អាមេរិក អនុម័ត​កញ្ចប់​ថវិកា​ការពារជាតិ​ជាង​៨៥០​ពាន់​លាន​ដុល្លារ រួមទាំង​ការជួយ​តៃវ៉ាន់ និង អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
181


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ជាមួយនឹង​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន យ៉ាង​ពេញទំហឹង ដោយ​ថែមទៀត​ផ្ដល់ជំនួយ​យោធា មានតម្លៃ​ប្រហែល ១៨,៥​ពាន់​លាន​ដុល្លារ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុងតែ​តស៊ូ​ប្រយុទ្ធ ការពារ​ទឹកដី និង សេរីភាព​របស់​ពួកគេ ប្រឆាំងនឹង​ការ​លុកលុយ​របស់​រុស្ស៊ី ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម រហូតមក ហើយ​ឥឡូវនេះ សភា​សហរដ្ឋអាមេរិក បានអនុម័ត​កញ្ចប់​ថ​វិកា លើ​វិស័យ​ការពារជាតិ កើនឡើង រហូតដល់​៨៥៨​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២៣ ដោយ​រួមទាំង​ជំនួយ​សន្ដិសុខ សម្រាប់​ក្រុង​កៀវ និង តៃវ៉ាន់ ផងដែរ​។​

​សារព័ត៌មាន The Kyiv Independent បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​៩ ខែធ្នូ ថា សភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រួសត្រាយ​ផ្លូវ សម្រាប់​កញ្ចប់​ថវិកា លើ​វិស័យ​ការពារជាតិ កើនឡើង រហូតដល់​៨៥៨​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២៣ ហើយ​ទឹកប្រាក់ ជាង​៤៥​ពាន់​លាន​ដុល្លារ ត្រូវបាន​ស្នើឡើង ដោយ​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន (Joe Biden)​។​

​សភា​ជាន់​ទាប បានអនុម័ត​លើ​ច្បាប់​អនុញ្ញាត​ការចំណាយ​ការពារជាតិ ឬ NDAA ដែលជា​គោលនយោបាយ​កំណត់​ការអនុម័ត​ថវិកា ប្រចាំឆ្នាំ សម្រាប់​មន្ទីរ​បញ្ច​កោណ ដោយមាន​សំឡេងគាំទ្រ ចំនួន​៣៥០ ទល់នឹង​៨០​។ ពោលគឺ​កើនឡើង លើសពី​សំឡេង​ភាគច្រើន ២​ភាគ​៣ ត្រូវការ​ចាំបាច់ សម្រាប់​អនុម័ត​ច្បាប់​នេះ​។

​ឆ្នាំសារពើពន្ធ NDAA ២០២៣ នឹង​ផ្តល់​សិទ្ធិ នៅក្នុង​ការចំណាយ លើ​វិស័យ​យោធា រហូតដល់​៨៥៨​ពាន់​លាន​ដុល្លារ ដោយ​រួមបញ្ចូល​ទាំង​ការដំឡើង ប្រាក់ខែ​៤,៦​ភាគរយ សម្រាប់​កងទ័ព ការផ្តល់​មូលនិធិ សម្រាប់​ការទិញ​គ្រឿង​សព្វាវុធ នាវាចម្បាំង និង យន្តហោះ​យោធា ហើយក៏​បាន​ជួយ​គាំទ្រ​ដល់​តៃវ៉ាន់ ដោយសារតែ​ដែន​កោះ​មួយ​នេះ កំពុង​ប្រឈមមុខ​នឹង​ការឈ្លានពាន ពី​ប្រទេស​ចិន ហើយ​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុងតែ​ប្រយុទ្ធ ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី ដើម្បី​ការពារ​ទឹកដី និង សេរីភាព​របស់​ពួកគេ​។​

​លោក អាដាម ស្មី​ត (Adam Smith) ប្រធាន​គណៈកម្មាធិការ​សេវាកម្ម​សព្វាវុធ​របស់​សភា បានបញ្ជាក់ នៅក្នុង​សុន្ទរកថា ជំរុញឱ្យមាន​ការគាំទ្រ ចំពោះ​ការអនុម័ត​ច្បាប់​នេះ ថា «​ការអនុម័ត​កញ្ចប់​ថ​វិកា លើ​វិស័យ​ការពារជាតិ ឆ្នាំ​២០២៣ គឺ​សភា អនុវត្ត​សិទ្ធិអំណាច​របស់ខ្លួន នៅក្នុង​ការអនុញ្ញាត និង ត្រួតពិនិត្យ​»​។​

​ច្បាប់​នេះ ក៏​នឹង​ផ្ដល់ជំនួយ​សន្ដិសុខ​បន្ថែម មាន​ទំហំ​ទឹកប្រាក់ យ៉ាងតិច ៨០០​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​អ៊ុយ​ក្រែ​ន នៅ​ឆ្នាំ​២០២៣ ហើយ​រួមទាំង​ការជួយ​បង្កើន​កម្លាំង ដល់​កោះ​តៃវ៉ាន់ ដែល​កំពុងតែ​ប្រឈមមុខ​កាន់តែខ្លាំង​ជាមួយនឹង​ប្រទេស​ចិន​។ ច្បាប់​នេះ នឹង​ផ្ដល់​សិទ្ធិអំណាច ដល់​កងទ័ព លើ​ការចាត់ចែង​មូលនិធិ ដើម្បី​បង្កើត​គ្រឿង​សព្វាវុធ​ថ្មី និង ការទិញ​ប្រព័ន្ធ​ការពារ​ជាច្រើន​ទៀត រួមទាំង​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប ប្រភេទ F-35 ជាច្រើន​គ្រឿង ពី​ក្រុមហ៊ុន Lockheed Martin Corp និង នាវាចម្បាំង ផលិត ដោយ​ក្រុមហ៊ុន General Dynamics (GDN) ថែម​ទៀតផង​។​

​កញ្ចប់​ថវិកា​ចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​សហ​រដ្ឋ​អាមេរិក សម្រាប់​ឆ្នាំ​២០២៣ ត្រូវគេ​រំពឹង ថា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នឹង​អនុម័ត នៅ​សប្ដាហ៍​ក្រោយ រួចហើយ​បញ្ជូន ទៅកាន់​សេត​វិមាន សម្រាប់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន ចុះហត្ថលេខា ឲ្យ​ក្លាយ​ទៅ​ច្បាប់​ពេញលក្ខណៈ​៕​