ស្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក ធ្លាប់ធ្វើ​ឲ្យ​ចិន​លើកទ័ព​ឡោមព័ទ្ធ​តៃវ៉ាន់ ប្រកាស​លាលែង​ពី​តំណែង​

ព័ត៌មានអន្តរជាតិ
0
100


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ធ្លាប់ធ្វើ​ឲ្យ​ចិន ផ្ទុះ​កំហឹង រហូត​លើក​កងទ័ព នាវាចម្បាំង និង យន្ដហោះ​រាប់សិប​គ្រឿង ទៅធ្វើ​សមយុទ្ធ​យោធា ឡោមព័ទ្ធ​តៃវ៉ាន់ ប៉ុន្ដែ​ឥឡូវនេះ បានប្រកាស​លាលែង​ពី​តំណែង​ហើយ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែវិច្ឆិកា ថា លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​សហរដ្ឋអាមេរិក បានប្រកាស ថា លោកស្រី នឹង​ស្វែងរក​ការបោះឆ្នោត ធ្វើជា​មេដឹកនាំ​សភា​របស់​គណបក្ស​ប្រជាធិបតេយ្យ ជាថ្មីទៀត ក្រោយពេល​គណបក្ស​សាធារណរដ្ឋ បាន​ដណ្តើម​ការគ្រប់គ្រង​សភា​ឡើងវិញ​។​

​អ្នកនយោបាយ​ដ៏​លេចធ្លោ​របស់​សហរដ្ឋអាមេរិក វ័យ​៨២​ឆ្នាំ រូបនេះ បាន​ក្លាយជា​ប្រធានសភា​តំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក នៅក្នុងនាម​ជា​ស្ត្រី​ដំបូង​គេ​បំផុត បាន​កាន់កាប់​តំណែង​ជា​មេដឹកនាំ​សភាតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​ប្រជា​ធិ​តេ​យ្យ អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកហើយ​។ លោកស្រី ផេ​ឡូ​ស៊ី បា​នះ​អាង ថា លោកស្រី​នឹង​បន្ត​ធ្វើជា​សមាជិកសភា​តំណាងរាស្ត្រ​ម្នាក់ នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ប៉ុន្ដែ​លោកស្រី​នឹង​ផ្ទេរតំណែង ជា​មេដឹកនាំ​នេះ ទៅឱ្យ​អ្នកជំនាន់ក្រោយ នៅក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​ស្រី​។​

​លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​រូបនេះ បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ ចន្លោះ​ពីថ្ងៃ​ទី​២-៣ ខែសីហា ឆ្នាំ​២០២២​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ទៅកាន់​ទីក្រុង​តៃប៉ិ បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង ខឹងច្រឡោត​តោតតូង បញ្ជូន​កងទ័ព នាវាចម្បាំង និង យន្ដហោះ​យោធា​រាប់សិប​គ្រឿង ទៅធ្វើ​សមយុទ្ធ បាញ់​គ្រាប់​ឡោមព័ទ្ធ​ដែន​កោះ គ្រប់គ្រង​ដោយ​ខ្លួនឯង តាមបែប​ប្រជាធិបតេយ្យ រហូត​ធ្វើ​ឲ្យ​ច្រក​សមុទ្រ​តៃវ៉ាន់ ឡើង​កម្ដៅ​ខ្លាំង​។​

​ដោយឡែក ការប្រកាស​លាលែង​ពី​តំណែង​របស់​លោកស្រី ផេ​ឡូ​ស៊ី បានកើត​ឡើង ក្រោយពេល​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​ស្រី បាន​ចាញ់ឆ្នោត​ទាំង​ប្រកិតប្រកើយ​ជាមួយនឹង​គណបក្ស​សាធារណរដ្ឋ​។

​ទីភ្នាក់ងារសារព័ត៌មាន AP បានប្រកាស ថា លោក មៃ ហ្កា​សៀ (Mike Garcia) មកពី​គណបក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃ​ពុធ បានទទួល​ជ័យជម្នះ នៅក្នុង​ការប្រកួតប្រជែង នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ជាមួយនឹង​លទ្ធផល​នេះ បានធ្វើឱ្យ​អាសនៈ​របស់​គណបក្ស​សាធារណរដ្ឋ កើន​ដល់ ២១៨​អាសនៈ ដែលជា​សំឡេង ភាគច្រើន សម្រាប់​គ្រប់គ្រង​សភាតំណាងរាស្ត្រ​អាមេរិក ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​របស់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន ទទួលបាន​២១០​អាសនៈ​។​

​លោក ខេ​វីន ម៉ាក​ខា​ធី (Kevin McCarthy) នឹង​ឡើងកាន់តំណែង​ជា​ប្រធានសភា​តំណាងរាស្ត្រ​អាមេរិក ខណៈ​សភា​ថ្មី​ទាំង​២ នឹង​បើក​សម័យប្រជុំ នៅ​ដើម​ឆ្នាំក្រោយ ក្រោយពេល​គណបក្ស​សាធារណរដ្ឋ បានតែងតាំង​គាត់ ឱ្យ​កាន់​មុខតំណែង​កំពូល​មួយ​នេះ​។ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ នៅតែ​រក្សា​ការគ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​ដដែល​៕​