ព្រឹទ្ធសភា​អាមេរិក ជំរុញ​ឲ្យ​ប្រធានាធិបតី ពិចារណា​លើ​ការបញ្ជូន​ដ្រូ​ន​ទៅ​អ៊ុយ​ក្រែ​ន ទប់​ទល់នឹង​សង្គ្រាម​របស់​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
85


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ជាមួយនឹង​សំណើ​ពី​មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​ស្នើសុំ​ជាថ្មី សម្រាប់​ដ្រូ​ន​ឥន្ទ្រី​ប្រផេះ​ដ៏​កំណាច MQ-1C បំពាក់​មី​ស៊ី​ល​ភ្លើង​នរក សម្រាប់​ទប់ទល់​នឹង​សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​រដូវរងា​នោះ សមាជិក​ព្រឹទ្ធសភា បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) គិតពិចារណា​ឡើងវិញ លើ​បញ្ហា​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែវិច្ឆិកា ថា សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក កំពុងតែ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋបាល​របស់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន ឲ្យ​ពិចារណា​ឡើងវិញ លើ​ការបញ្ជូន​ដ្រូ​ន​ដ៏​កំណាច ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។​

​សកម្មភាព ទាំងនេះ បានកើត​ឡើង ក្រោយពេល​រដ្ឋាភិបាល​ក្រុង​កៀវ បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក ឲ្យ​ផ្គត់ផ្គង់​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​ដ៏​មាន​ឥទ្ធិពល​ខ្លាំង ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កំពុងតែ​ធ្វើសង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​រដូវរងា​។​

​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក ចំនួន​១៦​រូប មកពី​គណបក្ស​សាធារណរដ្ឋ និង ប្រជាធិបតេយ្យ បានស្នើ​ដល់​រដ្ឋបាល​របស់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន (Joe Biden) ត្រូវ​គិតពិចារណា​ឲ្យ​បាន​ល្អិតល្អន់ លើ​សំណើ​របស់​អ៊ុយ​ក្រែ​ន សម្រាប់​បញ្ជូន​ដ្រូ​ន​ឥន្ទ្រី​ប្រផេះ MQ-1C ដ៏​កំណាច ដើម្បី​ប្រយុទ្ធ​ជាមួយនឹង​រុស្ស៊ី​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ទាត់ចោល​សំណើ សម្រាប់​ដ្រូ​ន​ដ៏​កំណាច​នោះ ដោយសារតែ​ការព្រួយបារម្ភ ពី​ការបាញ់​ទម្លាក់ និង អាច​បង្កើន​ជម្លោះ កាន់តែខ្លាំង​ឡើង​។​

​ដោយសារតែ​រុស្ស៊ី បង្កើន​ការប្រើប្រាស់​ដ្រូ​ន​អត្ដ​ឃាត វាយប្រហារ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ទើប​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​យ៉ាង​ទ​ទួ​ច​ដល់​សហរដ្ឋអាមេរិក ឲ្យ​ផ្គត់ផ្គង់​ដ្រូ​ន​ដ៏​ខ្លាំងក្លា ដល់​ក្រុង​កៀវ ដែល​អាចជួយ​ពួកគេ គ្រប់គ្រង​ស្ថានភាព​ជម្លោះ​នេះ​។​

​ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​លិខិត​របស់​ពួកគាត់ ផ្ញើជូន​ដល់​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ដោយ​ទុក​ពេលវេលា​ឲ្យ​គិតពិចារណា រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ដើម្បី​ពន្យល់ អំពី​មូលហេតុ ដែល​មន្ទីរ​បញ្ច​កោណ ជឿថា ដ្រូ​ន​នេះ មិន​សមស្រប សម្រាប់​ការប្រយុទ្ធ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក មី​ខែល រ៉ា​ស្វូ​ហ្សា​អែ​វ (Mikhail Razvozhaev) អភិបាលក្រុង គាំទ្រ​ដោយ​រុស្ស៊ី នៅ​ឧបទ្វីប​គ្រី​មៀ (Crimea) កាលពី​ព្រឹក ថ្ងៃ​អង្គារ បានប្រកាស ពី​ការបាញ់​ទម្លាក់​ដ្រូ​ន​ចំនួន​២​គ្រឿង នៅ​ទីក្រុង​សេ​វ៉ា​ស្ដូ​ប៉ូល (Sevastopol) ជា​កន្លែង​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី កំពុងតែ​ប្រតិ​ប​ត្ដិ​ការ​។​

​លោក​អភិបាលក្រុង បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម ថា «​ឥឡូវ​កម្លាំង​ការពារ​របស់​យើង​ធ្វើការ​បានល្អ ថ្វីបើ​មានការ​វាយប្រហារ​ដោយ​ដ្រូ​ន​យ៉ាងណាក៏ដោយ​។ ចំណែក​ដ្រូ​ន​ចំនួន​២​គ្រឿង យើង​បាន​បាញ់​ទម្លាក់​»​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ដល់​មហាអំណាច​បស្ចិម​លោក ជួយ​បន្ថែមទៀត​។ លោក​ប្រធានាធិបតី បាន​ស្ដីបន្ទោស​ដល់​រុស្ស៊ី ចំពោះ​ការប្រើប្រាស់​រដូវរងារ ធ្វើជា​អាវុធ បង្ក​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​វាយ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​។​

​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​ប្រាប់​ដល់​អភិបាលក្រុង​បារាំង នៅក្នុង​កិច្ចប្រជុំ​មួយ​តាម​វីដេអូ ថា «​វិមាន​ក្រឹម​ឡាំង ចង់​ប្រែក្លាយ​អាកាសធាតុ​រដូវរងា​នេះ ឲ្យ​ក្លាយទៅជា​អាវុធ សម្រាប់​ការកម្ទេច​អ៊ុយ​ក្រែ​ន​»​។​

​ដ្រូ​ន MQ-1C Gray Eagle នេះ អាច​ហោះហើរ​បាន នៅក្នុង​រយៈពេល​ជាង​២៤​ម៉ោង ហើយ​វា​មាន​ល្បឿន ៣០៤​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង មានតម្លៃ​ប្រហែល​ជាង​៣១​លាន​ដុល្លារ​អាមេរិក ក្នុង​មួយគ្រឿង​៕​