នាយករដ្ឋមន្ដ្រី​ថៃ ជួប​ជប៉ុន បង្កើន​ទំនាក់​ទំនងជា​យុទ្ធសាស្ដ្រ​

ព័ត៌មានអន្តរជាតិ
0
56


​រាជធានី​បាងកក​៖ ក្នុងជំនួប មុន​កិច្ចប្រជុំ​កំពូល​របស់​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ហៅ​កាត់ APEC ដែលជា​វេទិកា​អន្ដររដ្ឋាភិបាល នៅ​ទីក្រុង​បាងកក នា​ចុង​សប្ដាហ៍​នេះ នាយករដ្ឋមន្ដ្រី​ថៃ និង ជប៉ុន បាន​កោត​សរសេរ អំពី​ការ​វិវឌ្ឍន៍​ចំណង​ទំនាក់ទំនង ក្លាយជា​«​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​»​។​

​សារព័ត៌មាន​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១៨ ខែវិច្ឆិកា ថា លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-ocha) នាយករដ្ឋមន្ដ្រី​ថៃ បានទទួល​សម​ភាគី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នៅឯ​វិមាន​រដ្ឋាភិបាល ក្រោយពេល​រដ្ឋមន្ដ្រីការបរទេស នៃ​ប្រទេស​ទាំង​២ បាន​ចុះហត្ថលេខា លើ​គម្រោង​សកម្មភាព​រួមគ្នា «​មាន​រយៈពេល​៥​ឆ្នាំ ស្ដីពី​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​ជប៉ុន​-​ថៃ​» កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​។ ជាមួយគ្នានេះ មេដឹកនាំ​ទាំង​២​ប្រទេស ក៏បាន​ស្វាគមន៍ ដល់​ទំនាក់ទំនង​ខួប​លើក​ទី​១៣៥​ឆ្នាំ រវាង​ជប៉ុន និង ថៃ នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ជប៉ុន នៅតែ​ជា​ប្រទេស​វិនិយោគទុន​បរទេស​ដ៏​ធំជាងគេ​បំផុត នៅក្នុង​ប្រទេស​ថៃ ជាមួយនឹង​ការជំរុញ​ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​រថយន្ដ​ដ៏​ធំ នៅក្នុង​ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា​។​

​ក្រសួងការបរទេស​ថៃ បានបញ្ជាក់ ថា គម្រោង​សកម្មភាព​រួមគ្នា រយៈពេល​៥​ឆ្នាំ នឹង​បម្រើ​ជាការ​ណែនាំ នៅ​ពាក់កណ្ដាល​អាណ​ត្ដិ សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច ចន្លោះ​ពី​ឆ្នាំ​២០២២ ដល់ ២០២៦ នៅក្នុង​រង្វង់​សហ​ប្រតិ​ប​ត្ដិ​ការ ចំនួន ៣ រួមមាន ទី​១-​ការអភិវឌ្ឍ​ធនធានមនុស្ស កំណែទម្រង់​បទ​ប្បញ្ញត្តិ ការច្នៃប្រឌិត​, ទី​២-​សេដ្ឋកិច្ច​បៃតង​វិលជុំ​ជីវសាស្ដ្រ (BCG) និង ទី​៣-​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ក្រសួងការបរទេស បាន​បន្ថែម ថា ការ​វិវឌ្ឍន៍​ទំនាក់ទំនង «​បាន​ឆ្លុះបញ្ចាំង អំពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​រួមគ្នា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ចំពេល​បច្ចុប្បន្ន និង បញ្ហា​ប្រឈម កំពុង​កើតមាន នៅក្នុង​តំបន់ និង ពិភពលោក​៕​