
រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន យ៉ាងពេញទំហឹង ដោយថែមទៀតផ្ដល់ជំនួយយោធា មានតម្លៃប្រហែល ១៨,៥ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែតស៊ូប្រយុទ្ធ ការពារទឹកដី និង សេរីភាពរបស់ពួកគេ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ចាប់តាំងពីការផ្ទុះសង្គ្រាម រហូតមក ហើយឥឡូវនេះ សភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកា លើវិស័យការពារជាតិ កើនឡើង រហូតដល់៨៥៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ ដោយរួមទាំងជំនួយសន្ដិសុខ សម្រាប់ក្រុងកៀវ និង តៃវ៉ាន់ ផងដែរ។
សារព័ត៌មាន The Kyiv Independent បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៩ ខែធ្នូ ថា សភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ត្រួសត្រាយផ្លូវ សម្រាប់កញ្ចប់ថវិកា លើវិស័យការពារជាតិ កើនឡើង រហូតដល់៨៥៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ ហើយទឹកប្រាក់ ជាង៤៥ពាន់លានដុល្លារ ត្រូវបានស្នើឡើង ដោយប្រធានាធិបតី លោក ចូ បៃដិន (Joe Biden)។
សភាជាន់ទាប បានអនុម័តលើច្បាប់អនុញ្ញាតការចំណាយការពារជាតិ ឬ NDAA ដែលជាគោលនយោបាយកំណត់ការអនុម័តថវិកា ប្រចាំឆ្នាំ សម្រាប់មន្ទីរបញ្ចកោណ ដោយមានសំឡេងគាំទ្រ ចំនួន៣៥០ ទល់នឹង៨០។ ពោលគឺកើនឡើង លើសពីសំឡេងភាគច្រើន ២ភាគ៣ ត្រូវការចាំបាច់ សម្រាប់អនុម័តច្បាប់នេះ។
ឆ្នាំសារពើពន្ធ NDAA ២០២៣ នឹងផ្តល់សិទ្ធិ នៅក្នុងការចំណាយ លើវិស័យយោធា រហូតដល់៨៥៨ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំងការដំឡើង ប្រាក់ខែ៤,៦ភាគរយ សម្រាប់កងទ័ព ការផ្តល់មូលនិធិ សម្រាប់ការទិញគ្រឿងសព្វាវុធ នាវាចម្បាំង និង យន្តហោះយោធា ហើយក៏បានជួយគាំទ្រដល់តៃវ៉ាន់ ដោយសារតែដែនកោះមួយនេះ កំពុងប្រឈមមុខនឹងការឈ្លានពាន ពីប្រទេសចិន ហើយជួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ។
លោក អាដាម ស្មីត (Adam Smith) ប្រធានគណៈកម្មាធិការសេវាកម្មសព្វាវុធរបស់សភា បានបញ្ជាក់ នៅក្នុងសុន្ទរកថា ជំរុញឱ្យមានការគាំទ្រ ចំពោះការអនុម័តច្បាប់នេះ ថា «ការអនុម័តកញ្ចប់ថវិកា លើវិស័យការពារជាតិ ឆ្នាំ២០២៣ គឺសភា អនុវត្តសិទ្ធិអំណាចរបស់ខ្លួន នៅក្នុងការអនុញ្ញាត និង ត្រួតពិនិត្យ»។
ច្បាប់នេះ ក៏នឹងផ្ដល់ជំនួយសន្ដិសុខបន្ថែម មានទំហំទឹកប្រាក់ យ៉ាងតិច ៨០០លានដុល្លារ សម្រាប់ជួយដល់អ៊ុយក្រែន នៅឆ្នាំ២០២៣ ហើយរួមទាំងការជួយបង្កើនកម្លាំង ដល់កោះតៃវ៉ាន់ ដែលកំពុងតែប្រឈមមុខកាន់តែខ្លាំងជាមួយនឹងប្រទេសចិន។ ច្បាប់នេះ នឹងផ្ដល់សិទ្ធិអំណាច ដល់កងទ័ព លើការចាត់ចែងមូលនិធិ ដើម្បីបង្កើតគ្រឿងសព្វាវុធថ្មី និង ការទិញប្រព័ន្ធការពារជាច្រើនទៀត រួមទាំងយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប ប្រភេទ F-35 ជាច្រើនគ្រឿង ពីក្រុមហ៊ុន Lockheed Martin Corp និង នាវាចម្បាំង ផលិត ដោយក្រុមហ៊ុន General Dynamics (GDN) ថែមទៀតផង។
កញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៣ ត្រូវគេរំពឹង ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងអនុម័ត នៅសប្ដាហ៍ក្រោយ រួចហើយបញ្ជូន ទៅកាន់សេតវិមាន សម្រាប់ប្រធានាធិបតី លោក ចូ បៃដិន ចុះហត្ថលេខា ឲ្យក្លាយទៅច្បាប់ពេញលក្ខណៈ៕