រុស្ស៊ី​ខឹងច្រឡោត​ដាក់​អង្គការ​ណា​តូ ផ្គត់ផ្គង់​ប្រព័ន្ធ​ការ​ដែនអាកាស​ដ៏​ទំនើប ទៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
350


​រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​ក្រុម​រដ្ឋមន្ដ្រីការបរទេស អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង កាលពី​ថ្ងៃ​អង្គារ កំពុង​តែង​បើក​កិច្ចប្រជុំ ស្ដីពី​ការបង្កើន​កិច្ច​គាំទ្រ​បន្ថែម​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ទើប​ទល់នឹង​ការវាយប្រហារ​របស់​ក្រុង​មូ​ស្គូ នោះ អតីត​ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមាន​ដល់​អង្គការ​ណា​តូ ជុំវិញ​ការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប​របស់លោក​ខាងលិច ជួយ​ដល់​ក្រុង​កៀវ​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៣០ ខែវិច្ឆិកា ថា លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី ហើយ​បច្ចុប្បន្ន មាន​តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ កាលពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ដល់​អង្គការ​ណា​តូ ប្រឆាំងនឹង​ការផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​ថ្កោលទោស​សម្ពន្ធមិត្ត ថា ជា​«​អង្គការ​ឧក្រិដ្ឋកម្ម​» សម្រាប់​ការផ្តល់​គ្រឿង​សព្វាវុធ ជួយ​ដល់​អ្វីដែល​គាត់ ហៅ​ក្រុង​កៀវ ជា​«​របប​ជ្រុលនិយម​»​។​

​អតីត​ប្រធានាធិបតី​រុស្ស៊ី រូបនេះ បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម ថា «​ប្រសិនបើ អង្គការ ពិតជា​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ជួយ​ដល់​ក្រុង​កៀវ ដូច​អ្វីដែល​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជេន​ស៍ ស្តូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) បាន​ណែនាំ​ពិតមែន​នោះ ពួកគេ​នឹង​ក្លាយទៅជា​គោលដៅ​ស្របច្បាប់ សម្រាប់​ទាហាន​របស់​យើង​វាយប្រហារ​ភ្លាមៗ​។ ពិភពលោក នា​សម័យ​ស៊ី​វិ​ល័យ​នេះ មិន​ត្រូវការ​អង្គការ​បែបនេះ​ឡើយ ហើយ​អង្គភាព​ឧក្រិដ្ឋកម្ម​បែបនេះ គួរតែ​ត្រូវបាន​រំលាយចោល​»​។​

​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ក្រុង​កៀវ បានស្នើ​សុំ​ដល់​សម្ពន្ធមិត្ត​បស្ចិម​លោក ឲ្យ​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស រួមទាំង ប្រព័ន្ធ Patriot និង ប្រព័ន្ធ NASAMS ផលិត​ដោយ សហរដ្ឋអាមេរិក និង ប្រព័ន្ធ​ការពារ​ដែនអាកាស​ផ្សេងៗ​ទៀត សម្រាប់​យកមក​ការពារ​ខ្លួន និង​ទប់ស្កាត់​ការវាយប្រហារ​របស់​រុស្ស៊ី ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕​