
រដ្ឋធានីមូស្គូ៖ ក្រុមពិធិករ និង ពិធីការិនីរបស់បណ្ដាញទូរទស្សន៍គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី ដែលបណ្ដាប្រទេសលោកខាងលិច តែងតែហៅ «សេករបស់ពូទីន» បានធ្វើអត្ថាធិប្បាយ ថា សង្គ្រាមថ្មី នឹងផ្ទុះឡើងកាន់តែធំ ក្រោយពេលប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ដាក់ឱសានវាទ នៅចុងបញ្ចប់រដូវរងានេះ។
ទស្សនាវដ្ដីព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែមករា ថា លោកស្រី ម៉ាហ្ការីតា ស៊ីម៉ូណូវណា ស៊ីម៉ុនយ៉ាន់ (Margarita Simonovna Simonyan) ពិធីការិនី និង ជានិពន្ធនាយករបស់អង្គការបណ្ដាញសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RT និង Rossiya Segodnya (រ៉ូស្ស៊ីយ៉ា សេហ្កូដនីយ៉ា) បានបញ្ជាក់ ថា សង្គ្រាមថ្មី នឹងផ្ទុះឡើងកាន់តែធំ ហើយវានឹងត្រូវចាប់ផ្តើម នៅចុងរដូវរងា ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដាក់ឱសានវាទ។
លោកស្រី Simonyan បានលើកឡើង នៅក្នុងឃ្លីបវីដេអូមួយ ហើយត្រូវបានបង្ហោះ និង ចែកចាយ នៅលើបណ្ដាញសង្គមធ្វីធើរ កាលពីថ្ងៃអាទិត្យ ទើបនឹងកន្លងទៅថ្មីៗនេះ ថា ជម្លោះ រវាងរុស្ស៊ី និង បស្ចិម (បច្ឆិម)លោក ហើយអ៊ុយក្រែន អាចនឹងរីករាលដាលឡើង កាន់តែធំ ប្រសិនបើការទាមទាររបស់លោក ពូទីន មិនបានសម្រេចតាមបំណង។

ពិធីការិនីរូបនេះ បានគូសបញ្ជាក់ អំពីការទាមទារ ជំរុញឱ្យមានកិច្ចចរចាសន្តិភាព ដោយលោក ពូទីន បានប្រកាស កាលពីខែធ្នូ ឆ្នាំ២០២២។ លោកស្រី បានអះអាង ថា រហូតមកដល់ពេលនេះ នៅតែគ្មានភាគីណាមួយ ហាក់បីដូចជាមានសុច្ឆន្ទៈ នៅក្នុងការដកខ្លួនថយ ចេញពីសង្គ្រាមនេះនៅឡើយ ហើយសកម្មភាពបែបនេះ នឹងនាំឱ្យមានជម្លោះ កាន់តែរីកធំឡើង។
ជាមួយគ្នានេះ បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានពិភាក្សាគ្នា អំពីយុទ្ធសាស្ដ្រនានាដ៏ល្អបំផុត នឹងត្រូវប្រើប្រាស់ ប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយគំនិតរបស់ពួកគេ រាប់បញ្ចូលទាំងការសម្លាប់ដល់ជនជាតិអាមេរិកាំង ជាច្រើននាក់ថែមទៀតផង។ ក្រុមពិភាក្សាទាំងនោះ បានដាក់ឈ្មោះជនជាតិអាមេរិកតែមួយគត់ ដែលពួកគេមិនចង់សម្លាប់ គឺពិធីករទូរទស្សន៍អាមេរិក លោក ទូកឃើរ កាលសុន (Tucker Carlson)។
លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ ថា គាត់មានគោលបំណង ចង់ចរចាជាមួយអ៊ុយក្រែន និង បស្ចិមលោក ដើម្បីបញ្ចប់ជម្លោះនេះ។ ប៉ុន្ដែមេដឹកនាំវិមានក្រឹមឡាំង បានលើកឡើង ថា សង្គ្រាមនេះ មិនមែនជាកំហុសឆ្គងរបស់គាត់នោះទេ ខណៈការចរចានៅតែមិនទាន់បានដំណើរការទៅមុខរួចនៅឡើយ។
ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ ថា «យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការចរចាជាមួយគ្រប់ភាគីទាំងអស់ ពាក់ព័ន្ធនឹងដំណោះស្រាយ អាចទទួលយកបាន។ ប៉ុន្ដែបញ្ហាទាំងនេះ គឺអាស្រ័យលើពួកបស្ចិមលោក ហើយយើងមិនដែលបដិសេធនូវការចរចា សម្រាប់បញ្ហាដែលពួកគេមាននោះដែរ»។
មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានបន្ដ ថា «យើងជឿ ថា យើងកំពុងធ្វើនៅក្នុងទិសដៅដ៏ត្រឹមត្រូវ យើងកំពុងតែការពារផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍របស់ប្រជាជនយើង។ យើងមិនមានជម្រើសអ្វីផ្សេងទៀតនោះទេ ប៉ុន្ដែយើងត្រូវតែការពារប្រជាជនរបស់យើង»។
ជាមួយនឹងការឆ្លុះបញ្ចាំង អំពីជម្លោះ នៅក្នុងអំឡុងកម្មវិធីទូរទស្សន៍របស់រុស្ស៊ី នោះ លោកស្រី Simonyan បានអះអាង ថា «កាលពីខែធ្នូ ពូទីន បានបញ្ចេញសំឡេង អំពីរបៀបដែលយើងមើលឃើញ អំពីរឿងល្អៗ នៅក្នុងជីវិត ដូចជា ចក្ខុវិស័យសន្តិសុខរបស់យើង។ ខ្ញុំនៅតែចង់រក្សានូវការអះអាងរបស់ខ្ញុំ ថា នឹងមានសង្គ្រាមថ្មី រីករាលដាល កាន់តែធំឡើង នៅចុងបញ្ចប់ នៃរដូវរងារនេះ។ អ្វីៗនឹងកើតឡើង កាន់តែធំទៅ»។
រុស្ស៊ី បាននិយាយជាដដែល ដោយមិនមានភស្ដុតាង ចំពោះការអះអាងរបស់ខ្លួន ថា វាមានហេតុផលមួយ នៅក្នុងចំណោមហេតុផលជាច្រើនទៀត សម្រាប់ការធ្វើសង្គ្រាមនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបណាហ្ស៊ី (neo-nazis) នៅក្នុងប្រទេសអ៊ុយក្រែន។ បន្ថែមពីលើនេះ វិមានក្រឹមឡាំង បានទាមទារឲ្យអ៊ុយក្រែន ចុះចាញ់ ហើយព្រមទទួលស្គាល់ដែនដីរបស់ខ្លួន ចំនួន៤តំបន់ រួមមាន ខឺរសុន (Kherson) ហ្សាប៉ូរីហ្ស៊ា (Zaporizhzhia) ដែលខេត្តទាំង២នេះ ស្ថិតនៅខាងត្បូងប្រទេសអ៊ុយក្រែន និង ដូណែតស្ក៍ (Donetsk) និង លូហានស្ក៍ (Luhansk) នៅភាគខាងកើត ប្រទេស ជាទឹកដីរបស់រុស្ស៊ី។
ថ្វីត្បិតតែលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានដាក់តំបន់ Kherson, Zaporizhzhia, Donetsk និង Luhansk ជាឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២ យ៉ាងណាក្ដី ប៉ុន្ដែកម្លាំងទាហានរបស់ក្រុងមូស្គូ នៅតែមិនអាចគ្រប់គ្រងតំបន់ទាំងនោះ បានពេញលេញ នៅឡើយ។ ក្រោយពេលដាក់បញ្ជូល ជាទឹកដីរបស់រុស្ស៊ីនោះមក ទាហានរបស់ក្រុងមូស្គូ បានបាត់បង់តំបន់ជាច្រើន ក្រោយការទទួលបរាជ័យផ្ទួន ពីការវាយលុកដ៏ខ្លាំងក្លារបស់កងទ័ពអ៊ុយក្រែន។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុងមូស្គូ និង ក្រុងកៀវ នៅតែមិនទាន់មានសញ្ញាណាមួយ ឈានដល់កិច្ចចរចាសន្ដិភាពនៅឡើយ ព្រោះក្រុងមូស្គូ នៅតែចង់ច្បាមយកខេត្តចំនួន៤របស់អ៊ុយក្រែន ដែលកម្លាំងទាហានរបស់ខ្លួនរឹបអូសបាន នៅក្នុងអំឡុងសង្គ្រាម អូសបន្លាយ អស់រយៈពេលជាង៣៣០ថ្ងៃកន្លងមកនេះ ជាទឹកដីរបស់រុស្ស៊ី ខណៈអ៊ុយក្រែន នៅតែចង់អូសករុស្ស៊ី ឡើងតុលាការ ក្រោមការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាម៕