រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា សម្រេច​ដោះលែង​អ្នកទោស ជិត​៦០០០​នាក់ ក្រោយ​អាស៊ាន​លែង​រាប់រក​

ព័ត៌មានអន្តរជាតិ
0
89


​រដ្ឋធានី​ណៃ​ពិដោរ​៖ របប​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស ថា ខ្លួន​កំពុងតែ​ដោះលែង​អ្នកទោស​រាប់ពាន់នាក់ ដោយ​រួមទាំង​អ្នកសេដ្ឋកិច្ច​ជនជាតិ​អូស្ដ្រាលី អ្នកកាសែត​ជប៉ុន និង អតីត​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ផងដែរ​។​

​សារព័ត៌មាន CNN បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែវិច្ឆិកា ថា បើតាម​បណ្ដាញ​ទូរទស្សន៍ គ្រប់គ្រង ដោយ​រដ្ឋ​មី​យ៉ាន់​ម៉ា MRTV បាន​រាយការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ថា លោក សៀន ធឺ​ណែ​ល (Sean Turnell) ជនជាតិ​អូស្ដ្រាលី ជា​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក​ស្រី អ៊ោ​ង សាន​ស៊ូ​ជី​, លោកស្រី វិក​គី បូ​វ​មែន (Vicky Bowman) អតីត​ឯកអគ្គរាជទូត​ចក្រ​អង់គ្លេស​, លោក តូ​រុ គូ​បូ​តា (Toru Kubota) អ្នកកាសែត​ជប៉ុន និង លោក ក្យា​វ ហា​តៃ អ៊ូ (Kyaw Htay Oo) ជនជាតិ​អាមេរិក ក៏​នឹង​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ នៅក្នុង​ចំណោម​អ្នកទោស ៥ ៧៧៤​នាក់​។​

​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​វិបត្ដិនយោបាយ កាន់តែ​ធ្ងន់ធ្ងរ​ឡើង ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​យោធា ក្រោយពេល​ពួក​ឧត្ដមសេនីយ៍ បាន​ឆ្មក់​ចូលទៅ​ចាប់ខ្លួន​មន្ដ្រី​រដ្ឋាភិបាល​ស៊ីវិល រួមទាំង លោកស្រី អ៊ោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) កាលពី​ព្រឹក ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។ សកម្មភាព​របស់​ពួកយោធា បាន​នាំ​ឲ្យ​មាន​រលក​តវ៉ា​ពាសពេញ​ប្រទេស​។ ចំណែក​ក្រុម​សន្ដិសុខ​របស់​របប​សឹក​មួយ​នេះ ក៏បាន​ប្រើប្រាស់​កម្លាំង​យ៉ាង​ឃោរឃៅ ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច ២ ៤៦៥​នាក់ ហើយ​ប្រជាជន ចំនួន ១៦ ៣២៣​នាក់​ផ្សេងទៀត ត្រូវ​ចាប់ឃុំខ្លួន​៕​