អ៊ុយ​ក្រែ​ន ស្នើសុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម ក្រោយ​រុស្ស៊ី​វាយប្រហារ​ជាថ្មី កាត់ផ្ដាច់​ភ្លើង​ដល់​មនុស្ស​១០​លាន​នាក់​

ព័ត៌មានអន្តរជាតិ
0
100


​រដ្ឋធានី​កៀវ​៖ មេដឹកនាំ​អ៊ុយ​ក្រែ​ន បានប្រកាស​ស្នើសុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស ពី​បណ្ដា​ប្រទេស​មហាអំណាច​បស្ចិម​លោក បន្ថែម ក្រោយពេល​កម្លាំង​ទាហាន​រុស្ស៊ី ចាប់ផ្ដើម​បង្កើន​ការវាយប្រហារ ដោយ​មី​ស៊ី​ល ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង រោងចក្រ​ថាមពល រហូត​ធ្វើ​ឲ្យ​មនុស្ស រាប់លាន​នាក់ អត់​ភ្លើង​ប្រើប្រាស់​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១៨ ខែវិច្ឆិកា ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អះអាង ថា ការវាយប្រហារ​ជាថ្មី ពី​កម្លាំង​ទាហាន​រុស្ស៊ី មកលើ​សំណង់​អគារ​ស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល នៅក្នុង​ប្រទេស​របស់គាត់ បានធ្វើ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន ចំនួន​១០​លាន​នាក់ អត់​មាន​អគ្គិសនី​ប្រើប្រាស់​។ ក្រៅពីនេះ សកម្មភាព​ដ៏​ព្រៃផ្សៃ​របស់​រុស្ស៊ី ក៏បាន​សម្លាប់​មនុស្ស យ៉ាងតិច ចំនួន​៧​នាក់ ហើយ​ចំនួន​អ្នកស្លាប់ អាច​នឹង​បន្ដ​កើនឡើង​បន្ថែមទៀត​។​

​លោក​ប្រធានាធិបតី បាន​ថ្លែង​សុន្ទរកថា ប្រចាំ​រាត្រី​របស់គាត់ ថា «​យើង​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ស្ដារ​ការផ្គត់ផ្គង់​អគ្គិសនី ឲ្យ​វិល​មករក​ភាពប្រក្រតី​ឡើងវិញ​»​។​

​កម្លាំង​ទាហាន​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​វាយប្រហារ​យ៉ាងខ្លាំង​ជាថ្មី ទៅលើ​ស្ថានីយ​ថាមពល និង សំណង់​អគារ​ស៊ីវិល ពោលគឺ​ត្រឹមតែ​រយៈពេល​មិន​ដល់​២​ថ្ងៃ ក្រោយ​ការទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំងបំផុត​មួយ​។​

​មន្ដ្រី​អ៊ុយ​ក្រែ​ន បាន​អះអាង ថា រោងចក្រ​ផលិត​ឧស្ម័ន​មួយកន្លែង នៅ​ភាគ​ខាងកើត និង រោងចក្រ​មី​ស៊ី​ស​មួយកន្លែង​ទៀត នៅ​ឌី​នី​ប្រូ (Dnipro) ក៏​ស្ថិត​ក្នុងចំណោម​គោលដៅ​វាយប្រហារ​ផងដែរ​។ ដោយឡែក ការ​កាត់ផ្ដាច់​ថាមពល​យ៉ាងធ្ងន់ធ្ងរ​បំផុត ភាគច្រើន កើតមាន នៅក្នុង​រដ្ឋធានី​កៀវ (Kyiv) តំបន់​ភាគ​ខាងលិច ទីក្រុង​វីន​នី​ត​សៀ (Vinnytsia) ទីក្រុង​កំពង់ផែ​អូ​ដេ​សា (Odesa) នា​ភាគ​និរតី និង ទីក្រុង​ស៊ូ​មី (Sumy) នៅ​ភាគ​ខាង​ឦសាន ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក ហ្សេ​ឡែ​ន​ស្គី បាន​ចោទប្រកាន់​ដល់​រុស្ស៊ី អំពី​ការកំណត់​គោលដៅ បំផ្លិចបំផ្លាញ​លើ​បណ្ដាញ​ផ្គត់ផ្គង់​អគ្គិសនី សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​។ ស្របគ្នា​នេះ លោក​ប្រធានាធិបតី ក៏បាន​ថ្លែង​ជា​ដដែលៗ ស្នើសុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស ពី​មហាអំណាច​លោកខាងលិច ដើម្បី​យកមក​ការពារ​ប្រទេស ឲ្យ​បាន​ពេញលេញ បញ្ចៀស​ការវាយប្រហារ​បំផ្លិចបំផ្លាញ ពី​រុស្ស៊ី បន្ដទៀត ព្រោះ​គ្រឿង​សព្វាវុធ​ទាំងនោះ អាចឈាន​ដល់​ការបញ្ចប់​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ បាន​៕​