
រដ្ឋធានីកៀវ៖ លោកអភិបាលលូហាន់ស្ក៍ (Luhansk) ជាតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែ ដែលត្រូវបាននិរទេសខ្លួន បានរាយការណ៍ ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានវាយប្រហារ ទៅលើទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនទាហានស៊ីឈ្លួល Wagner របស់រុស្ស៊ី។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១២ ខែធ្នូ ថា លោក ស៊ើហ៊ី ហៃដៃ (Serhiy Haidai) អភិបាលតំបន់លូហាន់ស្ក៍ ដែលនិរទេសខ្លួន បានអះអាង ថា សណ្ឋាគារមួយកន្លែង ជាទីដែលក្រុមហ៊ុនទាហានស៊ីឈ្នួល បានជួបប្រជុំគ្នា នៅក្នុងតំបន់នេះ បានរងការវាយប្រហារ ពីកងទ័ពរបស់អ៊ុយក្រែន ដោយបានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សយ៉ាងច្រើន។
ទោះជាយ៉ាងណា BBC មិនអាចមានការបញ្ជាក់ អំពីព័ត៌មានឯករាជ្យណាមួយ ជុំវិញការវាយប្រហារទៅវត្ដមានរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅក្នុងសណ្ឋាគារមួយកន្លែងនោះឡើយ។ ចំណែកការប្រយុទ្ធគ្នា ក៏បានកើតមានឡើង នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន កាលពីចុងសប្តាហ៍ ដោយសារកម្លាំងទាហានរុស្ស៊ី បានកំណត់គោលដៅ វាយប្រហារទៅលើទីក្រុងអូដេសា (Odesa)។ ដោយឡែក កងទ័ពអ៊ុយក្រែន បានទម្លាក់គ្រាប់បែកទៅលើគោលដៅមួយ នៅក្នុងទីក្រុងមេលីតូប៉ូល (Melitopol) ដែលកាន់កាប់ ដោយកម្លាំងទាហានរបស់ក្រុងមូស្គូ។
បើតាមក្រុមអ្នកជំនាញរបស់បស្ចិមលោក បានអះអាង ថា Wagner ជាក្រុមហ៊ុនទាហានស៊ីឈ្នួល គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ហើយពួកគេធ្វើសកម្មភាព ដើម្បីផលប្រយោជន៍របស់វិមានក្រឹមឡាំង។ ក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ បានបង្កើតឡើង ដោយលោក យេវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ជាអតីតម្ចាស់ភោជនីយដ្ឋាន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជនមួយនេះ បានរងការចោទប្រកាន់ ជាញឹកញាប់ អំពីឧក្រិដ្ឋកម្មសង្គ្រាម និង ការរំលោភបំពានសិទ្ធិមនុស្ស។
ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner កាលពីមុន បានដាក់ពង្រាយកម្លាំងរបស់ខ្លួន នៅលើឧបទ្វីបគ្រីមៀ (Crimea) ដែលរឹបអូសបានពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤, ប្រទេសស៊ីរី, លីប៊ី ម៉ាលី និង សាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ បើតាមលោក Haidai បានអះអាង ថា ការវាយប្រហារ នៅទីក្រុងកាឌីវកា (Kadiivka) បានធ្វើឲ្យទាហានរុស្ស៊ី បាត់បង់យ៉ាងច្រើន ហើយគាត់រំពឹង ថា យ៉ាងតិចប្រហែល៥០ភាគ ដែលកម្លាំងទាហាននៅរស់រានមានជីវិត ត្រូវស្លាប់ ដោយសារមិនមានការព្យាបាល៕