អុជ​ទៀត​ធ្វើ​ខួបកំណើត ភ្លើង​ឆេះ​រាលដាល​ពេញ​ជំរំ​ជនភៀសខ្លួន ស្ល​-​ា​-​ប់ ជាង​២០​នាក់​

ព័ត៌មានអន្តរជាតិ
0
132


​រដ្ឋធានី​ជេ​រូ​ហ្សា​ឡឹម​៖ អគ្គិភ័យ​មួយ បាន​ផ្ទុះ​ឆាបឆេះ​ឡើង នៅក្នុង​ពិធី​ខួបកំណើត នៅផ្ទះ​ល្វែង​មួយ​ខ្នង ហើយ​បន្ដ​រាលដាល​ដល់​ជំរំ​ជនភៀសខ្លួន​ចា​បា​លៀ (Jabalia) បណ្ដាល​ឲ្យ​កើត​សោកនាដកម្ម​គួរ​ឲ្យ​សោកសង្រេង​យ៉ាងខ្លាំង​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១៨ ខែវិច្ឆិកា ថា បើតាម​បណ្ដាញ​ផ្សព្វផ្សាយ ក្នុងស្រុក បាន​រាយការណ៍ ថា យ៉ាងហោច មាន​មនុស្ស ចំនួន​២១​នាក់ បាន​បាត់​បង់ជីវិត និង ជាច្រើន​នាក់​ផ្សេងទៀត រងរបួស នៅក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ជំរំ​ជនភៀសខ្លួន នៅ​ចា​បា​លៀ ស្ថិតនៅ​ភាគ​ខាងជើង តំបន់​ហ្កា​ហ្សា​ស្ទី​ប (Gaza Strip)​។ ភ្លាមៗ​នោះ រថយន្ដ​សង្គ្រោះបន្ទាន់ បាន​ទៅកាន់​កន្លែងកើតហេតុ ហើយ​បាន​ដឹកបញ្ជូន​អ្នករងរបួស ទៅកាន់​មន្ទីរពេទ្យ នៅក្នុង​តំបន់ និង ខ្លះទៀត បាន​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ប៉ា​ឡេ​ស្ទី​ន WAFA បាន​រាយការណ៍ ថា នៅក្នុង​ចំណោម​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​ទាំងនោះ ក៏មាន​កុមារ ជាច្រើន​នាក់​ផងដែរ​។​

​ក្រសួងមហាផ្ទៃ​តំបន់​ហ្កា​ហ្សា បានបញ្ជាក់ ថា ការស៊ើបអង្កេត​បឋម បានបង្ហាញ ថា នៅក្នុង​កន្លែងកើតហេតុ​នោះ មាន​ស្ដុក​ទុក​សាំង​ជាច្រើន ទើប​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​លឿន​បែបនេះ​។​

​ក្រុម​ហា​ម៉ាស់ (Hamas) ដែល​គ្រប់គ្រង​តំបន់​ហ្កា​ហ្សា (Gaza) បានបញ្ជាក់ ថា ការស៊ើបអង្កេត​កំពុងតែបន្ដ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់ អំពី​មូលហេតុ នៃ​គ្រោះ​អគ្គិភ័យ​នេះ​។ ប៉ុន្ដែ​បើតាម​ស្ដ្រី​ម្នាក់ បាន​អះអាង មាន​ទៀន​ជាច្រើន​ដើម បាន​អុជ នៅក្នុង​អំឡុងពេល​ធ្វើ​ពិធី​ខួបកំណើត ហើយក៏​បង្ក​ឲ្យ​កើត​គ្រោះ​អគ្គិភ័យ​ឆាបឆេះ រាលដាល​ដល់​ជំរំ​ជនភៀសខ្លួន​តែម្ដងទៅ​៕​