
រាជធានីអូតតាវ៉ា (Ottawa)៖ កាណាដា បានចាប់ផ្ដើមយុទ្ធសាស្ដ្រឥណ្ឌូប៉ាស៊ីហ្វិក ដោយការចំណាយថវិកាជាតិជាតិជាង២ពាន់លានដុល្លារ សម្រាប់ការវិនិយោគលើវិស័យយោធា និង សន្ដិសុខតាមបណ្ដាញអ៊ិនធើរណេត ខណៈដឹងថា ចិន ជាប្រទេសមហាអំណាច បង្កការគំរាមកំហែងខ្លាំង។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ថា កាណាដា កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើម បើកដំណើរការយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលទន្ទឹងរង់ចាំ អស់រយៈពេលជាយូរមកហើយ ដោយបង្ហាញ អំពីការចំណាយថវិកាជាតិ ចំនួន២,៣ពាន់លានដុល្លារកាណាដា ឬស្មើនឹង ១,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការបង្កើនការចំណាយ លើវិស័យយោធា និង សន្តិសុខតាមអ៊ីនធឺណិត នៅក្នុងតំបន់។ រដ្ឋាភិបាលក្រុងអូតតាវ៉ា បានប្តេជ្ញា ថា នឹងដោះស្រាយជាមួយ «ការរំខាន» ពីប្រទេសចិន ខណៈកំពុងតែធ្វើការជាមួយក្រុងប៉េកាំង លើបញ្ហាប្រែប្រួលអាកាសធាតុ និង ពាណិជ្ជកម្ម។
គម្រោងនោះ បានលម្អិត នៅក្នុងឯកសារ មានកម្រាស់២៦ទំព័រ ដោយបានបញ្ជាក់ ថា កាណាដា នឹងរឹតបន្ដឹងលើច្បាប់វិនិយោគរបស់បរទេស ដើម្បីការពារលើកម្មសិទ្ធិបញ្ញា និង រារាំងដល់សហគ្រាសគ្រប់គ្រងដោយរដ្ឋចិន លើការចាប់ទាញយកការផ្គត់ផ្គង់រ៉ែសំខាន់ៗ។
កាណាដា កំពុងតែស្វែងរកការធ្វើឱ្យទំនាក់ទំនង កាន់តែស៊ីជម្រៅជាមួយនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅក្នុងចំណោមប្រទេសចំនួន៤០ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានសកម្មភាពពាណិជ្ជកម្ម មានទំហំទឹកប្រាក់ ៥០ពាន់ពាន់លានដុល្លាកាណាដា (C$ 50 Trillion) ឬស្មើនឹងប្រហែលជាង៣៧,៣៤ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក (US$37.34 Trillion)។ ប៉ុន្ដែកាណាដា បានផ្ដោតគោលសំខាន់ ទៅលើប្រទេសចិន ហើយត្រូវបានគេលើកឡើង មានទំហំពាណិជ្ជកម្មធំជាង៥០ដង ខណៈទំនាក់ទំនងទ្វេភាគី នៅតែមានភាពល្អក់កករ។
លោកស្រី ម៉ែឡានី ចូលី (Melanie Joly) រដ្ឋមន្ដ្រីក្រសួងការបរទេសកាណាដា បានបញ្ជាក់ ថា «យើងនឹងចូលរួមនៅក្នុងផ្នែកការទូត ពីព្រោះយើងគិត ថា ការទូត ជាកម្លាំងមួយ នៅក្នុងពេលជាមួយគ្នានោះ យើងនឹងរឹងមាំ ហើយថា វាជាមូលហេតុ ដែលបច្ចុប្បន្ន យើងមានផែនការប្រកបដោយតម្លាភាព សម្រាប់ការចូលរួមជាមួយប្រទេសចិន»។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ចង់ធ្វើពិពិធកម្ម លើទំនាក់ទំនងពាណិជ្ជកម្ម និង សេដ្ឋកិច្ច ដោយពឹងផ្អែកខ្លាំង លើសហរដ្ឋអាមេរិក។ ប៉ុន្ដែបើតាមទិន្នន័យផ្លូវការ សម្រាប់ខែកញ្ញា បានបង្ហាញ ថា ការធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយនឹងប្រទេសចិន មានចំនួនតិចជាង៧ភាគរយ នៃចំនួនសរុប ធៀបនឹង៦៨ភាគរយ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។ ដោយឡែក កាធ្វើពាណិជ្ជកម្មរបស់កាណាដា ទៅកាន់ប្រទេសជាសម្ពន្ធមិត្ត នៅក្នុងតំបន់អាស៊ី ក៏បានកើតឡើង ស្របគ្នានឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បង្ហាញសញ្ញា អំពីការគំរាមកំហែង កាន់តែខ្លាំងឡើង ចំពោះពាណិជ្ជកម្មសេរី នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
យុទ្ធសាស្ត្ររបស់កាណាដា បានបង្ហាញ ថា «ប្រទេសចិន ជាមហាអំណាចពិភពលោក បង្កការរំខាន កាន់តែខ្លាំងឡើង ដោយសារតែក្រុងប៉េកាំង ប៉ងប្រាថ្នាចង់រៀបចំសណ្តាប់ធ្នាប់អន្តរជាតិសាជាថ្មីឡើងវិញ ដោយប្រាសចាកកាន់តែឆ្ងាយ អំពីផលប្រយោជន៍ និងតម្លៃរបស់យើង។ ការជ្រៀតជ្រែករបស់ប្រទេសចិន នៅក្នុងកិច្ចការបរទេស និង ការអនុវត្តការបង្ខិតបង្ខំ កាន់តែខ្លាំងឡើង ទៅលើប្រទេសនានា។ ជាមួយគ្នានេះ កាណាដា នឹងវិនិយោគ លើការពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ ក៏ដូចជា ការស៊ើបការណ៍សម្ងាត់ និង សន្តិសុខតាមអ៊ីនធើរណេតផងដែរ»។
ភាពតាតឹង រវាងរដ្ឋាភិបាលអូតតាវ៉ា និង ប៉េកាំង បានកើនឡើង កាលពីចុងឆ្នាំ២០១៨ ក្រោយពេលប៉ូលិសកាណាដា បានឃាត់ខ្លួនលោកស្រីនាយកប្រតិបត្តិក្រុមហ៊ុន Huawei ។ ជាការឆ្លើយតបវិញនោះ ក្រុងប៉េកាំង ក៏បានចាប់ខ្លួនជនជាតិកាណាដា ជាបន្ដបន្ទាប់ ចំនួន២នាក់ ក្រោមការចោទប្រកាន់ ពីបទចារកម្ម។ ក្រោយមកអ្នកទាំង២ ក៏ត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ កាលពីឆ្នាំ២០២១។ ប៉ុន្ដែរហូតមកដល់ពេលនេះ ទំនាក់ទំនងការទូត រវាងប្រទេសមហាយក្សទាំងនេះ នៅតែតានតឹងដាក់គ្នានៅឡើយ៕