កាណាដា បោះទុន​ជាង​២​ពាន់​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​យោធា ទប់ទល់​នឹង​ចិន​

សេដ្ឋកិច្ច
0
143


​រាជធានី​អូត​តា​វ៉ា (Ottawa)៖ កាណាដា បានចាប់ផ្ដើម​យុទ្ធសាស្ដ្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយ​ការចំណាយ​ថវិកាជាតិ​ជាតិ​ជាង​២​ពាន់​លាន​ដុល្លារ សម្រាប់​ការវិនិយោគ​លើ​វិស័យ​យោធា និង សន្ដិសុខ​តាម​បណ្ដាញ​អ៊ិនធើរណេត ខណៈ​ដឹងថា ចិន ជា​ប្រទេស​មហាអំណាច បង្ក​ការគំរាមកំហែង​ខ្លាំង​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៨ ខែវិច្ឆិកា ថា កាណាដា កាលពី​ថ្ងៃអាទិត្យ បានចាប់ផ្តើម បើក​ដំណើរការ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ទន្ទឹងរង់ចាំ អស់​រយៈពេល​ជា​យូរ​មកហើយ ដោយ​បង្ហាញ អំពី​ការចំណាយ​ថវិកាជាតិ ចំនួន​២,៣​ពាន់​លាន​ដុល្លារ​កាណាដា ឬ​ស្មើនឹង ១,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការបង្កើន​ការចំណាយ លើ​វិស័យ​យោធា និង សន្តិសុខ​តាម​អ៊ីនធឺណិត នៅក្នុង​តំបន់​។ រដ្ឋាភិបាល​ក្រុង​អូត​តា​វ៉ា បាន​ប្តេជ្ញា ថា នឹង​ដោះស្រាយ​ជាមួយ «​ការរំខាន​» ពី​ប្រទេស​ចិន ខណៈ​កំពុងតែធ្វើការ​ជាមួយ​ក្រុង​ប៉េកាំង លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង ពាណិជ្ជកម្ម​។​

​គម្រោង​នោះ បាន​លម្អិត នៅក្នុង​ឯកសារ មាន​កម្រាស់​២៦​ទំព័រ ដោយបាន​បញ្ជាក់ ថា កាណាដា នឹង​រឹតបន្ដឹង​លើ​ច្បាប់​វិនិយោគ​របស់​បរទេស ដើម្បី​ការពារ​លើ​កម្មសិទ្ធិបញ្ញា និង រារាំង​ដល់​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន លើ​ការចាប់​ទាញយក​ការផ្គត់ផ្គង់​រ៉ែ​សំខាន់ៗ​។​

​កាណាដា កំពុងតែ​ស្វែងរក​ការធ្វើឱ្យ​ទំនាក់ទំនង កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅក្នុង​ចំណោម​ប្រទេស​ចំនួន​៤០ ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយមាន​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម មាន​ទំហំ​ទឹកប្រាក់ ៥០​ពាន់​ពាន់​លាន​ដុល្លា​កាណាដា (C$ 50 Trillion) ឬ​ស្មើនឹង​ប្រហែល​ជាង​៣៧,៣៤​ពាន់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក (US$37.34 Trillion)​។ ប៉ុន្ដែ​កាណាដា បាន​ផ្ដោត​គោល​សំខាន់ ទៅលើ​ប្រទេស​ចិន ហើយ​ត្រូវបាន​គេ​លើកឡើង មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ជាង​៥០​ដង ខណៈ​ទំនាក់ទំនង​ទ្វេភាគី នៅតែមាន​ភាពល្អក់​កក​រ​។​

​លោកស្រី ម៉ែ​ឡា​នី ចូ​លី (Melanie Joly) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​កាណាដា បានបញ្ជាក់ ថា «​យើង​នឹងចូលរួម​នៅក្នុង​ផ្នែក​ការទូត ពីព្រោះ​យើង​គិត ថា ការទូត ជា​កម្លាំង​មួយ នៅក្នុងពេល​ជាមួយគ្នា​នោះ យើង​នឹង​រឹងមាំ ហើយ​ថា វា​ជា​មូលហេតុ ដែល​បច្ចុប្បន្ន យើង​មាន​ផែនការ​ប្រកបដោយ​តម្លាភាព សម្រាប់​ការចូល​រួមជាមួយ​ប្រទេស​ចិន​»​។​

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) ចង់​ធ្វើ​ពិពិធ​កម្ម លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង សេដ្ឋកិច្ច ដោយ​ពឹងផ្អែក​ខ្លាំង លើ​សហរដ្ឋអាមេរិក​។ ប៉ុន្ដែ​បើតាម​ទិន្នន័យ​ផ្លូវការ សម្រាប់​ខែកញ្ញា បានបង្ហាញ ថា ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ជាមួយនឹង​ប្រទេស​ចិន មាន​ចំនួន​តិចជាង​៧​ភាគរយ នៃ​ចំនួន​សរុប ធៀប​នឹង​៦៨​ភាគរយ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​។ ដោយឡែក កា​ធ្វើ​ពាណិជ្ជកម្ម​របស់​កាណាដា ទៅកាន់​ប្រទេស​ជា​សម្ពន្ធមិត្ត នៅក្នុង​តំបន់​អាស៊ី ក៏បាន​កើតឡើង ស្របគ្នា​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បង្ហាញ​សញ្ញា អំពី​ការគំរាមកំហែង កាន់តែខ្លាំង​ឡើង ចំពោះ​ពាណិជ្ជកម្ម​សេរី នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​យុទ្ធសាស្ត្រ​របស់​កាណាដា បានបង្ហាញ ថា «​ប្រទេស​ចិន ជា​មហាអំណាច​ពិភពលោក បង្ក​ការរំខាន កាន់តែខ្លាំង​ឡើង ដោយសារតែ​ក្រុង​ប៉េកាំង ប៉ងប្រាថ្នា​ចង់​រៀបចំ​សណ្តាប់ធ្នាប់​អន្តរជាតិ​សាជាថ្មី​ឡើងវិញ ដោយ​ប្រាសចាក​កាន់តែ​ឆ្ងាយ អំពី​ផលប្រយោជន៍ និង​តម្លៃ​របស់​យើង​។ ការជ្រៀតជ្រែក​របស់​ប្រទេស​ចិន នៅក្នុង​កិច្ចការបរទេស និង ការអនុវត្ត​ការបង្ខិតបង្ខំ កាន់តែខ្លាំង​ឡើង ទៅលើ​ប្រទេស​នានា​។ ជាមួយគ្នានេះ កាណាដា នឹង​វិនិយោគ លើ​ការពង្រឹង​វត្តមាន​យោធា​របស់ខ្លួន នៅក្នុង​តំបន់ ក៏ដូចជា ការ​ស៊ើបការណ៍​សម្ងាត់ និង សន្តិសុខ​តាម​អ៊ី​ន​ធើរ​ណេ​ត​ផងដែរ​»​។​

​ភាព​តា​តឹង រវាង​រដ្ឋាភិបាល​អូត​តា​វ៉ា និង ប៉េកាំង បាន​កើនឡើង កាលពី​ចុងឆ្នាំ​២០១៨ ក្រោយពេល​ប៉ូលិស​កាណាដា បាន​ឃាត់ខ្លួន​លោកស្រី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ។ ជាការ​ឆ្លើយតប​វិញ​នោះ ក្រុង​ប៉េកាំង ក៏បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា ជា​បន្ដបន្ទាប់ ចំនួន​២​នាក់ ក្រោម​ការចោទប្រកាន់ ពីបទ​ចារកម្ម​។ ក្រោយមក​អ្នក​ទាំង​២ ក៏ត្រូវ​បាន​ដោះលែង ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​ឆ្នាំ​២០២១​។ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ ទំនាក់ទំនង​ការទូត រវាង​ប្រទេស​មហា​យក្ស​ទាំងនេះ នៅតែ​តានតឹង​ដាក់គ្នា​នៅឡើយ​៕​