កងទ័ព​រដ្ឋាភិបាល​ស្រមោល​មី​យ៉ាន់​ម៉ា អួតអាង​ពី​ការស-ម្លា-ប់​ទាហាន​របប​សឹក​

ព័ត៌មានអន្តរជាតិ
0
87



​រដ្ឋធានី​ណៃ​ពិដោរ​៖ កម្លាំង​ចលនា​ស៊ូ​របស់​រដ្ឋាភិបាល​ស្រមោល បាន​វាយ​ប្រយុទ្ធ​គ្នា​ជាមួយនឹង​កងទ័ព​រប​ស់​រដ្ឋាភិបាល​សឹក​មី​យ៉ាន់​ម៉ា នៅក្នុង​ទីក្រុង​មី​យ៉ា​វ៉ាដ​ឌី (Myawaddy) រដ្ឋកា​រ៉ែ​ន និង នៅតាម​រដ្ឋ​ផ្សេងៗ​ទៀត បាន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត និង រងរបួស​ជាច្រើន​នាក់​។​

​សារព័ត៌មាន​ភូមា Irrawaddy បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែវិច្ឆិកា ថា កម្លាំង​ការពារ​ប្រជាជន (PDF) របស់​រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ឬ រដ្ឋាភិបាល​ស្រមោល ដែល​ត្រូវបាន​បង្កើតឡើង ក្រោយ​រដ្ឋប្រហារ​យោធា បាន​អះអាង ថា កម្លាំង​របស់ខ្លួន បានសម្លាប់​ទាហាន​របស់​របប​សឹក​មី​យ៉ាន់​ម៉ា យ៉ាងតិច ៤៥​នាក់ នៅក្នុង​វាយ​ប្រយុទ្ធ​គ្នា នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ​។ ជាមួយគ្នានេះដែរ ជន​ស៊ីវិល​យ៉ាងតិច​១៥​នាក់ រួមទាំង​កុមារ​ផងដែរ បាន​ស្លាប់ និង រងរបួស ដោយសារតែ​របប​សឹក បាន​ទម្លាក់​គ្រាប់បែក ទៅលើ​គោលដៅ​ស៊ីវិល​។​

​ស្របគ្នា​នេះ ទ័ព​រំដោះជាតិ​កា​រ៉ែ​ន (KNLA) ដែលជា​ចលនា​តស៊ូ​ដ៏​ចំណាស់​ជាងគេ នៅ​មី​យ៉ាន់​ម៉ា ក៏បាន​អះអាង ថា ការប៉ះទង្គិច​គ្នា បានធ្វើ​ឲ្យ​កងទ័ព នៃ​របប​សឹក​មី​យ៉ាន់​ម៉ា ចំនួន​៦​នាក់​បាត់​បង់ជីវិត និង ១៤​នាក់​ផ្សេងទៀត ដោយ​រួមទាំង​មេបញ្ជាការ​ផងដែរ បាន​រងរបួស​។​

​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​វិបត្ដិនយោបាយ កាន់តែ​ធ្ងន់ធ្ងរ ចាប់តាំងពី​លោក​ឧត្ដមសេនីយ៍ មិន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) បាន​ដឹកនាំ​កងទ័ព ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យរ​បស់​លោកស្រី អ៊ោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។

​ដោយឡែក ក្រុមមន្ដ្រី​រដ្ឋាភិបាលរ​បស់​លោកស្រី មួយចំនួន បាននាំគ្នា បង្កើត​រដ្ឋាភិបាល​រួម​រួម​ជាតិ (NUG) ឬ រដ្ឋាភិបាល​ស្រមោល ដើម្បី​រួម​កម្លាំង​គ្នា ជាមួយនឹង​ក្រុម​ឧទ្ទាម​ផ្សេងៗ​ទៀត ប្រឆាំងនឹង​រដ្ឋាភិបាល​សឹក នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​បើតាម​សមាគម​ជំនួយការ​អ្នកទោសនយោបាយ (AAPP) បាន​រាយការណ៍ ថា អំពើ​រដ្ឋប្រហារ​យោធា​នេះ បាន​នាំ​ឲ្យ​មាន​រលក​តវ៉ា​ពាសពេញ​ប្រទេស​។ ចំណែក​ក្រុម​សន្ដិសុខ​របស់​របប​សឹក ក៏បាន​ប្រើប្រាស់​កម្លាំង​យ៉ាង​ឃោរឃៅ ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច ២ ៤៦៥​នាក់ ហើយ​ប្រជាជន ចំនួន ១៦ ៣២៣​នាក់​ផ្សេងទៀត ត្រូវ​ចាប់ឃុំខ្លួន​៕​