប់​ជម្លោះ​នេះ ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ម្តង​ហើយ​ម្តងទៀត ថា សហរដ្ឋអាមេរិក កំពុងតែ​ដាក់បន្ទុក​ឆ្ពោះទៅរក​ទិសដៅ​ផ្សេងទៀត ដោយ​ដុត​ភ្លើងសង្គ្រាម​បន្ដទៀត​»​។​

​វិចារណកថា​របស់ Global Times បានចេញ​ផ្សាយ ចំពេល​មានការ​អត្ថាធិប្បាយ​ជា​បន្តបន្ទាប់ ដោយ​សម្ពន្ធមិត្ត​ជា​ប្រពៃណី​របស់​រុស្ស៊ី ដូចជា ឥណ្ឌា និង សាធារណរដ្ឋ​ឆេ​ឆេន ដោយបាន​បង្ហាញ អំពី​ការយល់ច្រឡំ ជុំវិញ​សង្គ្រាម ឬ ការរំពឹងទុក​លើ​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​ជម្លោះ នៅ​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី បានទទួល​ស្គាល់​ជា​សាធារណៈ ថា ប្រទេស​ចិន​ខ្លួនឯង បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ខ្លះៗ ចំពោះ​ទិសដៅ​សង្គ្រាម ខណៈ ប្រទេស​ទាំង​២ បាន​ស្វែងរក​ការ​តម្រឹម​ខ្លួនឯង ថា ជា​មហាអំណាច ប្រឈមមុខ​នឹង​លោកខាងលិច​។​

​លោក ដា​វីដ ស៊ូ​ល​ម៉ែន (David Shullman) នាយក​ជាន់ខ្ពស់ នៃ Global China Hub របស់​ក្រុមប្រឹក្សា​អា​ត្ល​ង់​ទិ​ក បាន​ប្រាប់ Newsweek ថា វិចារណកថា​របស់ Global Times មិនគួរ ត្រូវបាន​អាន​ជា​ឆន្ទៈ ពី​ក្រុង​ប៉េកាំង ដើម្បី​បញ្ចប់សង្គ្រាម​នោះឡើយ​។ ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​អំពាវនាវ​ទៅកាន់​លោកខាងលិច ដើម្បី​ប្រគល់​តួនាទី​របស់​រុស្ស៊ី ដែល​សហរដ្ឋអាមេរិក និង អង្គការ​ណា​តូ បាន​ស្តីបន្ទោស ចំពោះ​ជម្លោះ​នេះ ហើយ​ថា ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​អ៊ុយ​ក្រែ​ន គឺ​ស្របច្បាប់ ក្រោមលេស ដែល​ខ្លួន​មាន​អារម្មណ៍​ថា មានការ​គំរាមកំហែង ដោយ​ការពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ ទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន តែប៉ុណ្ណោះ​។​

​​លោក Shullman បាន​សរសេរ តាម​អ៊ីមែល ថា «​បាទ​! ប្រទេស​ចិន ចង់ឱ្យ​សង្គ្រាម​បញ្ចប់ ដោយ​ស្របច្បាប់ ព្រោះ​វា​មិនបាន​បម្រើ​ដល់​គោលដៅ​យុទ្ធសាស្ត្រ​របស់ខ្លួន ហើយ​សង្គ្រាម ច្បាស់​ណាស់​ថា មិនល្អ​សម្រាប់​រុស្ស៊ី ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់បំផុត​របស់​ក្រុង​ប៉េកាំង​។ ប៉ុន្តែ​ជាជាង​ការលើកទឹកចិត្ត ឱ្យមាន​ការផ្លាស់ប្តូ​រលើ​ផ្នែក​ណាមួយ​របស់លោក ពូ​ទីន នោះ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង កំពុងតែ​ទម្លាក់កំហុស​ទ្វេដង ទៅលើ​សហរដ្ឋអាមេរិក និង អង្គការ​ណា​តូ ជា​តួអង្គ​ដ៏​អាក្រក់ ដោយបាន​បង្ខំ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន គំរាមកំហែង​លោកខាងលិច កាន់តែខ្លាំង​ឡើង​។ ជា​អកុសល យើង​មិនគួរ​រំពឹង ថា នឹងមាន​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​ណាមួយ ពី​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ដើម្បី​ប្រើប្រាស់​ការ​សន្មត​របស់​ចិន ដោយ​ការប្រើ​កម្លាំង​របស់​រុស្ស៊ី ដើម្បី​លើកទឹកចិត្ត ឲ្យ​មានការ​ទទួលខុសត្រូវ​បន្ថែមទៀត ពី​រុស្ស៊ី​»៕​