រុស្ស៊ី រក​លេស​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​សាលី​ពិភពលោក ឡើងថ្លៃ​ខ្ពស់​

ព័ត៌មានអន្តរជាតិ
0
142


​រដ្ឋធានី​មូ​ស្គូ​៖ ក្រុង​មូ​ស្គូ បានប្រកាស​ដកខ្លួន ចេញពី​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ តាម​ច្រក​សមុទ្រ​ខ្មៅ ក្រោយ​គំនិត​ផ្ដួចផ្ដើមឡើង ដោយ​អង្គការសហប្រជាជាតិ និង តួ​ក​គី ក្រោម​ហេតុផល ពី​កត្ដា​អសន្ដិសុខ ក្រោយ​មានការ​វាយប្រហារ កាលពីពេល​ថ្មីៗ ទៅលើ​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​រុស្ស៊ី ហើយ​ការសម្រេចចិត្ត​របស់​រុស្ស៊ី កាលពី​ថ្ង​អាទិត្យ កន្លងទៅនេះ កំពុងតែ​ធ្វើ​ឲ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ឡើងថ្លៃ​ខ្ពស់​ជាធម្មតា​។​

​គេហទំព័រ​របស់​បណ្ដា​ញ​ទូរទស្សន៍ CNN បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែតុលា ថា តម្លៃ​ស្រូវ​សាលី និង ពោត​នៅលើ​ទីផ្សារ​ពិភព​សកល កាលពី​ថ្ងៃ​ចន្ទ បាន​កើនឡើង ក្រោយពេល​រុស្ស៊ី បានប្រកាស​ដកខ្លួន ចេញពី​កិច្ចព្រមព្រៀង ដែល​បាន​អនុញ្ញាតឱ្យ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​សំខាន់ៗ​មួយចំនួន ចេញពី​អ៊ុយ​ក្រែ​ន ឆ្លងកាត់​តាម​ច្រស​មុ​ទ្រ​ខ្មៅ បើទោះបី​ជាមាន​សង្គ្រាម​យ៉ាង​ណាក៏ដោយ​។ តម្លៃ​ស្រូវ​សាលី នៅ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​ឈី​កា​ហ្គោ បាន​កើនឡើង រហូតដល់​៥,៧​ភាគរយ ដែល​ឡើងថ្លៃ​ស្មើនឹង​៨,៧៧​ដុល្លារ នៅក្នុង​មួយ​ប៊ូ​សែ​ល (Bushel) ឬ​ស្មើនឹង​២៥,៤​គីឡូក្រាម បន្ទាប់ពី​ឡើងថ្លៃ​ខ្ពស់ រហូតដល់​៨,៩៣​ដុល្លារ ក្នុង​មួយ​ប៊ូ​សែ​ល​។​

​ដោយឡែក អង្គការសហប្រជាជាតិ សហគមន៍​អឺរ៉ុប តួ​ក​គី និង​អ៊ុយ​ក្រែ​ន កំពុងតែ​ព្យាយាម ដាក់​គំនាប​ទៅលើ​រុស្ស៊ី ដើម្បី​ធ្វើយ៉ាងណា ជំរុញឱ្យមាន​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ដឹក​តាម​នាវា​ចំនួន​១៦​គ្រឿង អាច​ចាកចេញ តាម​ច្រក​សមុទ្រ​ខ្មៅ ប្រកប ដោយ​សុវត្ថិភាព ខណៈ​ក្រុង​មូ​ស្គូ បាន​ដកខ្លួន ចេញពី​ការធានា​សន្តិសុខ ក្រោយ​ការវាយប្រហារ ដោយ​ដ្រូ​ន មកលើ​មូលដ្ឋាន​កងទ័ព​របស់​រុស្ស៊ី ប្រចាំ​សមុទ្រ​ខ្មៅ​។​

​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្លែង ថា លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​របស់​រុស្ស៊ី ហើយ​លោក​កំពុងតែ​ព្យាយាម​ស្ដារ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ នៅក្នុង​បំណង​ជួយ​កាត់បន្ថយ​បញ្ហា​វិបត្តិ​ស្បៀងអាហារ នៅលើ​ពិភពលោក​។

​ជាមួយនឹង​ការប្រកាស​របស់​រុស្ស៊ី ដកខ្លួន​ចេញ​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ តាម​ច្រក​សមុទ្រ​ខ្មៅ ត្រឹមតែ​មួយថ្ងៃ​ក្រោយមក តម្លៃ​ស្បៀងអាហារ បាន​ឡើងថ្លៃ រហូតដល់​៥​ភាគរយ កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែតុលា​។ អ៊ុយ​ក្រែ​ន និង រុស្ស៊ី ជា​ប្រទេស​នាំចេញ​ស្រូវ​សាលី​ដ៏​ធំ​បំផុត​មួយ នៅលើ​សកលលោក​។ ចាប់តាំងពី​ថ្ងៃអាទិត្យ មុននេះ​មក ក្រោយពេល​រុស្ស៊ី បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​សន្តិសុខ នាំ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ទៅកាន់​ទីផ្សារ​របស់​ពិភពលោក មិនមាន​កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ​ណាមួយ ហ៊ាន​ចាក​ចេញពី​កំពង់​ផៃ​នោះឡើយ​។​

​ក្រុមមន្ដ្រី​ក្រុង​មូ​ស្គូ បានបញ្ជាក់ កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែតុលា ឆ្នាំ​២០២២ នៅក្នុងពេល​កិច្ចប្រជុំ រវាង​ប្រតិភូ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នាំចេញ​កសិផល​នេះ ថា រុស្ស៊ី នឹង​បន្ត​កិច្ចសន្ទនា​ណា​ជាមួយនឹង​អង្គការសហប្រជាជាតិ និង ប្រតិភូ​តួ​ក​គី លើ​តែ​បញ្ហា​បន្ទាន់​។ បើទោះជា​យ៉ាងណាក៏ដោយ រុស្ស៊ី នៅ​ពុំទាន់​មានប្រតិកម្ម​ណាមួយ​ឡើយ ជុំវិញ​ផែនការ​ចង់​នាំ​គ្រាប់​ធញ្ញជាតិ​ចាកចេញ កាលពី​ថ្ងៃ​ចន្ទ នៅឡើយ​។ អង្គការ​ណា​តូ និង សហភាព​អឺរ៉ុប បាន​ជំរុញ​ឲ្យ​រុស្ស៊ី​ពិចារណា​ឡើងវិញ ជុំវិញ​ការសម្រេចចិត្ត​របស់ខ្លួន ដកថយ ចេញពី​កិច្ចព្រមព្រៀង ផ្ដួចផ្ដើមឡើង ដោយ​អង្គការសហប្រជាជាតិ និង តួ​ក​គី ដើម្បី​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​មនុស្សជាតិ នៅលើ​ពិភពលោក ជាពិសេស តំបន់​អាហ្វ្រិក​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍ ថា លោក ម៉ៃ​ខេ​ល រ៉ា​ហ្ស​វ៉ូ ហ្សា​យ៉េ​វ (Mikhail Razvozhayev) អភិបាលក្រុង​សេ​វ៉ា​ស្ដូ​ប៉ូល (Sevastopol) បានបញ្ជាក់ ថា ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន កាលពី​ថ្ងៃ​សៅរ៍ កន្លងមកនេះ គឺជា​ការវាយប្រហារ «​ដ៏​ធំ​បំផុត​» មួយ មកលើ​តំបន់​ឧបទ្វីប​គ្រី​មៀ (Crimea)​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ មានការ​វាយប្រហារ​ជា​ញឹកញាប់ មកលើ​តំបន់ Crimea គ្រប់គ្រង​ដោយ​រុស្ស៊ី ក្រោយពេល​ក្រុង​មូ​ស្គូ បាន​រឹបអូស​យក ពី​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ ដោយឡែក មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​អះអាង ពី​ការដណ្ដើម​ដែនដី​ទាំងអស់​របស់ខ្លួន ត្រឡប់មកវិញ​។

​បច្ចុប្បន្ន កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ បាន និង កំពុងតែ​ព្យាយាម​ចង់​ដាក់​សម្ពាធ ទៅលើ​ទាហាន​រុស្ស៊ី វិញ ជាមួយនឹង​ការវាយលុក នៅ​ភាគខាងត្បូង ដើម្បី​ការចង់​ដណ្តើមយក​ទឹកដី​របស់​ពួកគេ ដែល​រុស្ស៊ី បាន​ចូលទៅ​កាន់កាប់ អស់​រយៈពេល​ច្រើន​ខែ​កន្លងមក ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅលើ​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​។​

​អាជ្ញាធរ គាំទ្រ​ដោយ​ក្រុង​មូ​ស្គូ នៅក្នុង​តំបន់​ឃើ​រ​សុន (Kherson) បាន​ប្តេជ្ញា​ប្រែក្លាយ​ទីក្រុង​របស់ខ្លួន ឱ្យក្លាយ​ទៅជា​បន្ទាយ​ដ៏​រឹងមាំ​មួយ ហើយ​ពួកគេ​នឹង​ការពារ​មិនឱ្យ​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន អាច​វាយ​ទម្លុះ​បានសម្រេច​នោះឡើយ​។ ការវាយប្រហារ ដោយ​យន្ត​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ទាំង​លើ​អាកាស និង ក្រោម​ទឹក កំពុង​តែមាន​ក្តីបារម្ភ ថា រុស្ស៊ី​អាច​នឹង​សងសឹក​វិញ ដោយ​របៀប​ណា ក្រៅពី​ការដកខ្លួន ចេញពី​កិច្ចព្រមព្រៀង​ការនាំ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ទៅ​ទីផ្សារ​របស់​ពិភពលោក​៕​