
រដ្ឋធានីកៀវ៖ កងទ័ពការពារទឹកដីរបស់ក្រុងកៀវ កាលពីដើមសប្ដាហ៍មុន បានកែលម្អយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ផលិតដោយអតីតសហភាពសូវៀត ប្រភេទ Tu-141 វាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ចំនួន៣កន្លែងផ្សេងគ្នា ចូលជ្រៅទៅក្នុងប្រទេស ធ្វើឲ្យក្រុងមូស្គូ នឹកស្មានមិនដល់ ហើយឥឡូវនេះ អ៊ុយក្រែន កំពុងតែបង្កើតដ្រូនយ៉ាងពិសេស ដោយខ្លួនឯងតែម្ដង ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ពួកគេ សម្រាប់វាយប្រហារ ទៅលើគូជម្លោះ។
សារព័ត៌មាន The Kyiv Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ថា លោក អូឡេ បូលឌីរេវ (Oleh Boldyrev) អ្នកគ្រប់គ្រងគម្រោងទប់ទល់នឹងការព្រួយបារម្ភរបស់រដ្ឋ ឈ្មោះ អ៊ុយក្រូបូរ៉ូនប្រ៉ូម (Ukroboronprom) បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ណាស្ដូយ៉ាសចេយេ វ្រេមៀ (Nastoyashcheye Vremia) នៅក្នុងបទសម្ភាសន៍មួយ ថា ឥឡូវ អ៊ុយក្រែន កំពុងតែធ្វើការងារយ៉ាងសកម្ម លើការអភិវឌ្ឍន៍ដ្រូនរបស់ខ្លួន ព្រោះវាជាប្រភេទអាវុធប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបំផុតមួយ នៅក្នុងសង្គ្រាម ប្រឆាំងនឹងទាហានរុស្ស៊ី។
លោក Oleh Boldyrev បានបញ្ជាក់ ថា សង្គ្រាមប នាពេលបច្ចុប្បន្ន កំពុងតែឆ្ពោះទៅរកការប្រយុទ្ធគ្នា ដោយប្រើប្រាស់ប្រព័ន្ធគ្រឿងចម្បាំង ដែលគ្មានមនុស្សបើក ឬ ដ្រូន។ ដូច្នេះអ៊ុយក្រែន ត្រូវតែធ្វើការងារនេះយ៉ាងសកម្ម សម្រាប់ផលិតគ្រឿងសឹកប្រភេទនេះ នាំទៅបំពាក់ដល់កងទ័ពការពារទឹកដីរបស់ខ្លួន។
បើតាមតំណាងរបស់ Ukroboronprom បានអះអាង ថា នៅក្នុងពេលដ៏ឆាប់ៗខាងមុននេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នឹងទទួលបានដ្រូនផលិតដោយខ្លួនឯង ហើយវានឹងជួយដល់ពួកគេ សម្រាប់ការវាយប្រហារ ទៅលើសត្រូវ នៅក្នុងសមរភូមិ ឬ គោលដៅឆ្ងាយៗ។
លោក Boldyrev បានបន្ដ ថា ដ្រូនផលិតដោយអ៊ុយក្រែន ជិតរួចរាល់ហើយ ឥឡូវកំពុងតែបង្ហោះសាកល្បង។ បើនិយាយ អំពីលក្ខណៈរបស់ដ្រូនអ៊ុយក្រែន មានលក្ខណៈស្រដៀងគ្នាទៅនឹងដ្រូនអត្ដឃាត ផលិតដោយអ៊ីរ៉ង់ ដែរ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយចំនួន ប្លែកដាច់ពីដ្រូនរបស់អ៊ីរ៉ង់ ដែលបានផ្គត់ផ្គង់ទៅឲ្យរុស្ស៊ី យកមកធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។
លោក Boldyrev បានសង្កត់ធ្ងន់ ថា «ដ្រូននេះ បានផលិតរួចហើយ។ ខ្ញុំនឹងហៅឈ្មោះ ថា «គ្មានអ្នកជំងឺ» ហើយវាជាប្រភេទដ្រូនអត្ដឃាត។ យើងជាជនជាតិអ៊ុយក្រែន ក៏ជាមនុស្សលោភលន់ខ្លាំងណាស់ ហើយដ្រូនអត្ដឃាត Kamikazes របស់យើង ហោះទៅវាយប្រហារហើយ វានឹងអាចវិលត្រឡប់មកវិញបាន។ ដ្រូនប្រភេទនេះ អាចហោះហោះទៅមក ដើម្បីវាយប្រហារទៅលើគោលដៅរបស់សត្រូវ បានច្រើនដង ដោយវាអាចហោះហើរ នៅក្នុងរង្វង់ រហូតដល់ ១ពាន់គីឡូម៉ែត្រ និង ផ្ទុកគ្រឿងបំផ្ទុះ រហូតដល់៧៥គីឡូក្រាម»។
Ukroboronprom សង្កត់ធ្ងន់ ថា គំរូយន្តហោះគ្មានមនុស្សបើក ឬដ្រូន ត្រូវបានបង្កើតឡើងដោយសារធាតុបង្គំជាមួយជាច្រើនផ្នែករបស់បរទេស។ ប៉ុន្តែការអភិវឌ្ឍន៍កម្មវិធី មធ្យោបាយទំនាក់ទំនង ជាមួយស្ថានីយ នៅលើដី ការផ្គុំ និង ថែទាំយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ត្រូវបានអនុវត្តឡើង ដោយក្រុមអ្នកឯកទេស នៅក្នុងប្រទេស។
សូមជម្រាប ថា គម្រោងទប់ទល់នឹងការព្រួយបារម្ភរបស់រដ្ឋ Ukroboronprom គឺជាអ្នកផលិតអាវុធយុទ្ធសាស្ដ្រ និង សម្ភារយោធា នៅក្នុងប្រទេសអ៊ុយក្រែន៕