ការរំដោះ​បាន​ទីក្រុង​លី​ម៉ាន ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​កាន់តែ​ក្លាហាន បន្ដ​វាយ​រុញច្រាន​ទាហាន​រុស្ស៊ី​បន្ថែមទៀត​

ព័ត៌មានអន្តរជាតិ
0
148


រដ្ឋធានី​កៀវ​៖ ក្រោយ​ទទួលបាន​ជ័យជម្នះ នៅ​ទីក្រុង​លី​ម៉ាន (Lyman) ស្ថិតក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) ដែល​ក្រុង​មូ​ស្គូ បានដាក់​បញ្ចូល ជា​ផ្នែក​មួយ នៃ​ទឹកដី​របស់​រុស្ស៊ី កាលពី​ចុង​សប្ដាហ៍​មុន កំពុងតែ​លើកទឹកចិត្ត​យ៉ាងខ្លាំង ដល់​កងទ័ព​អ៊ុយ​ក្រែ​ន បន្ដទៅ​រំដោះទឹកដី​របស់​ពួកគេ នៅ​តំបន់​លូ​ហាន​ស្ក៍ (Luhansk) ដែល​នៅ​ជិតគ្នា​នោះ​បន្ថែមទៀត​។​

​សារព័ត៌មាន CNBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៣ ខែតុលា ថា អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ បានប្រកាស​ពី​ការគ្រប់គ្រង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ភាគ​ខាងកើត ទីក្រុង​លី​ម៉ាន (Lyman) ទាំងស្រុង​។ កងទ័ព​អ៊ុយ​ក្រេ​ន បានទទួល​ជ័យជម្នះ នៅលើ​សមរភូមិ​ដ៏​សំខាន់បំផុត ក្រោយ​កា​រំដោះទឹកដី​ពី​កម្លាំង​រុស្ស៊ី ដោយបាន​ផ្តល់នូវ​ទីតាំង​ដ៏​មាន​សក្តានុពល សម្រាប់​ការវាយប្រហារ​បន្ថែមទៀត នៅ​ភាគ​ខាងកើត ខណៈ​ពួកគេ​កំពុងតែ​ដាក់​សម្ពាធ​បន្ថែមទៀត ទៅលើ​វិមាន​ក្រឹម​ឡាំង​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បានប្រកាស កាលពី​ថ្ងៃអាទិត្យ ថា ជោគជ័យ​របស់​ទាហាន​ក្រុង​កៀវ មិនត្រូវ​បានកំណត់ ត្រឹមតែ​ការដណ្តើម​កាន់កាប់​ទីក្រុង Lyman ត្រឡប់មកវិញ​ប៉ុណ្ណោះ​ទេ​។ អ៊ុយ​ក្រែ​ន នឹង​បន្ដ​រំដោះទឹកដី​របស់ខ្លួន ដែល​បាន​បាត់បង់ យក​ត្រឡប់មក​គ្រប់គ្រង​វិញ​។​

បើតាម​មជ្ឈមណ្ឌល​យុទ្ធសាស្ដ្រ​ការពារជាតិ​របស់​អ៊ុយ​ក្រែ​ន Think-Tank បាន​ឲ្យ​ដឹង ថា កងទ័ព​របស់​ក្រុង​កៀវ បាន​រំដោះ​ទីក្រុង​លី​ម៉ាន ត្រឹមតែ​ប៉ុន្មាន​ម៉ោង ក្រោយពេល​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បានប្រកាស កាត់​យក​តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​។ ជ័យជម្នះ នៅលើ​សមរភូមិ​ប្រយុទ្ធ​ដ៏​សាហាវ​នេះ នឹង​ជួយ​ដល់​កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន មាន​សន្ទុះ​វាយ​រុលចូល​ជ្រៅ​ទៅមុខ ដើម្បី​រំដោះទឹកដី​របស់​ពួកគេ ចេញពី​ក្រោម​ការគ្រប់គ្រង​របស់​កម្លាំង​ទាហាន​រុស្ស៊ី និង កាត់ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​គ្រឿង​សឹក និង ភស្ដុភារ​បន្ថែមទៀត​។​

​លោក​វរសេនីយ៍ឯក វិក​ទ័​រ ខែ​វលី​យូ​ក (Viktor Kevlyuk) មកពី​មជ្ឈមណ្ឌល Think-Tank បានបញ្ជាក់ ថា «​តាមរយៈ​ជ័យជម្នះ នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​សឹក នៅ​ទីក្រុង Lyman នេះ យើង​កំពុងតែ​បោះជំហាន​ឆ្ពោះទៅ​កាន់កាប់ លើផ្លូវ​ភាគ​ខាងជើង ឆ្ពោះទៅកាន់​ភាគខាងត្បូង ជា​លើក​ទី​ពីរ​... ហើយ​នេះ​មានន័យថា ខ្សែសង្វាក់​ផ្គត់ផ្គង់​ទី​២​នេះ នឹងត្រូវ​កាត់ផ្ដាច់​ដល់​ការដឹកជញ្ជូន​សម្ភារ​យោធា និង ភស្ដុភា​របស់​រុស្ស៊ី​»​។​

​ជាមួយគ្នានេះដែរ លោក ស៊ើ​រ​ហ៊ី​យ ហាយ​ដាយ (Serhiy Haidai) ប្រធាន​តំបន់​លូ​ហាន​ស្ក៍ (Luhansk) បានបញ្ជាក់ ថា ការរំដោះ​បាន​ទីក្រុង​លី​ម៉ាន ជា​កត្តា​ដ៏​សំខាន់​មួយ សម្រាប់​ការ​វាយ​ដណ្ដើមយក​ទឹកដី ដែល​បាត់បង់ នៅក្នុង​តំបន់ Luhansk ត្រឡប់មកវិញ​។​

​លោក​ប្រធាន​តំបន់​លូ​ហាន​ស្ក៍ បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម ថា «​ការរំដោះ​ទីក្រុង​លី​ម៉ាន ស្ថិតក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ នេះ ក៏​ជា​កត្ដា​ដ៏​សំខាន់​មួយ សម្រាប់​ការបញ្ឈប់​នូវ​ការកាន់កាប់​បន្ថែមទៀត នៅ​តំបន់ Luhansk»៕​