
រដ្ឋធានីប៉េកាំង៖ ជាមួយនឹងប្រសិទ្ធភាព នៅក្នុងប្រតិបត្ដិការយោធា តាមរយៈយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន នោះ ធ្វើឲ្យបណ្ដាប្រទេសជាច្រើន កំពុងតែងាក ចំណាប់អារម្មណ៍មកលើការចំណាយដ៏ថោក និង ការប្រើប្រាស់ដ្រូន ហើយឥឡូវនេះ ចិន កំពុងតែក្លាយជាប្រទេសនាំចេញដ្រូនប្រយុទ្ធនាំមុខគេ នៅលើពិភពលោក។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃអង្គារ ទី២៤ ខែមករា ថា ក្រុមអ្នកវិភាគ បានអះអាង ថា ជាមួយតម្លៃដ៏ថោកសមរម្យនោះ ធ្វើឲ្យដ្រូនចម្បាំងរបស់ចិន កំពុងតែគ្របដណ្ដប់ ទៅលើទីផ្សាររបស់ពិភពលោក នៅក្នុងអំឡុងពេលការគ្រប់គ្រងនូវការនាំចេញរបស់សហរដ្ឋអាមេរិក។
រហូតមកដល់ពេលនេះ មានប្រទេសជាច្រើន ចាប់តាំងពីអារ៉ាប៊ីសាអូឌីត រហូតមកដល់ប្រទេសមីយ៉ាន់ម៉ា និង ពីអ៊ីរ៉ាក់ រហូតដល់ប្រទេសអេត្យូពី ក៏ដូចជា សកម្មភាពយោធាជាច្រើនទៀត នៅទូទាំងពិភពលោក កំពុងតែជំរុញឲ្យឃ្លាំងស្ដុកដ្រូនប្រយុទ្ធរបស់ចិ កើនឡើង ហើយកំពុងតែដាក់ពង្រាយនូវដ្រូនទាំងនោះ នៅលើសមរភូមិ។

កម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបញ្ជូនយន្ដហោះរបស់ចិន ដែលស្គាល់ជាយានគ្មានមនុស្សបើក ក្លាយជាផ្នែកមួយ នៃយុទ្ធនាការបំផ្លិចបំផ្លាញ តាមផ្លូវអាកាស ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី (Houthi) ដោយបានសម្លាប់ជនស៊ីវិល នៅក្នុងប្រទេសយេមែន ជាង ៨ ០០០នាក់ នៅក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ។ ស្របគ្នានេះដែរ នៅក្នុងប្រទេសអ៊ីរ៉ាក់ អាជ្ញាធរ បានអះអាង ថា ពួកគេ បានប្រើប្រាស់ដ្រូនរបស់ចិន ឆ្មក់វាយប្រហារ តាមផ្លូវអាកាស ទៅលើគោលដៅនានារបស់ក្រុមរដ្ឋអ៊ិស្លាម (ISIl ឬ ISIS) ជាង២៦០កន្លែង នៅពាក់កណ្ដាលឆ្នាំ២០១៨ ជាមួយនឹងអត្រាជោគជ័យ ជិត១០០ភាគរយ។
ទន្ទឹមគ្នានេះ របបសឹកមីយ៉ាន់ម៉ា ក៏បានប្រើប្រាស់ដ្រូនប្រយុទ្ធ វាយប្រហារតាមអាកាស ប្រឆាំងនឹងជនស៊ីវិល និង ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារ យោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចំណែកកងទ័ពរបស់លោក អាប៊ី អាមេដ នាយករដ្ឋមន្ដ្រីអេត្យូពី ក៏បានប្រើប្រាស់ដ្រូនប្រយុទ្ធរបស់ចិន ហើយដ្រូនរបស់អ៊ីរ៉ង់ និង តួកគី ក្លាយជាចំណុចសំខាន់ នៅក្នុងការជួយដល់កងទ័ពរបស់គាត់ វាយប្រហារទៅលើក្រុមឧទ្ទាម នៅក្នុងខែមីនា ឆ្នាំ២០២១ ដែលបានគំរាមកំហែង ផ្ដួលរំលំរដ្ឋាភិបាលរបស់គាត់។
ក្រៅពីនេះ ក្រុមប្រទេសទិញដ្រូនប្រយុទ្ធរបស់ចិន បន្ថែមពីការស៊ើបពីលើការប្រមូលព័ត៌មានចារកម្មនោះ ក៏អាចវាយប្រហារ ដោយមីស៊ីលពីលើអាកាស ទៅលើដីថែមទៀតផង រួមមាន ប្រទេសម៉ូរ៉ូកកូ (Morocco) អេហ្ស៊ីប, អាល់ហ្សេរី, អារ៉ាប់រួម ឬ អារ៉ាប់អេមីរ៉ាត់ (UAE), ប៉ាគីស្ថាន និង ស៊ែរប៊ី។
បើតាមទិន្នន័យ ពីវិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខម (SIPRI) ដែលតាមដាន អំពីការផ្ទេរគ្រឿងសព្វាវុធ បង្ហាញ ថា ចិន បានបញ្ចេញដ្រូនប្រយុទ្ធ ចំនួន ២៨២គ្រឿង ទៅកាន់ប្រទេសចំនួន១៧ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ជាមួយនឹងតួលេខនេះ ធ្វើឲ្យចិន ក្លាយជាប្រទេសនាំចេញដ្រូនចម្បាំងដ៏ច្រើនជាងគេ នៅលើពិភពលោក ខណៈសហរដ្ឋអាមេរិក បានបញ្ចេញដ្រូនដ៏ទំនើបបំផុតរបស់ខ្លួន ត្រឹមតែ១២គ្រឿងប៉ុណ្ណោះ នៅក្នុងអំឡុងពេលដូចគ្នានេះ។ ចំណែកយន្ដហោះគ្មានមនុស្សបើករបស់អាមេរិកទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ប្រទេសបារាំង និង ចក្រភពអង់គ្លេស។
ការត្រួតត្រារបស់ចិន ទៅលើទីផ្សារពិភពលោក សម្រាប់ដ្រូនប្រយុទ្ធ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក៏មួយផ្នែក នៃការខិតខំប្រឹងប្រែង ផ្តល់មូលនិធិដ៏ច្រើនរបស់រដ្ឋ សម្រាប់ការស្វែងរកនូវការលើកកម្ពស់ដល់កងកម្លាំងប្រដាប់អាវុធរបស់ចិន ឲ្យសមស្របតាម«ស្តង់ដារពិភពលោក។ ស្របគ្នានេះ លោក ស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតីចិន បានពណ៌នា ថា ដ្រូនរបស់ចិន មានសមត្ថភាព អាចផ្លាស់ប្តូរស្ថានភាពសង្គ្រាមយ៉ាងខ្លាំង ហើយលោកប្រធានាធិបតី បានសន្យា នៅក្នុងអំឡុងពេលសមាជបក្សកុម្មុយនិស្ត កាលពីឆ្នាំមុន ត្រូវតែបង្កើនល្បឿន អភិវឌ្ឍសមត្ថភាពរបស់ដ្រូនឲ្យឆ្លាតវៃបំផុតផងដែរ។
លោក ចន សោស (John Schaus) មន្ដ្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលយុទ្ធសាស្ដ្រ និង ការសិក្សាអន្ដរជាតិ (CSIS) បានបញ្ជាក់ ថា «យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ក៏ជាផ្នែកមួយយ៉ាងសំខាន់ នៃគំនិតសង្គ្រាមព័ត៌មានរបស់ប្រទេសចិន។ ចំណែកកម្រិតសមត្ថភាពខ្ពស់បែបនេះ នឹងអនុញ្ញាតឱ្យចិន មានសមត្ថភាព នៅក្នុងការធ្វើបេសកកម្ម នៅឆ្ងាយ ពីព្រំដែនរបស់ខ្លួន ជាមួយនឹងការបង្កហានិភ័យដល់ហេដ្ឋារចនាសម្ព័ន្ធ ឬ នយោបាយតិចជាង ប្រសិនបើបុគ្គលិកយោធារបស់ខ្លួន បង្ហាញវត្តមាន»។
ចិន តែងតែអះអាង ថា តៃវ៉ាន់ ជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន ហើយក្រុងប៉េកាំង ក៏មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើមគ្រប់គ្រងដែនកោះមួយនេះឡើយ។ ដូច្នេះដ្រូននេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការប្រឈមមុខជាមួយនឹងតៃវ៉ាន់ ប្រសិនបើសង្គ្រាមផ្ទុះឡើង។

ចិន បានលក់ដាច់ខ្លាំងនូវដ្រូន Caihong 4 គឺស្ទើរតែដូចគ្នា ទៅនឹងយន្ដហោះគ្មានមនុស្សបើក MQ-9 Reaper ផលិតនៅសហរដ្ឋអាមេរិក ខណៈដ្រូន Wing Loong 2 ដ៏ពេញនិយម ដែលមានលក្ខណៈស្រដៀងទៅនឹងដ្រូន MQ-1 Predator ផលិតដោយសហរដ្ឋអាមេរិក។ បើផ្អែកលើសេចក្តីថ្លែងការណ៍របស់ចិន បានឲ្យដឹង ថា ដ្រូនទាំងពីរនេះ មិនត្រឹមតែលឿនជាងដ្រូនអាមេរិក ប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងមានសមត្ថភាព អាចផ្ទុកគ្រឿងសព្វាវុធច្រើនជាង ថែមទៀតផង។
បើតាម CSIS បានឲ្យដឹង ថា ដ្រូនរបស់ចិន មានតម្លៃថោកជាងដ្រូនរបស់សហរដ្ឋអាមេរិក ដោយវាមានតម្លៃ ចន្លោះពី១លានទៅ២លានដុល្លារអាមេរិក។ ដោយឡែក ដ្រូនរបស់សហរដ្ឋអាមេរិក មានតម្លៃ ចាប់ពី៤លាន រហូតដល់ទៅជាង១៦លានដុល្លារ៕