
រាជធានីតូក្យូ៖ ការគំរាមកំហែងរបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ហើយការបាញ់ផ្លោងមីស៊ីលឥតឈប់ឈររបស់កូរ៉េខាងជើង និង សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យនាយករដ្ឋមន្ដ្រីជប៉ុន ភ្ញាក់ខ្លួនឡើង ជំរុញឲ្យរដ្ឋាភិបាលរបស់គាត់ បង្កើនកញ្ចប់ថវិកា សម្រាប់វិស័យការពារជាតិ រហូតដល់៣១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយលើសពីនេះទៅទៀត ក្រុងតូក្យូ ថែមទាំង កំពុងតែសហការជាមួយនឹងចក្រភពអង់គ្លេស និង អ៊ីតាលី បង្ហាញអំពីផែនការ អភិវឌ្ឍយន្ដហោះបំបាំងកាយដ៏ទំនើប នាពេលខាងមុខនេះ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១០ ខែធ្នូ ចុងសប្ដាហ៍មុន ថា ជប៉ុន ចក្រភពអង់គ្លេស និង អ៊ីតាលី នឹងធ្វើការរួមគ្នា លើកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់ថ្មី នៅក្នុងឆ្នាំ២០៣៥។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំ នៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៣ បានបញ្ជាក់។
កិច្ចព្រមព្រៀងនេះ រាប់បញ្ចូលគ្នា ទាំងគម្រោងយន្តហោះចម្បាំង Tempest របស់អង់គ្លេស-អ៊ីតាលី និង កម្មវិធីយន្ដហោះចម្បាំង ប្រភេទ F-X របស់ជប៉ុន។ ប៉ុន្ដែបើតាមសេចក្តីថ្លែងការណ៍ បានចេញផ្សាយ កាលពីថ្ងៃសុក្រ មិនបានផ្តល់ព័ត៌មានលម្អិត ជុំវិញការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុនោះឡើយ។
លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្ដ្រីក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ កាលពីដើមសប្ដាហ៍មុន ថា លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ដ្រីជប៉ុន បានណែនាំឲ្យដាក់កញ្ចប់ថវិកាចំណាយ លើវិស័យការពារជាតិ កើនឡើង រហូតដល់៤៣ពាន់ពាន់លានយេន (លុយជប៉ុន) ឬស្មើនឹងប្រហែល៣១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ដោយចាប់ផ្ដើម ពីខែមេសា ឆ្នាំក្រោយ។ ការចំណាយនេះ នឹងកើនឡើង រហូតដល់៥៧ភាគរយ ដែលស្មើនឹង២៧ពាន់ពាន់លានយេន ឬស្មើនឹងប្រហែលជាង២០០,៤៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ នាពេលបច្ចុប្បន្ន។
នាយករដ្ឋមន្ដ្រីជប៉ុន លោក Kishida បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់គាត់ ផ្ដោតលើគោលបំណង បង្កើនការចំណាយ ទាក់ទងនឹងវិស័យការពារជាតិ សរុប២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុន នៅក្នុងរយៈពេល៥ឆ្នាំដូចគ្នានេះដែរ។ បើទោះជា ជប៉ុន មិនមែនជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ហៅកាត់ NATO) យ៉ាងណាក្ដី ក៏ក្រុងតូក្យូ នឹងបំពេញតាមគោលដៅ ដែលត្រូវបានកំណត់ សម្រាប់សមាជិករបស់អង្គការសម្ពន្ធយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះដែរ៕