អង្គការ​សម្ពន្ធមិត្ត​លោកខាងលិច ត្រៀម​ប្រព័ន្ធ​ការពារ​រួច​ជាស​ម្រេច ដើម្បី​ឆ្លើយតប​នឹង​រុស្ស៊ី

ព័ត៌មានអន្តរជាតិ
0
82



​ទីក្រុង​ប្រ៊ុ​ច​សែ​ល​៖ ខណៈ​សង្គ្រាម នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បានអូសបន្លាយ អស់​រយៈពេល​ជាង​២៧០​ថ្ងៃ ហើយ​ការ​វាយ​ប្រយុទ្ធ​កំពុងតែបន្ដ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ ឬ អូតង់​) ក៏បាន​រៀបចំ​ធ្វើ​សមយុទ្ធ​ប្រព័ន្ធ​ការពារ​ដែនអាកាស និង មី​ស៊ី​ល នៅក្នុង​តំ​អឺរ៉ុប​ខាងកើត ត្រៀម​ឆ្លើយតប​នឹង​រុស្ស៊ី​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែវិច្ឆិកា ថា អង្គការ​ណា​តូ កាលពី​ថ្ងៃ​ពុធ បានធ្វើ​សមយុទ្ធ បាញ់​សាកល្បង​ប្រព័ន្ធ​ការពារ​ដែនអាកាស និង ប្រព័ន្ធ​មី​ស៊ី​ល នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី​។ សកម្មភាព​របស់​អង្គការ​សម្ពន្ធភាព​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះ បានកើត​ឡើង ត្រឹមតែ​រយៈពេល​១​សប្ដាហ៍ ក្រោយពេល​មាន​មី​ស៊ី​ល​មួយ​គ្រាប់ បាន​ធ្លាក់​មកលើ​ទឹកដី​ប៉ូឡូញ នា​ភាគ​ខាងកើត ជិត​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន​។​

​បញ្ជាការដ្ឋាន​កងទ័ព​អាកាស​របស់​សម្ពន្ធមិត្ត​ណា​តូ ស្ថិតក្នុង​ទីក្រុង​រុំ​ា​ស្ដែ​ន (Ramstein) នា​ភាគ​លិច ប្រទេស​អាល្លឺម៉ង់ បាន​អះអាង ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​បារាំង ត្រូវបាន​ដាក់ពង្រាយ នៅក្នុង​ប្រទេស​រូ​ម៉ា​នី​បាន​វាយប្រហារ​ទប់ទល់​នឹង​ការវាយប្រហារ ចេញពី​យន្តហោះ​ចម្បាំង​របស់​សម្ពន្ធមិត្ត នៅក្នុង​ការហាត់​សម​។ រីឯ​យន្តហោះ​ចម្បាំង F-16 របស់​តួ​ក​គី​, យន្តហោះ​ចម្បាំង​របស់​អេ​ស្ប៉ា​ញ ប្រភេទ Eurofighter, យន្តហោះ​របស់​សហរដ្ឋ​អាមេរិក និង យន្តហោះ​របស់​បារាំង ប្រភេទ Rafale ដែល​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle ក៏បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ផងដែរ​។​

​លោកស្រី អន​ណា លូន​ហ្គេ​ស​ខ្យូ (Oana Lungescu) អ្នកនាំពាក្យ​របស់​អង្គការ​ណា​តូ បាន​បញ្ជាក់ថា «​ការធ្វើ​សមយុទ្ធ​នាពេលនេះ ក៏​ជាការ​ត្រៀមខ្លួន សម្រាប់​ឆ្លើយតប​ទៅនឹង​សង្គ្រាម​របស់​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។ ជាមួយគ្នានេះ យើង​បន្ត​ពង្រឹង​ការរារាំង និង ការការពារ​របស់​យើង នៅ​តំបន់​ខាងកើត នៃ​ទឹកដី​របស់​សម្ពន្ធមិត្តរ​បស់​យើង​។ លំ​ហាត់​សមយុទ្ធ​យោធា បែបនេះ ក៏​ធានា ថា កម្លាំង​ណា​តូ អាច​នឹងធ្វើ​ប្រតិបត្តិការ​រួមគ្នា​បាន ហើយ​នៅតែ​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ទប់ទល់​នឹង​ការគំរាមកំហែង មកពី​គ្រប់ទិសទី​»​។​

​ប្រទេស​បារាំង បានដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស SAMP/T របស់ខ្លួន នៅក្នុង​ប្រទេស​រូ​ម៉ា​នី ចាប់តាំងពី​ខែឧសភា មក​។ ចំណែក​ប្រព័ន្ធ​ការពារ​ដែនអាកាស ប្រភេទ​នេះ ត្រូវបាន​រចនា​ឡើង សម្រាប់​ការពារ​សមរភូមិ និង ចំណុច​សំខាន់ៗ ដូចជា អាកាសយានដ្ឋាន ឬ​កំពង់ផែ ប្រឆាំងនឹង​មី​ស៊ី​ល យន្តហោះ​ដ្រូ​ន និង មី​ស៊ី​ល​ផ្លោង​យុទ្ធសាស្ត្រ​។ ស្របគ្នា​នេះ ប្រទេស​ជា​សម្ពន្ធមិត្ត​មួយចំនួនទៀត ក៏បាន​បញ្ជូន​ប្រព័ន្ធ​ការពារ​របស់​ពួកគេ ទៅ​ដាក់ពង្រាយ នៅ​តំបន់​ភាគ​ខាងកើត នៃ​ទឹកដី​របស់​អង្គការ​ណា​តូ ចាប់តាំងពី​រុស្ស៊ី បាន​ចូលលុកលុយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​៕​