មហាអំណាច​បស្ចិម​លោក ស្ដីបន្ទោស​រុស្ស៊ី នៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​

ព័ត៌មានអន្តរជាតិ
0
93


​បុរី​ញូវយ៉ក​៖ ការវាយប្រហារ​យ៉ាង​សាហាវ ទៅលើ​ទឹកដី​ប៉ូឡូញ ដែលមាន​ចម្ងាយ​ត្រឹមតែ​ប្រហែល​៦​គីឡូម៉ែត្រ ពី​ព្រំដែន​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​មហាអំណាច​បស្ចិម​លោក កោះប្រជុំ​ជាបន្ទាន់ និង បាន​ស្ដីបន្ទោស​យ៉ាងខ្លាំង ដល់​រុស្ស៊ី​។

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត​របស់លោក​ខាងលិច បាន​រិះគន់​យ៉ាងខ្លាំង​ដល់​រុស្ស៊ី នៅក្នុង​ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ជុំវិញ​ការវាយប្រហារ ដោយ​មី​ស៊ី​ល នេះ​។ កិច្ចប្រជុំ​នេះ បាន​កោះហៅ ត្រឹមតែ​មួយថ្ងៃ ក្រោយពេល​អង្គការ​ណា​តូ បានកំណត់ ថា មី​ស៊ី​ល​នោះ បាន​បាញ់​ចេញពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ហើយ​វា​បាន​ធ្លាក់​នៅក្នុង​ប្រទេស​ប៉ូឡូញ ដែលជា​សមាជិក​ណា​តូ ដោយបាន​សម្លាប់​កម្មក​រ​នៅក្នុង​កសិដ្ឋាន ចំនួន​២​នាក់​។​

​លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ ថា ការវាយប្រហារ​យ៉ាង​សាហាវ មកលើ​ទឹកដី​ប៉ូឡូញ ប្រហែលជា​លទ្ធផល នៃ​ការបាញ់​ប្រឆាំងនឹង​មី​ស៊ី​លពី​ប្រព័ន្ធ​ការពារ​របស់​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​បញ្ហា​នេះ អាចនិយាយបាន ថា រុស្ស៊ី ត្រូវតែ​ទទួលខុសត្រូវ​ខ្ពស់បំផុត ចាប់តាំងពី​ក្រុង​មូ​ស្គូ បាន​ចូលលុកលុយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រហូតមក​។​

​លោក​ប្រធាន​អង្គការ​ណា​តូ បានបញ្ជាក់ ក្រោយ​ការធ្វើជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​ឯកអគ្គរាជទូត និង រដ្ឋទូត​របស់​អង្គការ​ណា​តូ ថា «​ការស៊ើបអង្កេត នៅក្នុង​ឧ​ប​ទ្ទ​ហេតុនេះ កំពុងតែបន្ដ ហើយ​យើង​ត្រូវការ​រង់ចាំ​លទ្ធផល​នេះ​… ប៉ុន្ដែ​យើង​មិនបាន​បង្ហាញ ថា សកម្មភាព​នេះ ជាការ​វាយប្រហារ ដោយ​ចេតនា​នោះឡើយ​។​

​លោក ជេន​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ បាន​បន្ថែម ថា «​ការវិភាគ​បឋម​របស់​យើង បង្ហាញ ថា ឧបទ្ទវ​ហេតុនេះ ទំនងជា​បណ្តាលមកពី​មី​ស៊ី​ល​ការពារ​ដែនអាកាស​រប​ស់​ក្រុង​កៀវ បាញ់​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ប្រឆាំងនឹង​ការវាយប្រហារ ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់​ឲ្យ​ច្បាស់ ថា នេះ​មិនមែនជា​កំហុស​របស់​អ៊ុយ​ក្រែ​ន នោះដែរ​។ រុស្ស៊ី ត្រូវតែ​ទទួលខុសត្រូវ​ខ្ពស់បំផុត ខណៈ​ក្រុង​មូ​ស្គូ កំពុងតែបន្ត​សង្គ្រាម ដោយ​ខុសច្បាប់ ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​»​។​

​ជាមួយគ្នានេះដែរ លោក​អគ្គលេខាធិការ អង្គការ​ណា​តូ ក៏បាន​អំពាវនាវ ឲ្យ​មាន​កិច្ចប្រជុំ​ប្រេសិត​របស់​អង្គការ​សម្ពន្ធមិត្ត​យោធា​កំពូល​របស់​ពិភពលោក​មួយ​នេះ នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ផងដែរ​៕​