ជប៉ុន អ៊ីតាលី និង អង់គ្លេស រួមដៃគ្នា​អភិវឌ្ឍ​យន្ដហោះ​ចម្បាំង ជំនាន់​ថ្មី​

ព័ត៌មានអន្តរជាតិ
0
186


​រាជធានី​តូ​ក្យូ​៖ ការគំរាមកំហែង​រប​ស់​ចិន ប្រឆាំងនឹង​តៃវ៉ាន់ ហើយ​ការបាញ់​ផ្លោង​មី​ស៊ី​ល​ឥតឈប់ឈរ​របស់​កូរ៉េខាងជើង និង សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​នាយករដ្ឋមន្ដ្រី​ជប៉ុន ភ្ញាក់ខ្លួន​ឡើង ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់គាត់ បង្កើន​កញ្ចប់​ថវិកា សម្រាប់​វិស័យ​ការពារជាតិ រហូតដល់​៣១៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​លើសពីនេះទៅទៀត ក្រុង​តូ​ក្យូ ថែមទាំង កំពុងតែ​សហការ​ជាមួយនឹង​ចក្រភព​អង់គ្លេស និង អ៊ីតាលី បង្ហាញ​អំពី​ផែនការ អភិវឌ្ឍ​យន្ដហោះ​បំបាំងកាយ​ដ៏​ទំនើប នាពេល​ខាងមុខនេះ​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សៅរ៍ ទី​១០ ខែធ្នូ ចុង​សប្ដាហ៍​មុន ថា ជប៉ុន ចក្រភព​អង់គ្លេស និង អ៊ីតាលី នឹងធ្វើ​ការរួម​គ្នា លើ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍ​យន្ដហោះ​ចម្បាំង​ជំនាន់​ថ្មី នៅក្នុង​ឆ្នាំ​២០៣៥​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​រួម​របស់​មេដឹកនាំ នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៣ បានបញ្ជាក់​។​

​កិច្ចព្រមព្រៀង​នេះ រាប់បញ្ចូល​គ្នា ទាំង​គម្រោង​យន្តហោះ​ចម្បាំង Tempest របស់​អង់គ្លេស​-​អ៊ីតាលី និង កម្មវិធី​យន្ដហោះ​ចម្បាំង ប្រភេទ F-X របស់​ជប៉ុន​។ ប៉ុន្ដែ​បើតាម​សេចក្តីថ្លែងការណ៍ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ មិនបាន​ផ្តល់ព័ត៌មាន​លម្អិត ជុំវិញ​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​នោះឡើយ​។​

​លោក យ៉ា​ស៊ូ​កា​ហ្ស៊ូ ហា​ម៉ា​ដា (Yasukazu Hamada) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ជប៉ុន បានបញ្ជាក់ កាលពីដើម​សប្ដាហ៍​មុន ថា លោក ហ្វ៊ូមី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ដ្រី​ជប៉ុន បាន​ណែនាំ​ឲ្យ​ដាក់​កញ្ចប់​ថវិកា​ចំណាយ លើ​វិស័យ​ការពារជាតិ កើនឡើង រហូតដល់​៤៣​ពាន់​ពាន់​លាន​យេន (​លុយ​ជប៉ុន​) ឬ​ស្មើនឹង​ប្រហែល​៣១៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​រយៈពេល​៥​ឆ្នាំ ដោយ​ចាប់ផ្ដើម ពី​ខែមេសា ឆ្នាំក្រោយ​។ ការចំណាយ​នេះ នឹង​កើនឡើង រហូតដល់​៥៧​ភាគរយ ដែល​ស្មើនឹង​២៧​ពាន់​ពាន់​លាន​យេន ឬ​ស្មើនឹង​ប្រហែល​ជាង​២០០,៤៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​រយៈពេល​៥​ឆ្នាំ នាពេល​បច្ចុប្បន្ន​។​

​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក Kishida បាន​បញ្ជា​ឱ្យ​គណៈរដ្ឋមន្ត្រី​របស់គាត់ ផ្ដោតលើ​គោលបំណង បង្កើន​ការចំណាយ ទាក់ទង​នឹង​វិស័យ​ការពារជាតិ សរុប​២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ជប៉ុន នៅក្នុង​រយៈពេល​៥​ឆ្នាំ​ដូចគ្នានេះដែរ​។ បើទោះជា ជប៉ុន មិនមែនជា​សមាជិករ​បស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ហៅ​កាត់ NATO) យ៉ាងណាក្ដី ក៏​ក្រុង​តូ​ក្យូ នឹង​បំពេញ​តាម​គោលដៅ ដែល​ត្រូវ​បានកំណត់ សម្រាប់​សមាជិក​របស់​អង្គការ​សម្ពន្ធ​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ​នេះដែរ​៕​