ការបណ្ដេញ​អ្នកស៊ើប​ការណ៍​សម្ងាត់​រុស្ស៊ី រាប់រយ​នាក់ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​យុទ្ធសាស្ដ្រ​របស់​ពូ​ទីន

ព័ត៌មានអន្តរជាតិ
0
94


​រាជធានី​ឡុង​ដ៍​៖ ការសម្រេចចិត្ត​ធ្វើសង្គ្រាម​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន និង កំពុង​ធ្វើ​ឲ្យ​រុស្ស៊ី ខ្លួនឯង រង​សម្ពាធ​គ្រប់បែបយ៉ាង ពី​បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច និង សម្ពន្ធមិត្ត រហូត​ឈានដល់​ការបណ្ដេញ​មន្ដ្រី​របស់​ក្រុង​មូ​ស្គូ រាប់រយ​នាក់ ចេញពី​តំបន់​អឺរ៉ុប ដោយសារតែ​ការជាប់​សង្ស័យ ធ្វើ​ចារកម្ម​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែវិច្ឆិកា ថា លោក ខេន ម៉ាក​កាល់​លូ​ម (Ken McCallum) អគ្គនាយក ទីភ្នាក់ងារ​សន្ដិសុខរ​បស់​ចក្រភព​អង់គ្លេស ដែល​គេ​ស្គាល់ MI5 បានបញ្ជាក់ ថា ការបណ្ដេញ​ចារកម្ម​រុស្ស៊ី ជាង​៤០០​នាក់ ចេញពី​តំបន់​អឺរ៉ុប នៅ​ឆ្នាំនេះ ក៏​ជាការ​ប្រហារ​មួយ​យ៉ាងដំណំ លើ​យុទ្ធសាស្ដ្រ​ដ៏​សំខាន់បំផុត ប្រឆាំងនឹង​ក្រុង​មូ​ស្គូ នៅ​ប្រ​វ​ត្ដិ​សាស្ដ្រ មិន​ធ្លាប់មាន ហើយ​សកម្មភាព​បែបនេះ បានធ្វើ​ឲ្យ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ផងដែរ​។​

​លោក​ប្រមុខ​ទីភ្នាក់ងារ​សន្ដិសុខ MI5 រូបនេះ បាន​ថ្លែង នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំឆ្នាំ ស្តីពី​ការគំរាមកំហែង ដល់​ចក្រភព​អង់គ្លេស ថា មន្ត្រី​រុ​ស្ស៉ី ប្រហែល​ជាង​៦០០​នាក់ ត្រូវបាន​បណ្តេញចេញ ពី​បណ្ដា​ប្រទេស​ផ្សេងៗ នៅលើ​ពិភពលោក ហើយ​ក្នុងនោះ​មាន​ជាង​៤០០​នាក់ នៅ​ទូទាំង​តំបន់​អឺរ៉ុប ដោយសារ​ការវិនិច្ឆ័យ ថា ពួកគេ​ជា​អ្នកស៊ើប​ការណ៍​សម្ងាត់​។ នេះ​ជា​សកម្មភាព​ប្រឆាំងនឹង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុង​មូ​ស្គូ​។​

​លោក​អគ្គនាយក ទីភ្នាក់ងារ​សន្ដិសុខ បាន​បន្ដ ថា ចក្រភព​អង់គ្លេស បាន​បដិសេធ​ពាក្យស្នើសុំ​ទិដ្ឋាការ​ការទូត​របស់​រុស្ស៊ី ជាង​១០០​នាក់ ដោយ​ផ្អែកលើ​មូលដ្ឋាន​សន្តិសុខ​ជាតិ ចាប់តាំងពី​ឆ្នាំ​២០១៨ ចំពេល​អតីត​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុ​ស្ស៉ី លោក ស៊ើ​រ​ហ្គេ ស្គ្រី​ប៉ាល់ (Sergei Skripal) និង កូនស្រី​របស់គាត់ បាន​ប្រព្រឹត្តល្មើស​ច្បាប់រដ្ឋបាល ប្រឆាំងនឹង​ចក្រភព​អង់គ្លេស​។​

​ចាប់តាំងពី​ក្រុង​មូ​ស្គូ បាន​សម្រេចចិត្ត​ធ្វើសង្គ្រាម ប្រឆាំងនឹង​ប្រទេសជិតខាង កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក ចក្រភព​អង់គ្លេស បាន​ដើរ​យ៉ាងសំខាន់​មួយ បន្ទាប់ពី​សហរដ្ឋអាមេរិក ជួយ​ផ្គត់ផ្គង់​គ្រឿងយុទ្ធោបករណ៍ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​៕​