មន្ដ្រី​សំខាន់ៗ​របស់​ប្រធានាធិបតី​ពូ​ទីន បន្ដ​ទាមទារ​ក្រុង​មូ​ស្គូ ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​

ព័ត៌មានអន្តរជាតិ
0
151



​រដ្ឋធានី​កៀវ​៖ មន្ដ្រី​កំពូលៗ​របស់​ក្រុង​មូ​ស្គូ តែងតែ​គំរាមកំហែង​ជា​ញឹកញាប់ អំពី​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក ហើយ​បច្ចុប្បន្ន មេដឹកនាំ​តំបន់​ឆេ​ក​ឆេន ជា​មនុស្ស​ជំនិត​មួយរូប​របស់​ប្រធានាធិបតី ពូ​ទីន កំពុងតែ​អំពាវនាវ ដល់​វិមាន​ក្រឹម​ឡាំង ឲ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បញ្ចប់សង្គ្រាម​នេះ​ឲ្យ​បាន​ឆាប់ ខណៈ​កងទ័ព​ក្រុង​កៀវ កំពុងតែ​វាយប្រហារ​យ៉ាង​សន្ធាប់ ដើម្បី​រំដោះទឹកដី​របស់ខ្លួន ត្រឡប់មកវិញ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ ថា ក្រោយពេល​មេដឹកនាំ​តំបន់​ឆេ​ក​ឆេន (Chechnya) លោក រ៉ា​ម​ហ្សា​ន កា​ឌី​រ៉ូ​វ (Ramzan Kadyrov) បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី ប្រើប្រាស់​«​អាវុធ​នុយក្លេអ៊ែរ​» កាលពី​ចុង​សប្តាហ៍​មុន​នោះមក វិមាន​ក្រឹម​ឡាំង បាន​អះអាង ថា ក្រុង​មូ​ស្គូ ពេញ​ចិត្តនឹង​វិធីសាស្ត្រ ប្រកបដោយ​តុល្យភាព​នេះ​។​

​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង បានលើកឡើង អំពី​ការអត្ថាធិប្បាយ​របស់លោក Kadyrov ដោយបាន​រិះគន់​ដល់​ការដឹកនាំ​យោធា​របស់​រុស្ស៊ី ផងដែរ ជុំវិញ​បរាជ័យ នៅក្នុង​សមរភូមិ នៅ​អ៊ុយ​ក្រែ​ន​។ ក្រៅពីនេះ លោក កា​ឌី​រ៉ូ​វ ថែមទាំង​បាន​អះអាង ថា គាត់​មាន​សិទ្ធិ​ត្រឹមតែ​បញ្ចេញមតិ ប៉ុន្តែ​អារម្មណ៍​មិនគួរ​ជំរុញ​ដល់​យុទ្ធសាស្ត្រ​យោធា​របស់​រុស្ស៊ី នោះឡើយ​។​

​អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង រូបនេះ បានបញ្ជាក់ ថា មូលដ្ឋាន សម្រាប់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រណា​មួយ ត្រូវបាន​កំណត់ នៅក្នុង​គោល​លទ្ធិ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។​

​ដោយឡែក ការគំរាមកំហែង​រប​ស់​រុស្ស៊ី អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នេះ ក៏​មិនមែនជា​លើក​ទី​១​នោះដែរ ពោលគឺ​មេដឹកនាំ​ក្រុង​មូ​ស្គូ បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​បស្ចិម​លោក និង សម្ពន្ធមិត្ត ចាប់តាំងពី​ការលើក​ទ័ព ចូលលុកលុយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ មកម្ល៉េះ​។ ប៉ុន្ដែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ធ្លាប់បាន​ព្រមាន​ដល់​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ សម្រាប់​ប្រទេស​រុស្ស៊ី ប្រសិនបើ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕​