​រុស្ស៊ី និង អ៊ុយ​ក្រែ​ន វាយប្រហារ​សងសឹក​គ្នា នៅក្នុង​សង្គ្រាម​រដូវរងា​

ព័ត៌មានអន្តរជាតិ
0
187



​រដ្ឋធានី​កៀវ​៖ ស្របពេល​សង្គ្រាម​បាន​ឈានចូល​សប្ដាហ៍​ទី​៤១​នោះ កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ កំពុងតែ​បង្កើន​ការទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ ក៏បាន​វាយប្រហារ ដោយ​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ចូល​ជ្រៅ​ទៅលើ​ទឹកដី​របស់​រុស្ស៊ី ខណៈ​សម្ពន្ធមិត្ត​បស្ចិម​លោក បាន​បង្កើន​ការដាក់ទណ្ឌកម្ម ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់មាន​ភាគី​ណាមួយ បង្ហាញ អំពី​ការត្រៀមខ្លួន សម្រាប់​ការចូល​តុ​ចរចា បញ្ចប់​ជម្លោះ​នេះឡើយ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​៩ ខែធ្នូ ថា កម្លាំង​ទាហាន​រុស្ស៊ី និង កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បាន​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ នៅ​ភាគ​ខាងកើត ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ ដោយ​គ្មាន​ការប្រែប្រួល​ស្ថានភាព​សង្គ្រាម នៅក្នុង​សប្ដាហ៍​កន្លងមក ខណៈ​សង្គ្រាម​ឈានដល់​សប្ដាហ៍​ទី​៤១​។ ប៉ុន្ដែ​នៅក្នុង​សប្ដាហ៍​នេះ អ៊ុយ​ក្រែ​ន បាន​វាយលុក​យ៉ាងជ្រៅ​បំផុត ជា​លើកដំបូង​របស់ខ្លួន នៅលើ​ទឹកដី​របស់​រុស្ស៊ី ដោយ​ប្រើប្រាស់​ដ្រូ​ន ដែល​គេ​សង្ស័យ ថា ជា​ប្រភេទ​ដ្រូ​ន Tu-141 ផលិត​នៅ​ក្នុងសម័យ​សហភាពសូវៀត​។ ស្របគ្នា​នេះ សម្ពន្ធមិត្ត​បស្ចិម​លោក ក៏បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​រុស្ស៊ី បន្ថែមទៀត​។​

​ការវាយប្រហារ​ដោយ​ដ្រូ​ន កាលពី​ព្រឹក ថ្ងៃ​ចន្ទ ប្រឆាំងនឹង​មូលដ្ឋាន​កងទ័ពអាកាស​ឌី​យ៉ា​ហ្គី​ឡែ​វ៉ូ (Dyagilevo) មាន​ចម្ងាយ​ត្រឹមតែ​៣​គីឡូម៉ែត្រ នា​ភាគ​ខាងលិច ទីក្រុង​រី​យ៉ា​ហ្សា​ន់ (Ryazan) មាន​ចម្ងាយ ប្រហែល​២០០​គីឡូម៉ែត្រ ពី​រដ្ឋធានី​មូ​ស្គូ និង ការវាយប្រហារ ប្រឆាំងនឹង​មូលដ្ឋាន​កងទ័ពអាកាស​អេ​ហ្គែ​លស៍ (Engels) ស្ថិតក្នុង​តំបន់​សា​រ៉ា​តូ​វ (Saratov) មាន​ចម្ងាយ ប្រហែល​៥០០​ម៉ៃ​ល៍ ឬ​ស្មើនឹង​ប្រហែល​៨០០​គីឡូម៉ែត្រ ពី​រដ្ឋធានី​របស់​ប្រទេស​រុស្ស៊ី បានធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ ខឹងសម្បា​យ៉ាងខ្លាំង ហើយ​បាញ់​មី​ស៊ី​ល ចំនួន​៧០​គ្រាប់​បន្ថែមទៀត ស្រោច​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន រួមមាន រដ្ឋធានី​កៀវ (Kyiv) ទីក្រុង​វី​នី​ត​ស៊ៀ (Vinnytsia) និង ទីក្រុង​អូ​ដេ​សា (Odesa)​។ ការវាយប្រហារ ដោយ​មី​ស៊ី​ល​ទាំងនេះ បានធ្វើ​ឲ្យ​ខូចខាត ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន យ៉ាងដំណំ ដោយ​រួមទាំង​ការវាយប្រហារ កាលពី​ពេលមុន​ផងដែរ​។ ប៉ុន្ដែ​ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន បាន​អះអាង ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន បាន​បាញ់​ទម្លាក់ ចំនួន​៦០​គ្រាប់ នៅក្នុង​ចំណោម​មី​ស៊ី​ល​ទាំង​៧០​គ្រាប់​នោះ​។​

​ក្រុង​មូ​ស្គូ បាន​អះអាង ថា ការវាយប្រហារ​នេះ ក៏​ជាការ​សងសឹក​ដល់​ក្រុង​កៀវ បាន​ប្រើប្រាស់​ដ្រូ​ន វាយប្រហារ​ប្រឆាំងនឹង​មូលដ្ឋាន​កងទ័ពអាកាស​របស់ខ្លួន ចំនួន​២​កន្លែង​ផ្សេងគ្នា រួមមាន មូលដ្ឋាន Engels នៅតាម​ដង​ទ​ន្ល​វ៉ូ​ល​ហ្កា (Volga) និង នៅ Dyagilevo នៅ​ជិត​ទីក្រុង Ryazan ។ មូលដ្ឋាន​កងទ័ពអាកាស​ទាំងនេះ មាន​ចម្ងាយ​ប្រហែល​៧០០​គីឡូម៉ែត្រ និង ៦០០​គីឡូម៉ែត្រ ពី​ព្រំដែន រវាង​រុស្ស៊ី និង អ៊ុយ​ក្រែ​ន​។ មូលដ្ឋាន​កងទ័ព​ទាំងនោះ មាន​ផ្ទុក​យន្ដហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ដ្រ ប្រភេទ Tu-160 និង Tu-95 មាន​សមត្ថភាព​ផ្ទុក​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់បែកនុយក្លេអ៊ែរ អាច​ហោះហើរ វាយប្រហារ​ទៅលើ​គោលដៅ មាន​ចម្ងាយ​ឆ្ងាយ​។​

​រូបភព ត្រូវបាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម បានលើកឡើង ថា អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​ដ្រូ​ន​ឈ្លបយកការណ៍ ប្រភេទ Tu-141 (​ទូ​-១៤១) ផលិត​សម័យ​សូ​វៀត ហោះហើរ​យ៉ាង​លឿន អាចមាន​សមត្ថភាព វាយប្រហារ​ទៅលើ​គោលដៅ មាន​ចម្ងាយ រហូតដល់ ១ ០០០​គីឡូម៉ែត្រ ហើយ​អាច​ហោះ​ឆ្លង​ផុត ពី​ប្រព័ន្ធ​ការពារ​របស់​រុស្ស៊ី ថែម​ទៀតផង​។​

​លោក​ឧត្ដមសេនីយ៍ មី​ក រី​យ៉ាន់ (Mick Ryan) មេទ័ព​អូស្ដ្រាលី ដែល​ចូល​និ​វត្ដ​ន៍ បាន​សរសេរ ថា «​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ បានសម្រេច​ចិត្ត ធ្វើ​ឲ្យ​មានការ​ប្រែប្រួល ដល់​ការ​គណនា​របស់លោក​ឧត្ដមសេនីយ៍ ស៊ើ​រ​ហ្គេ ស៊ូ​រ៉ូ​វី​គីន (Sergei Surovikin) មេទ័ព​កំពូល​របស់​ទាហាន​រុស្ស៊ី ទទួលបន្ទុក​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ ប្រឆាំងនឹង​មូលដ្ឋាន​កងទ័ពអាកាស​យុទ្ធសាស្ដ្រ​របស់​រុស្ស៊ី ទាំង​៣​កន្លែង​នោះ ក៏​ជា​យុទ្ធសាស្ដ្រ​មួយ ដែល​អ៊ុយ​ក្រែ​ន ចង់បង្ហាញ ថា ទាហាន​រុស្ស៊ី មិនមាន​ភាពស្មើគ្នា ទៅនឹង​ការបាញ់​ផ្លោង ដោយ​មី​ស៊ី​ល ចម្ងាយ​ឆ្ងាយ​របស់​ពួកគេ ស្របពេល​ពួកគេ​គិត ថា មានតែ​ពួកគេ​ទើប​មានលទ្ធភាព វាយប្រហារ​ដល់​គោលដៅ​ឆ្ងាយៗ​បាន​»​។​

​នៅក្នុង​ការហៅ​តាម​ទូរស័ព្ទ រយៈពេល​១​ម៉ោង កាលពី​ថ្ងៃទី​២ ខែធ្នូ នោះ លោក អូ​ឡា​ហ្វ សូល​ស៍ (Olaf Scholz) អធិការបតី​អាល្លឺម៉ង់ បាន​ប្រាប់​ដល់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា ការវាយប្រហារ​ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវតែ​បញ្ឈប់​។ ប៉ុន្ដែ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង គ្រាន់តែ​ប្រាប់ ថា រុស្ស៊ី នឹង​ឆ្លើយតប​វិញ ដោយ​ជៀស​មិន​រួច ចំពោះ​ការវាយប្រហារ​បង្កហេតុ ពី​អ៊ុយ​ក្រែ​ន​។​

​ដោយឡែក លោកស្រី អាវ​រី​ល ហេន (Avril Haines) ប្រធាន​ចារកម្ម​ជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែធ្នូ ថា កងទ័ព​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន បាន​រុលទៅមុខ​យឺត សម្រាប់​សង្គ្រាម​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។​

​លោកស្រី Haines បាន​ប្រាប់​ដល់​វេទិកា​ការពារជាតិ​ប្រចាំឆ្នាំ Reagan នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ថា «​យើង​កំពុងតែ​មើលឃើញ​ជម្លោះ​នេះ បាន​កាត់បន្ថយ​រួចមកហើយ ...​យើង​រំពឹង ថា ជម្លោះ​នេះ ទំនងជា​យើង​នឹង​អាច​មើលឃើញ​ពីអ្វី​ដែល​នឹង​កើតឡើង នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។ ខ្ញុំ​គិត ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុងតែ​បញ្ជូន​ដំណឹង កាន់តែ​ច្រើនឡើង អំពី​បញ្ហា​នានា ដែល​យោធា ប្រឈមមុខ នៅក្នុង​ប្រទេស​រុស្ស៊ី​»​។​

​ដោយឡែក ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ បាន​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​រុស្ស៊ី ដោយ​ទទួលស្គាល់ ថា «​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន តាម​អ្វីដែល​គាត់​ហៅ ជា​ប្រតិ​ប​ត្ដិ​ការ​យោធា​ពិសេស​នោះ អាច​នឹង​បន្ដ​អូសបន្លាយ រយៈពេល​យូរ​»៕​