មន្ទីរ​បញ្ច​កោណ បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត​ដោយ​ជោគជ័យ សម្រាប់​កម្មវិធី​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​

ព័ត៌មានអន្តរជាតិ
0
105


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ កងទ័ព​សហរដ្ឋអាមេរិក បាន​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត ដោយ​ជោគជ័យ​ជាមួយនឹង​ការពិសោធន៍ សម្រាប់​អភិវឌ្ឍន៍​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង នៅឯ​មូលដ្ឋាន​ធ្វើតេស្ត​គ្រាប់​រ៉ុក្កែត និង មី​ស៊ី​ល Wallops ស្ថិតក្នុង​រដ្ឋ​វី​ជី​នៀ (Virginia) សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​។​

​សារព័ត៌មាន CNN បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ថា កងទ័ព​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ បាន​សាកល្បង​បាញ់​គ្រាប់​រ៉ុក្កែត​ផ្ទុក​ឧបករណ៍​សាកល្បង​ផ្សេងៗ ប្រកបដោយ​ជោគជ័យ​។ នេះ​ជា​កិច្ចប្រឹងប្រែង​អភិវឌ្ឍ​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង តាម​កម្មវិធី​របស់​ក្រុង​វ៉ាស៊ីនតោន​។​

​មន្ដ្រី​កងទ័ព​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា គ្រាប់​រ៉ុក្កែត​ស្រាវជ្រាវ​នេះ បាន​បាញ់​បង្ហោះ នៅក្នុង​មូលដ្ឋាន Wallops ស្ថិតក្នុង​រដ្ឋ​វី​ជី​នៀ (Virginia) ដើម្បី​ប្រមូល​ទិន្នន័យ ស្តីអំពី​សមាសធាតុ​ផ្សំ​ផ្សេងៗ នៃ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង រួមមាន ទាំង​វត្ថុ​ធាតុ​សម្រាប់​ការពារ​កម្តៅ និង ប្រព័ន្ធ​អេ​ឡេ​ត្រូ​និ​ច​ទំនើបៗ​ផ្សេងទៀត​។​ការសាកល្បង​គ្រឿង​សព្វាវុធ​នាពេលនេះ ក៏​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជា​សំឡេង​រួមគ្នា រវាង​កងទ័ពជើងគោក និង កងទ័ពជើងទឹក​រប​ស់​សហរដ្ឋអាមេរិក​។​

​កងទ័ព​សហរដ្ឋអាមេរិក ធ្លាប់ធ្វើ​តេស្ដ​លើក​ទី​១ កាលពី​ខែតុលា ឆ្នាំ​២០២១ ហើយ​ការបាញ់​លើក​ទី​២ បានធ្វើ​ឡើង កាលពី​ថ្ងៃ​ពុធ​។ រីឯ​នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ពេលវេលា​នៅ​អាមេរិក​) រ៉ុក្កែត​ស្រាវជ្រាវ​១​គ្រាប់​ទៀត នឹងត្រូវ​បាញ់​បង្ហោះ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​។ ចំណែក​ទិន្នន័យ​ប្រមូល បាន​ពី​ការធ្វើ​តេស្ត​ទាំងនេះ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​កម្មវិធី Conventional Prompt Strike របស់​កងទ័ពជើងទឹក​អាមេរិក ដោយ​ផ្តោតលើ​ការបាញ់​មី​ស៊ី​ល ចេញពី​នាវាចម្បាំង និង នាវាមុជទឹក ហើយ​កម្មវិធី​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង រយៈ​ចម្ងាយ​ឆ្ងាយ (Long Range Hypersonic Weapon) របស់​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​។

​កម្មវិធី​ទាំងពីរ​នេះ នឹង​ប្រើប្រាស់​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង តាម​អ្វីដែល​គេ​ហៅថា Common Hypersonic Glide Body កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​។ ជាមួយគ្នានេះ ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក នឹង​កំណត់​យក​កិច្ចប្រឹងប្រែង​អភិវឌ្ឍ​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង ជា​អាទិភាព​ចម្បង​បំផុត​មួយ​របស់​សហរដ្ឋអាមេរិក​។​

​ការបាញ់​សាកល្បង​របស់​កងទ័ព​សហរដ្ឋអាមេរិក បានធ្វើ​ឡើង ក្រោយពេល​ចិន​បានធ្វើ​តេស្ត​បាញ់​សាកល្បង​អាវុធ មាន​ល្បឿន​លឿន​ជាង​សំ​ឡង ដោយ​ជោគជ័យ កាលពី​ឆ្នាំ​២០២១​។ ដោយឡែក រុ​ស្ស៉ី បានចាប់ផ្តើម​ប្រើប្រាស់​មី​ស៊ី​ល មាន​ល្បឿន​លឿន​សំឡេង នៅក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ចំ​ណែ​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង ឬ Hypersonic Weapon នេះ អាច​ហោះ​នៅក្នុង​លឿន ចន្លោះ​ពី​ប្រហែល​ចន្លោះ​ពី​៦ ៥០០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​ឡើងទៅ​៕​