មេដឹកនាំ​ឆេ​ឆេន បង្ខំ​កូនប្រុស​៣​នាក់​ទើប​មាន​អាយុ​១៦​ឆ្នាំ ចូល​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
215


​រដ្ឋធានី​កៀវ​៖ ក្រោ​រ​រិះគន់​ពី​បរាជ័យ​របស់​កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ នៅលើ​សមរភូមិ​របស់​អ៊ុយ​ក្រែ​ន នោះ ឥឡូវ​មេដឹកនាំ​តំបន់​ឆេ​ឆេន ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយរូប​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​បញ្ជូន​កូនប្រុស​របស់គាត់ ចំនួន​៣​នាក់ មាន​អាយុ​ចន្លោះ​ពី​១៤​ដល់​១៦​ឆ្នាំ ទៅ​ចូល​សមរភូមិ នៅ​ប្រទេសជិតខាង​។​

​សារព័ត៌មាន Daily Mail បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៣ ខែតុលា ថា មេទ័ព​ឆេ​ឆេន របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​អះអាងថា គាត់​កំពុងតែ​បញ្ជូន​កូនប្រុស​របស់គាត់ ចំនួន​៣​នាក់ មាន​អាយុ​ចន្លោះ​ពី​១៤ ដល់​១៦​ឆ្នាំ ទៅ​ប្រយុទ្ធ នៅក្នុង​សមរភូមិ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ មនុស្ស​ដ៏​ជំនិត​បំផុត​មួយរូប​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​បង្ហោះ​ឃ្លី​ប​វីដេអូ ដោយបាន​បង្ហាញ អំពី​ជំនាញ​របស់​ពួកគេ ជាមួយនឹង​ការប្រើប្រាស់​កាំភ្លើង​ម៉ាស៊ីន និង រថក្រោះ​។​

​លោក រ៉ា​ម​ហ្សា​ម កា​ឌី​រ៉ូ​វ (Ramzm Kadyrov) មេដឹកនាំ​តំបន់​ឆេ​ក​ឆេន (Chechen) បានបញ្ជាក់ ថា កូនប្រុស​របស់គាត់​ទាំង​៣​នាក់​នេះ គឺ​កូន​បង​អាយុ​១៦​ឆ្នាំ កូន​បន្ទាប់​មាន​អាយុ​១៥​ឆ្នាំ និង​កូន​ម្នាក់ទៀត មាន​អាយុ​១៤​ឆ្នាំ នឹងត្រូវ​ធ្វើដំណើរ ទៅកាន់​សមរភូមិ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​រូបនេះ ថែមទាំង បាន​បង្ហោះ​វីដេអូ ពី​សកម្មភាព​របស់​កូនប្រុស​គាត់ ប្រើប្រាស់​កាំភ្លើងយន្ដ និង មី​ស៊ី​ល ផងដែរ​។​

​លោក រ៉ា​ម​ហ្សា​ន កា​ឌី​រ៉ូ​វ បានសម្រេច​ចិត្ត​បញ្ជូន​កូនប្រុស​របស់គាត់ ទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​នឹង​កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ក្រោយពេល​វិមាន​ក្រឹម​ឡាំង បាន​ច្រានចោល​នូវ​ការអត្ថាធិប្បាយ​របស់គាត់ កាលពី​ថ្ងៃអាទិត្យ ទី​២ ខែតុលា តាម​អ្វីដែល​គាត់ បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី ប្រើ​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក រ៉ា​ម​ហ្សា​ម កា​ឌី​រ៉ូ​វ (Ramzm Kadyrov) មេដឹកនាំ​តំបន់​ឆេ​ក​ឆេន (Chechen) ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយរូប​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ហើយក៏​ជា​អ្នកតស៊ូ​មតិ​ដ៏​ខ្លាំង​បំផុត​មួយ សម្រាប់​ការបង្កើន​សកម្មភាព​យោធា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ចំណែក​កងទ័ព​របស់​គាត់ ក៏មាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ ជុំវិញ​ការប្រើប្រាស់​អំពើ​ឃោរឃៅ​ផងដែរ​។​

​មេដឹកនាំ​តំបន់​ឆេ​ក​ឆេន (Chechen) រូបនេះ បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​តេ​ឡា​ក្រាម ដោយ​បង្ហោះ​វីដេអូ អំពី​សកម្មភាព​របស់​ក្មេងប្រុស ចំនួន​៣​នាក់ បាញ់​កាំជ្រួច ថា «​វា​ដល់ពេល សម្រាប់​ការបង្ហាញ​ខ្លួន នៅក្នុង​ការប្រយុទ្ធ​ដ៏​ពិតប្រាកដ​មួយ ខ្ញុំ​អាច​ស្វាគមន៍​នូវ​ការចង់បាន​បែបនេះ​ខ្លាំងណាស់​។ ប៉ុន្ដែ​នៅក្នុង​រយៈពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ ពួកគេ​នឹង​ទៅកាន់​សមរភូមិ ហើយនឹង​ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក​ខ្លាំង​ផងដែរ​»​។​

​លោក រ៉ា​ម​ហ្សា​ម កា​ឌី​រ៉ូ​វ (Ramzm Kadyrov) មេដឹកនាំ​តំបន់​ឆេ​ក​ឆេន (Chechen) បានបញ្ជាក់ ថា កូនប្រុស​របស់គាត់​ទាំង​៣​នាក់​នេះ មានឈ្មោះ អា​ខ្មា​ត មាន​អាយុ​១៦​ឆ្នាំ​, អែ​លី មាន​អាយុ​១៥​ឆ្នាំ និង អាដាម មាន​អាយុ​១៤​ឆ្នាំ​។ ពួកគេ​ទាំង​៣​នាក់​នេះ បាន​ហ្វឹកហ្វឺន សម្រាប់​ការប្រយុទ្ធ ទាំង​នៅ​កេ្ម​ង​ខ្ចី ដោយ​គាត់​បានលើកឡើង ថា គាត់​មិនមែន​និយាយ​លេង​នោះទេ​។ ពួកគេ អាចមាន​ជំនាញ​បាញ់​គ្រាប់​រ៉ុក្កែត និង កាំភ្លើងយន្ដ​ជាច្រើន​ប្រភេទ​។​

​ការបង្ហាញ​វីដេអូ ពី​សកម្មភាព​របស់​ក្មេង​ទាំង​៣​នាក់​នេះ បាញ់កាំភ្លើង បានកើត​ឡើង ក្រោយពេល​វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​ទាត់ចោល​នូវ​សេចក្ដីថ្លែងការណ៍​មួយ ត្រូវធ្វើឡើង កាលពី​ថ្ងៃអាទិត្យ ដោយ​លោក Kadyrov ដោយបាន​អំពាវនាវ​ដល់​លោក ពូ​ទីន ឲ្យ​ដាក់ពង្រាយ​នូវ​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចំពេល​សកម្មភាព​យោធា​របស់​រុស្ស៊ី បានទទួល​បរាជ័យ ជា​បន្ដបន្ទាប់ ជាពិសេស នៅ​តំបន់​ភាគ​ឦសាន ប្រទេសមួយ​នេះ​។​

​លោក Kadyrov ជា​អតីត​មេដឹកនាំ​សង្គ្រាម គ្រប់គ្រង​សាធារណរដ្ឋ​ឆេ​ក​ឆេន​( Chechnya) ភាគច្រើន ប្រកាន់​សាសនា​មូស្លីម ក៏​ជា​អ្នកគាំទ្រ​សំឡេង​ដ៏​ច្រើន​បំផុត​របស់​រុស្ស៊ី ជុំវិញ​ការវាយលុក​របស់​ប្រធានាធិបតី លោក ពូ​ទីន ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ គាត់​ត្រូវបាន​លោក ពូ​ទីន ដាក់​ឲ្យ​កាន់អំណាច នៅក្នុង​ឆ្នាំ​២០០៧ ដើម្បី​គ្រប់គ្រង​តំបន់ ដែល​បាន​ប្រយុទ្ធ​នឹង​សង្គ្រាម​បង្ហូរឈាម​ពេញ​មួយ​ទសវត្សរ៍ ឆ្នាំ​១៩៩០ រហូតដល់​ដើមឆ្នាំ​២០០០ ដើម្បី​ឯករាជភាព កាត់ផ្ដាច់​ចេញពី​ការគ្រប់គ្រង​របស់​ក្រុង​ម៉ូស្គូ​។​

​ចាប់តាំងពី​កងរថក្រោះ​របស់​រុស្ស៊ី បាន​រត់​ឆ្លងកាត់​ព្រំដែន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នោះមក មេដឹកនាំ​ឆេ​ឆេន​រូបនេះ បាន​អំពាវនាវ​យ៉ាង​ម៉ឺងម៉ាត់ ទៅដល់​ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យ​ដាក់​កម្លាំង​បន្ថែម សម្រាប់​សង្គ្រាម​នេះ​។ ក្រៅពីនេះ គាត់​ថែមទាំង​បាន​អំពាវនាវ​ទៅដល់​បុរស​ជា​ជនជាតិ​រុស្ស៊ី មាន​អាយុ​អាច​ចូលរួម​ប្រយុទ្ធ នៅ​ឆេ​ឆេន អាច​ស្ម័គ្រចិត្ត ទៅ​ប្រយុទ្ធ ដើម្បី​ផលប្រយោជន៍​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ជាមួយគ្នានេះ មេដឹកនាំ​ឆេ​ឆេន រូបនេះ ក៏​ទទួលបាន​កិត្តិ​យ​ផងដែរ សម្រាប់​ការបង្ខំ​កូនប្រុស​របស់គាត់ ឱ្យទៅ​ប្រឈមមុខ​នឹង​ការលំបាក តាំងពីក្មេង​បែបនេះ​។ នៅក្នុង​អំឡុង​ឆ្នាំ​២០១៦ គាត់​បាន​បញ្ចូល​ឈ្មោះ​កូន​របស់គាត់ ដែលមាន​អាយុ​ទើបតែ​១០​ឆ្នាំ​, ៩​ឆ្នាំ និង ៨​ឆ្នាំ ឲ្យ​ចូលរួម​ប្រកួត​ក្បាច់គុន​។ ឃ្លី​ប​វីដេអូ​ប្រកួត​នោះ បាន​ផ្ទុះឡើង​យ៉ាងខ្លាំង ហើយ​ថែមទាំង​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ផងដែរ​៕​