គណបក្ស​សាធារណរដ្ឋ ដណ្ដើម​ការគ្រប់គ្រង​សភា ពី​គណបក្ស​របស់លោក បៃ​ដិ​ន​

ព័ត៌មានអន្តរជាតិ
0
92


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​ការបោះឆ្នោត​ពាក់​កណ្ដាល​អាណ​ត្ដិ នៅ​សហរដ្ឋអាមេរិក កាលពីដើម​ខែវិច្ឆិកា គណបក្ស​សាធារណរដ្ឋ ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន ហើយ​ត្រូវ​គ្រប់គ្រង​សភា​ជាន់​ទាប​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែវិច្ឆិកា ថា ទីភ្នាក់ងារសារព័ត៌មាន AP បានប្រកាស ថា លោក មៃ ហ្កា​សៀ (Mike Garcia) មកពី​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃ​ពុធ បានទទួល​ជ័យជម្នះ នៅក្នុង​ការប្រកួតប្រជែង នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ជាមួយនឹង​លទ្ធផល​នេះ បានធ្វើឱ្យ​អាសនៈ​របស់​គណបក្ស​សាធារណរដ្ឋ កើន​ដល់ ២១៨​អាសនៈ ហើយក៏​ជា​សំឡេង ភាគច្រើន សម្រាប់​គ្រប់គ្រង​សភាតំណាងរាស្ត្រ​អាមេរិក ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​របស់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន ទទួលបាន​២១០​អាសនៈ​។​

​លោក ខេ​វីន ម៉ាក​ខា​ធី (Kevin McCarthy) នឹង​ឡើងកាន់តំណែង​ជា​ប្រធានសភា​តំណាងរាស្ត្រ​អាមេរិក ខណៈ​សភា​ថ្មី​ទាំង​២ នឹង​បើក​សម័យប្រជុំ នៅ​ដើម​ឆ្នាំក្រោយ ក្រោយពេល​គណបក្ស​សាធារណរដ្ឋ បានតែងតាំង​គាត់ ឱ្យ​កាន់​មុខតំណែង​កំពូល​មួយ​នេះ​។ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ នៅតែ​រក្សា​ការគ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​ដដែល​៕​