ប៉ូឡូញ ចង់​សង្គ្រោះ​ជីវិត​អ៊ុយ​ក្រែ​ន លែង​ខ្វល់ ពី​សិទ្ធិ​នាំចេញ​រថក្រោះ​របស់​អាល្លឺម៉ង់

ព័ត៌មានអន្តរជាតិ
0
12



​រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ ជាមួយនឹង​សម្ពាធ​របស់​សម្ពន្ធមិត្ត​លោកខាងលិច កាន់តែ​ទម្លាក់​ខ្លាំង​ឡើង មកលើ​លោក​អធិការបតី​អាល្លឺម៉ង់ រហូត​ធ្វើ​ឲ្យ​ក្រុង​ប៊ែ​រ​ឡាំង ផ្លាស់ប្ដូរ​ឥរិយាបថ ប៉ុន្ដែ​ឥឡូវនេះ លោកស្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស បាន​អះអាង ថា អាល្លឺម៉ង់ នឹងមិន​រារាំង ដល់​ការនាំចេញ​រថក្រោះ Leopard នោះទេ ហើយ​គេ​សង្ឃឹម ថា រថក្រោះ​ប្រភេទ​នេះ ប្រហែល​ជិត​២០​គ្រឿង អាច​នឹងត្រូវ​បញ្ជូនទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៤ ខែមករា ថា លោកស្រី អាន​ណា បា​អៀ​ប៊ុ​ក (Anna Baerbock) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អាល្លឺម៉ង់ បានបញ្ជាក់ ថា «​លោកស្រី នឹងមិន​រារាំង​ដល់​ប្រទេស​ប៉ូឡូញ ប្រសិនបើ​ក្រុង​វ៉ា​សា​វី ត្រូវ​ផ្ដល់​រថក្រោះ Leopard 2 ផលិត​ដោយ​អាល្លឺម៉ង់ បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​បស្ចិម​លោក ត្រូវតែ​ផ្ដល់​រថក្រោះ​ផលិត ដោយ​ប្រទេស​អាល្លឺម៉ង់ ទៅ​ជួយ​ដល់​ពួកគេ​។ រថក្រោះ​ផលិត Leopard របស់​អាល្លឺម៉ង់ នឹង​ជួយ​ដល់​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដណ្ដើម​ជ័យជម្នះ ពី​ទាហាន​រុស្ស៊ី​។​



​លោក ឌី​មី​ត្រូ គូ​ឡេ​បា (Dmytro Kuleba) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍​របស់​ចក្រភព​អង់គ្លេស BBC ថា អាល្លឺម៉ង់ មានអំណាច ដើម្បី​សង្គ្រោះ​អាយុជីវិត​របស់​ទាហាន​អ៊ុយ​ក្រែ​ន យ៉ាងច្រើន​។ ប៉ុន្ដែ​ក្រុង​ប៊ែ​រ​ឡាំង នៅតែ​មិនទាន់​ព្រមព្រៀង​នៅឡើយ​។​

​ទោះជា​យ៉ាងណា លោកស្រី Baerbock រដ្ឋមន្ដ្រីក្រសួង​បរទេស​អាល្លឺម៉ង់ បានបញ្ជាក់ កាលពី​ថ្ងៃអាទិត្យ ថា ប៉ូឡូញ នៅតែ​មិនទាន់បាន​ស្នើសុំ​ការអនុញ្ញាត នាំចេញ​រថក្រោះ​ផលិត​ដោយ​អាល្លឺម៉ង់ នៅឡើយ​។ លោកស្រី រដ្ឋមន្ដ្រី បាន​ប្រាប់​ដល់​ទូរទស្សន៍​បារាំង LCI TV ថា «​សម្រាប់​ពេលនេះ សំណួរ​មិន​ត្រូវបាន​សួរ​ទេ ប៉ុន្តែ​ប្រសិនបើ​យើង ត្រូវបាន​គេ​សួរ យើង​នឹងមិន​រារាំង​នោះដែរ​»​។​

​លោក ម៉ា​ទូ​ស ម៉ូ​រ៉ាវី​ក​គី (Mateusz Morawiecki) នាយករដ្ឋមន្ដ្រី​ប៉ូឡូញ បាន​ថ្លែង កាលពី​ថ្ងៃ​ចន្ទ ថា រដ្ឋាភិបាល​ក្រុង​វ៉ា​សា​វី នឹងធ្វើ​សំណើសុំ​សិទ្ធិ​នាំចេញ​រថក្រោះ Leopard ផលិត​ដោយ​អាល្លឺម៉ង់ ទៅកាន់​ក្រុង​ប៊ែ​រ​ឡាំង​។ ប៉ុន្ដែ​លោកនាយក​រដ្ឋមន្ដ្រី បានបញ្ជាក់ ថា ប៉ូឡូញ នឹង​បញ្ជូន Leopard 2 ជាច្រើន​គ្រឿង បញ្ចេញ​ពី​ឃ្លាំង​ស្ដុក​អាវុធ​របស់ខ្លួន នាំទៅ​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ប្រសិនបើ​ក្រុង​ប៊ែ​រ​ឡាំង មិន​អនុញ្ញាត​។

​លោកនាយក​រដ្ឋមន្ដ្រី​ប៉ូឡូញ បាន​សង្កត់ធ្ងន់ ថា «​នៅ​ទីបំផុត បើទោះជា​យើង​មិន​ទទួលបាន​ការអនុញ្ញាត​យ៉ាងណាក៏ដោយ នៅក្នុង​ក្របខ័ណ្ឌ​ក្រុមចម្រុះ​តូច​មួយ​... យើង​នឹង​នៅតែ​ប្រគល់​រថក្រោះ​របស់​យើង រួម​ជាមួយនឹង​ប្រទេស​ផ្សេងៗ​ទៀត បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​»​។​

​លោក ចូសេប ប័​រ​រ៉ែ​ល (Josep Borrell) ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប បានបញ្ជាក់ ថា «​អាល្លឺម៉ង់ មិនគួរ​បញ្ឈប់​បណ្ដា​ប្រទេស​អឺរ៉ុប នាំចេញ​រថក្រោះ Leopard 2 ទៅ​ជួយ​អ៊ុយ​ក្រែ​ន នោះឡើយ​។ ចំណែក​ការពិភាក្សា អំពី​កិច្ច​គាំទ្រ ជួយ​ដល់​អ៊ុយ​ក្រែ​ន នឹងមិន​គួរ​នៅតែ​វិលវល់ ជុំវិញ​បញ្ហា​រថក្រោះ​ទេ​»​។​

​អ្នកនាំពាក្យ រដ្ឋាភិបាល​អាល្លឺម៉ង់ បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា ក្រុង​ប៊ែ​រ​ឡាំង នៅ​មិនទាន់​ទទួលបាន​សំណើសុំ​សិទ្ធិ​នាំចេញ​រថក្រោះ Leopard 2 ណាមួយ​នៅឡើយ​។​

​អស់​រយៈពេល​២​ទៅ​៣​ខែ​កន្លងមកនេះ ក្រសួងការពារជាតិ​អាល្លឺម៉ង់ បាន​ចងក្រង​បញ្ជី​ឈ្មោះ​រថក្រោះ Leopard គ្រប់​ម៉ូ​ដែល​របស់ខ្លួន ដែល​ប្រទេស​មហា​សេដ្ឋកិច្ច​កំពូល នៅ​អឺរ៉ុប​មួយ​នេះ មាន ដោយ​រា​ប់ប​ញ្ជូ​ល​ទាំង រថក្រោះ​ដែល​អាច​នឹងត្រូវ​ផ្គត់ផ្គង់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ផងដែរ​។​

​សារព័ត៌មាន​របស់​អា​ល្លឺ​ម៉​ង់ Der Spiegel (​ឌឺរ ស្ពៀ​ហ្គែ​ល​) បាន​រាយការណ៍ កាលពី​ថ្ងៃទី​២១ ខែមករា ដោយ​ដកស្រង់​ប្រភព​នានា ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ថា ក្រសួងការពារជាតិ​អាល្លឺម៉ង់ ជឿ ថា រថក្រោះ Leopard 2A5 ចំនួន​១៩​គ្រឿង សមល្មម នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​៕​