
រដ្ឋធានីមូស្គូ៖ ក្រុងមូស្គូ បានប្រកាសដកខ្លួន ចេញពីកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅ ក្រោយគំនិតផ្ដួចផ្ដើមឡើង ដោយអង្គការសហប្រជាជាតិ និង តួកគី ក្រោមហេតុផល ពីកត្ដាអសន្ដិសុខ ក្រោយមានការវាយប្រហារ កាលពីពេលថ្មីៗ ទៅលើមូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ី ហើយការសម្រេចចិត្តរបស់រុស្ស៊ី កាលពីថ្ងអាទិត្យ កន្លងទៅនេះ កំពុងតែធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិ ឡើងថ្លៃខ្ពស់ជាធម្មតា។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍ CNN បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣១ ខែតុលា ថា តម្លៃស្រូវសាលី និង ពោតនៅលើទីផ្សារពិភពសកល កាលពីថ្ងៃចន្ទ បានកើនឡើង ក្រោយពេលរុស្ស៊ី បានប្រកាសដកខ្លួន ចេញពីកិច្ចព្រមព្រៀង ដែលបានអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗមួយចំនួន ចេញពីអ៊ុយក្រែន ឆ្លងកាត់តាមច្រសមុទ្រខ្មៅ បើទោះបីជាមានសង្គ្រាមយ៉ាងណាក៏ដោយ។ តម្លៃស្រូវសាលី នៅក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងឈីកាហ្គោ បានកើនឡើង រហូតដល់៥,៧ភាគរយ ដែលឡើងថ្លៃស្មើនឹង៨,៧៧ដុល្លារ នៅក្នុងមួយប៊ូសែល (Bushel) ឬស្មើនឹង២៥,៤គីឡូក្រាម បន្ទាប់ពីឡើងថ្លៃខ្ពស់ រហូតដល់៨,៩៣ដុល្លារ ក្នុងមួយប៊ូសែល។
ដោយឡែក អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប តួកគី និងអ៊ុយក្រែន កំពុងតែព្យាយាម ដាក់គំនាបទៅលើរុស្ស៊ី ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដឹកតាមនាវាចំនួន១៦គ្រឿង អាចចាកចេញ តាមច្រកសមុទ្រខ្មៅ ប្រកប ដោយសុវត្ថិភាព ខណៈក្រុងមូស្គូ បានដកខ្លួន ចេញពីការធានាសន្តិសុខ ក្រោយការវាយប្រហារ ដោយដ្រូន មកលើមូលដ្ឋានកងទ័ពរបស់រុស្ស៊ី ប្រចាំសមុទ្រខ្មៅ។
លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែង ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ហើយលោកកំពុងតែព្យាយាមស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ នៅក្នុងបំណងជួយកាត់បន្ថយបញ្ហាវិបត្តិស្បៀងអាហារ នៅលើពិភពលោក។
ជាមួយនឹងការប្រកាសរបស់រុស្ស៊ី ដកខ្លួនចេញកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅ ត្រឹមតែមួយថ្ងៃក្រោយមក តម្លៃស្បៀងអាហារ បានឡើងថ្លៃ រហូតដល់៥ភាគរយ កាលពីថ្ងៃចន្ទ ទី៣១ ខែតុលា។ អ៊ុយក្រែន និង រុស្ស៊ី ជាប្រទេសនាំចេញស្រូវសាលីដ៏ធំបំផុតមួយ នៅលើសកលលោក។ ចាប់តាំងពីថ្ងៃអាទិត្យ មុននេះមក ក្រោយពេលរុស្ស៊ី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិសុខ នាំគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់ទីផ្សាររបស់ពិភពលោក មិនមានកប៉ាល់ដឹកគ្រាប់ធញ្ញជាតិណាមួយ ហ៊ានចាកចេញពីកំពង់ផៃនោះឡើយ។
ក្រុមមន្ដ្រីក្រុងមូស្គូ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នៅក្នុងពេលកិច្ចប្រជុំ រវាងប្រតិភូពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាំចេញកសិផលនេះ ថា រុស្ស៊ី នឹងបន្តកិច្ចសន្ទនាណាជាមួយនឹងអង្គការសហប្រជាជាតិ និង ប្រតិភូតួកគី លើតែបញ្ហាបន្ទាន់។ បើទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី នៅពុំទាន់មានប្រតិកម្មណាមួយឡើយ ជុំវិញផែនការចង់នាំគ្រាប់ធញ្ញជាតិចាកចេញ កាលពីថ្ងៃចន្ទ នៅឡើយ។ អង្គការណាតូ និង សហភាពអឺរ៉ុប បានជំរុញឲ្យរុស្ស៊ីពិចារណាឡើងវិញ ជុំវិញការសម្រេចចិត្តរបស់ខ្លួន ដកថយ ចេញពីកិច្ចព្រមព្រៀង ផ្ដួចផ្ដើមឡើង ដោយអង្គការសហប្រជាជាតិ និង តួកគី ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់មនុស្សជាតិ នៅលើពិភពលោក ជាពិសេស តំបន់អាហ្វ្រិក។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ ថា លោក ម៉ៃខេល រ៉ាហ្សវ៉ូ ហ្សាយ៉េវ (Mikhail Razvozhayev) អភិបាលក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) បានបញ្ជាក់ ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន កាលពីថ្ងៃសៅរ៍ កន្លងមកនេះ គឺជាការវាយប្រហារ «ដ៏ធំបំផុត» មួយ មកលើតំបន់ឧបទ្វីបគ្រីមៀ (Crimea)។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ មានការវាយប្រហារជាញឹកញាប់ មកលើតំបន់ Crimea គ្រប់គ្រងដោយរុស្ស៊ី ក្រោយពេលក្រុងមូស្គូ បានរឹបអូសយក ពីអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤មក។ ដោយឡែក មេដឹកនាំអ៊ុយក្រែន បានអះអាង ពីការដណ្ដើមដែនដីទាំងអស់របស់ខ្លួន ត្រឡប់មកវិញ។
បច្ចុប្បន្ន កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បាន និង កំពុងតែព្យាយាមចង់ដាក់សម្ពាធ ទៅលើទាហានរុស្ស៊ី វិញ ជាមួយនឹងការវាយលុក នៅភាគខាងត្បូង ដើម្បីការចង់ដណ្តើមយកទឹកដីរបស់ពួកគេ ដែលរុស្ស៊ី បានចូលទៅកាន់កាប់ អស់រយៈពេលច្រើនខែកន្លងមក ចាប់តាំងពីការផ្ទុះសង្គ្រាម នៅលើប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។
អាជ្ញាធរ គាំទ្រដោយក្រុងមូស្គូ នៅក្នុងតំបន់ឃើរសុន (Kherson) បានប្តេជ្ញាប្រែក្លាយទីក្រុងរបស់ខ្លួន ឱ្យក្លាយទៅជាបន្ទាយដ៏រឹងមាំមួយ ហើយពួកគេនឹងការពារមិនឱ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចវាយទម្លុះបានសម្រេចនោះឡើយ។ ការវាយប្រហារ ដោយយន្តគ្មានមនុស្សបើក ឬ ដ្រូន ទាំងលើអាកាស និង ក្រោមទឹក កំពុងតែមានក្តីបារម្ភ ថា រុស្ស៊ីអាចនឹងសងសឹកវិញ ដោយរបៀបណា ក្រៅពីការដកខ្លួន ចេញពីកិច្ចព្រមព្រៀងការនាំគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅទីផ្សាររបស់ពិភពលោក៕