
រដ្ឋធានីអាប៊ូចា (Abuja)៖ រហូតមកដល់ពេលនេះ នីហ្សេរីយ៉ា ជាប្រទេសមួយ ហ៊ុមព័ទ្ធទៅ ដោយអំពើហិង្សា នៅតាមរដ្ឋមួយចំនួន ហើយឥឡូវក៏ត្រូវបន្ថែមនូវបន្ទុកយ៉ាងធ្ងន់ធ្ងរ ក្រោយគ្រោះទឹកជំនន់ដ៏កំណាច បានឆក់យកជិវិតមនុស្ស ជាង៦០០នាក់ និង ជម្លៀសប្រជាជន ជាង ១,៣លាននាក់ ចេញពីលំនៅឋាន។
សារព័ត៌មាន CBC បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែតុលា ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះមកយ៉ាងខ្លាំង រហូតបង្កើតទៅជាទឹកជំនន់ជន់លិច នៅតាមរដ្ឋជាច្រើន នៅទូទាំងប្រទេសនីហ្សេរីយ៉ា។
អាជ្ញាធរ នៅក្នុងតំបន់ បានបញ្ជាក់ ថា នៅក្នុងឆ្នាំនេះ គ្រោះទឹកជំនន់បានឆក់យកជីវិតមនុស្ស យ៉ាងតិច៦០៣នាក់ ហើយប្រជាពលរដ្ឋ ជាង ១,៣លាននាក់ផ្សេងទៀត បានបម្លាស់ទីទៅកាន់ទីមានសុវត្ថិភាព។
ក្រសួងកិច្ចការមនុស្សធម៌នីហ្សេរីយ៉ា បានបញ្ជាក់ កាលពីល្ងាច ថ្ងៃអាទិត្យ ថា ប្រជាជន ជាង១,៣លាននាក់ បានផ្លាស់លំនៅឋាន ដោយសារគ្រោះមហន្ដរាយ បង្កឡើងដោយទឹកជំនន់នេះ។ គ្រោះធម្មជាតិដ៏អាក្រក់នេះ បានបង្កឲ្យមានផលប៉ះពាល់ ដល់រដ្ឋចំនួន៣៣ នៅក្នុងចំណោមរដ្ឋទាំង៣៦របស់ប្រទេសនីហ្សេរីយ៉ា។ នៅឆ្នាំនេះ ចំនួនអ្នកស្លាប់ ដោយទឹកជំនន់ បានកើនដល់ ៦០៣នាក់ ខណៈអាជ្ញាធរ នៅក្នុងតំបន់ កំពុងតែខំប្រឹងប្រែង ផ្ដល់ជំនួយសង្គ្រោះ ដល់មនុស្សរាប់សែននាក់ ដែលត្រូវជម្លៀស ចេញពីផ្ទះសម្បែងរបស់ពួកគេ។
បើតាមសេចក្ដីថ្លែងការណ៍មួយ បានចេញផ្សាយ ដោយការិយាល័យរបស់ប្រធានាធិបតី បានឲ្យដឹងថា លោក មូហាមមាឌូ ប៊ូហារី (Muhammadu Buhari) ប្រមុខរដ្ឋនីហ្សេរីយ៉ា បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការងាររបស់ពួកគេ សម្រាប់ស្តារស្ថានការណ៍នេះ ឲ្យមានភាពប្រក្រតីឡើងវិញ»។
លោក សាឌីយ៉ា អ៊ូម៉ារ ហ្វារូគ (Sadiya Umar Farouq) រដ្ឋមន្ដ្រីក្រសួងមនុស្សធម៌នីហ្សេរីយ៉ា បានព្រមាន ថា រដ្ឋចំនួន នៅតែស្ថិតក្នុងហានិភ័យ ពីគ្រោះទឹកជំនន់នេះ រហូតដល់ដំណាច់ខែវិច្ឆិកា។
មជ្ឈមណ្ឌលតាមដានការផ្លាស់លំនៅក្នុងប្រទេស បានឲ្យដឹង ថា គ្រោះទឹកជំនន់នេះ បានធ្វើឱ្យមានវិបត្តិមនុស្សធម៌ កាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលកើតមានអំពើហិង្សា ជាពិសេស នៅក្នុងតំបន់ភាគខាងជើង ដែលប្រឈមនឹងបញ្ហា បានធ្វើឱ្យមនុស្ស ជាង៣លាននាក់ ផ្លាស់ទីលំនៅ៕