ហូ​ល្លង់​ដ៍ កាត់ទោស​បុរស​រុស្ស៊ី និង អ៊ុយ​ក្រែ​ន លើ​សំណុំរឿង​បាញ់​យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ម៉ាឡេស៊ី​

ព័ត៌មានអន្តរជាតិ
0
92


​រាជធានី​អាម​ស្ទឺ​រ​ដាម (Amsterdam)៖ តុលាការ​ហូ​ល្លង់​ដ៍ បាន​រកឃើញ​ទោសកំហុស​របស់​បុរស​៣​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង នៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​សម្លាប់​មនុស្ស ចំនួន​២៩៨​នាក់ កាលពី​អំឡុង​ឆ្នាំ​២០១៤​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១៨ ខែវិច្ឆិកា ថា តុលាការ នៅក្នុង​ប្រទេស ភាគ​ពាយព្យ​អឺរ៉ុប មួយ​នេះ បាន​រកឃើញ​មី​ស៊ី​ល​ផលិត ដោយ​រុស្ស៊ី ត្រូវបាន​ផ្គត់ផ្គង់ ពី​ប្រទេស​រុស្ស៊ី ហើយ​ត្រូវបាន​ប្រើប្រាស់ ដោយ​ពួក​ប្រដាប់អាវុធ​មួយក្រុម ស្ថិតក្រោម​ការ​គ្រង់​គ្រង​របស់​រុស្ស៊ី បាញ់​ទម្លាក់​យន្ដហោះ​មួយគ្រឿង មាន​ជើងហោះហើរ MH17 ។​

បុរស​ទាំង​៣​នាក់​នោះ រួមមាន ជនជាតិ​រុស្ស៊ី ចំនួន​២​នាក់ និង ជនជាតិ​អ៊ុយ​ក្រែ​ន ត្រូវបាន​រកឃើញថា មានទោស​កំហុស ហើយ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ អស់​មួយជីវិត​។ ដោយឡែក ជនជាតិ​រុស្សី​ទី​៣ ត្រូវបាន​ដោះលែង​វិញ​។ ជន​ត្រូវ​ចោទ​ទាំងនេះ រួមមាន អតីត​ទីភ្នាក់ងារ​ចារកម្ម​រុ​ស្ស៉ី ឈ្មោះ អ៊ី​ហ្គ័​រ ហ្គ័​រ​គីន (Igor Girkin), លោក ស៊ើ​ហ្គេ ឌូ​ប៊ី​ន​ស្គី (Sergey Dubinskiy) និង លោក ឡេ​អូ​នី​ដ ខា​ឆេន​កូ (Leonid Kharchenko) ជា​មេដឹកនាំ​មួយរូប នៅក្នុង​តំបន់​ផ្ដាច់ខ្លួន គាំទ្រ​ដោយ​រុស្ស៊ី ស្ថិតនៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។

​ចៅក្រម​ហូ​ល្លង់​ដ៍ បាន​រកឃើញ​ពី​ទោសកំហុស​របស់​បុរស​ទាំង​៣​នាក់​នេះ ក្រោម​ការចោទប្រកាន់ ពី​ការជួយ​រៀបចំ ការដឹកជញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​រុ​ស្ស៉ី ប្រភេទ ប៊ូ​ក (BUK) នាំ​ចូលមកក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ថ្វីបើ​ពួកគេ​មិនមែនជា​អ្នកបាញ់ ដោយផ្ទាល់​ក៏ដោយ ប៉ុន្ដែ​មី​ស៊ី​ល ប្រភេទ​នេះ ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការបាញ់​ទម្លាក់​យន្ដហោះ MH17 ។ ដោយឡែក ក្រុង​មូ​ស្គូ បានចាត់ទុក​សាលក្រម​របស់​តុលាការ​ហូ​ល្លង់​ដ៍ ពិតជា​រឿង​គួរ​ឲ្យ​អាម៉ាស់ ហើយ​ថា រុស្ស៊ី នឹងមិន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​របស់​ខ្លួន ជាដាច់ខាត​។​

​មុនពេល​កើតមាន​សោកនាដកម្ម​បែបនេះ ជើងហោះហើរ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysian Airlines បាន​ចាកចេញ ពី​ទីក្រុង​អាម​ស្ទឺ​រ​ដាម ប្រទេស​ហូ​ល្លង់​ដ៍ ឆ្ពោះទៅកាន់​ទីក្រុង គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ ប៉ុន្ដែ​យន្ដហោះ​មួយគ្រឿង​នោះ ក៏ត្រូវ​បាន​បាញ់​ទម្លាក់ នៅលើ​ដែនអាកាស ស្ថិតក្នុង​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ខណៈ​កងទ័ព​អ៊ុយ​ក្រែ​ន កំពុងតែ​វាយ​ប្រយុទ្ធ​ជាមួយ​កម្លាំង​ផ្ដាច់ខ្លួន គាំទ្រ​ដោយ​រុស្ស៊ី​៕​